ខេត្តត្បូងឃ្មុំ៖ នារីម្នាក់ឈ្មោះ អឿន ស្រីម៉ាច អាយុ២៥ឆ្នាំ ព្រោះតែខឹងម្តាយបង្កើត និងម្តាយមីងមិនឲ្យយកប្តី បានសម្រេចចិត្តលេបថ្នាំពុល សម្លាប់ខ្លួន ។ រីឯម្តាយនារីរងគ្រោះ ព្រោះតែឃាត់កូនស្រីមិនស្តាប់ ក៏រត់ទៅចងក ប៉ងសម្លាប់ខ្លួន តែត្រូវអ្នកជិតខាងជួយទាន់ពេលវេលា ។
ហេតុការណ៍ដ៏ចម្លែកនេះបានកើតឡើងនៅវេលាម៉ោង១៨ល្ងាចទី២ ខែឧសភា ឆ្នាំ២០១៦ នៅភូមិត្រពាំងឫស្សី ឃុំរកាពប្រាំ ស្រុក-ខេត្តត្បូងឃ្មុំ ។ យុវនារីដែលលេបថ្នាំត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យខេត្តកំពង់ចាម ហើយបានដាក់ខ្យល់ស្លាប់នៅវេលាម៉ោង២៣ ថ្ងៃដែល ។
ប្រភពពីអាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា ព្រលប់ថ្ងៃកើតហេតុ គេឮសូរសំឡេងម្តាយ និងកូនស្រីឈ្លោះប្រកែកគ្នាលើផ្ទះ ដោយសារតែឈ្មោះ អឿន ស្រីម៉ាច ភេទស្រី អាយុ២៥ឆ្នាំ បានសុំឲ្យម្តាយបង្កើត និងម្តាយមីងរបស់ខ្លួនរៀបការនាង និងកំលោះម្នាក់ ដែលនាងស្រឡាញ់ ហើយបុរសនោះធ្លាប់បានចូលស្តីដណ្តឹងនាងម្តងរួចមកហើយ ។ នៅក្នុងពេលឈ្លោះប្រកែកគ្នានោះ ម្តាយនាង និងម្តាយមីង នៅតែប្រកាន់ជំហរមិនព្រមឲ្យនាងរៀបការនោះឡើយ ។
ពេលនោះ នាងស្រីម៉ាច បានប្រាប់ម្តាយ និងម្តាយមីងថា «បើម៉ែឯងមិនចូលរួមការទេ ខ្ញុំនឹងលេបថ្នាំសម្លាប់ខ្លួនហើយ» ពេលនោះគេឮស្ត្រីជាម្តាយបានឆ្លើយឆ្លងទៅកូនវិញថា «បើឯងលេបថ្នាំ ម៉ែក៏ចងកសម្លាប់ខ្លួនដែរ» ។
ពេលឮម្តាយប្រកែកមិនចុះសម្រុងដូច្នេះ នាងស្រីម៉ាច បានរត់ចូលបន្ទប់ហើយបិទទ្វារ ។ ឃើញដូច្នោះ ម្តាយក៏បានរត់ទៅចងក ដើម្បីសម្លាប់ខ្លួនដែរ ។ ពេលមានការភ្ញាក់ផ្អើលដល់អ្នកជិតខាង និងម្តាយមីងរបស់នាងស្រីម៉ាច បានជួយសង្គ្រោះស្ត្រីជាម្តាយដែលរត់ទៅចងកបានទាន់ពេល ។
បន្ទាប់មក អ្នកជិតខាងបានទម្លាយទ្វារចូលបន្ទប់ដើម្បីជួយសង្គ្រោះនាងស្រីម៉ាច ដែលកំពុងប្រកាច់បែកពពុះមាត់ ហើយបានដឹកនាំទៅមន្ទីរពេទ្យខេត្តកំពង់ចាម ប៉ុន្តែនាងបានស្លាប់ទៅហើយ ដោយសារថ្នាំបានជ្រាបសព្វខ្លួនប្រាណនាងទៅហើយ ដែលធ្វើឲ្យគ្រូពេទ្យមិនអាចជួយសង្គ្រោះបាន ។
សពនាងក្រមុំត្រូវបានសាច់ញាតិដឹកយកទៅធ្វើបុណ្យតាមប្រពៃណីក្រោមដំណក់ទឹកភ្នែកវិប្បដិសារីរបស់ស្ត្រីជាម្តាយ ៕
ដោយ៖ ហេង សូរិយា