ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៥ ខែឧសភាឆ្នាំ២០២២ លោកស្រី ឈុន ដាវី ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមផ្តន្ទាទោសជនជាតិចិនម្នាក់ឈ្មោះ ZHANG ZHI QIANG ភេទប្រុស អាយុ៣២ឆ្នាំ កាន់លិខិតឆ្លងដែន E89753382 ដាក់ពន្ធនាគារកំណត់ចំនួន១០ឆ្នាំ ពិន័យប្រាក់ចំនួន៣០លានរៀលបង់ចូលថវិការដ្ឋ ក្រោមការចោទប្រកាន់ពីបទ. ជួញដូរ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន៦០ដបទម្ងន់ ជាង៥គីឡូ។
កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១៤:៣០នាទី កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន (ក១០) លោកដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា និងលោកវរសេនីយ៍ឯក យឹម សែនឧត្តម នាយករងមន្ទីរ បានសហការជាមួយគយ និងរដ្ឋាករប្រចាំឃ្លាំងទំនិញ (CARGO) នៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ព្រមទាំងមានការសម្របសម្រួលពីលោក សេង ហៀង ព្រះរាជអាជ្ញារងនៃ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការត្រួតពិនិត្យកញ្ចប់បញ្ញើមិនប្រក្រតី ដែលផ្ញើពីទីក្រុង JOHANNESBURG ប្រទេសអាហ្វ្រិកខាងត្បូង ចូលមកកម្ពុជា តាមរយ:ក្រុមហ៊ុន DHL ដែលបង្កប់លាក់សារធាតុញៀន(រាវ)ប្រភេទ កេតាមីន( KETAMINE ) ក្នុងដបជរ័ពណ៌ស ម៉ាក ALOE GEL ចំនួន ៦០ដប មានទម្ងន់ ១០គីឡូក្រាម (គិតទាំងសំបក)។វត្ថុតាងចាប់យកបានរួមមាន៖ សារធាតុញៀន កេតាមីន(KETAMIE) ៦០ដប ទម្ងន់សុទ្ធ ៥ គ.ក្រ ១៣៤.២០ក្រាម៕
ដោយ រ៉ារ៉ា