ជនទីទ័លក្រ ១គ្រួសារទៀត រស់នៅស្រុកកងមាស ទទួលបានផ្ទះមនុស្សធម៌បន្ទាប់ទី៩ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម

ចែករំលែក៖

ខេត្ត​កំពង់ចាម​៖​ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត នៅព្រឹកថ្ងៃពុធ ទី២៥ ខែឧសភា ឆ្នាំ២០២២នេះ បាននិមន្ត និងអញ្ជើញរួមដំណើរដោយ ព្រះវត្តមាន ព្រះបាឡាត់គណខេត្ត ព្រះមន្ត្រីសង្ឃ លោក លោកស្រី​ អនុប្រធាន គណៈកម្មាធិការសាខា ក្រុមការងារប្រតិបត្តិសាខា អនុសាខា អាជ្ញាធរមូលដ្ឋាន និងមន្រ្តីពាក់ព័ន្ធ ចុះប្រគល់ផ្ទះបន្ទាប់ទី៩ ជាកម្មវិធីផ្ទះមនុស្សធម៌ខេត្ត ក្រោមកិច្ចសហការរវាងសាខាកាកបាទក្រហមកម្ពុជា ខេត្ត និង សាលាគណខេត្ត ជូនគ្រួសារលោក វ៉ន វុធ អាយុ៤៦ឆ្នាំ ជាពលរដ្ឋទីទ័លក្រលំបាក ប្រភេទក្រ១ រស់នៅ ភូមិទួលវិហារ ឃុំរាយប៉ាយ ស្រុកកងមាស ខេត្តកំពង់ចាម។

គួររំលឹកថា លោក វ៉ន វុធ ជាប្រជាជនដែលទីទ័លក្រលំ ១គ្រួសារ ស្ថិតក្នុងប្រភេទ ក្រ១ និងមានជំងឺហឺតប្រចាំកាយ ហើយប្រពន្ធ ក៏មានជំងឺទឹកនោមផ្អែមផងដែរ ហើយសព្វថ្ងៃត្រូវ រ៉ាប់រងមើលថែចៅតូចៗ ចំនួន ២នាក់ ដែលឪពុកម្តាយរបស់ពួកគេបានលែងលះគ្នា។ ពួកគាត់ពុំមានមុខរបរជាទីពឹងនោះទេ គឺរស់នៅពឹងតែលើកូនដែលធ្វើការនៅភ្នំពេញផ្តល់អោយ ខណ:ដែលជីវភាពពួកគេក៏ជួបការខ្វះខាត ម៉្យាងត្រូវចិញ្ចឹមប្អូនៗ ៣នាក់ ផ្សេងទៀត។ ប៉ុន្មានឆ្នាំមកនេះ ដោយសារលំបាកជីវភាពលោកពូ និងប្រពន្ធ ក៏បានដាច់ចិត្តលក់ដីភូមិរបស់ខ្លួន នៅជាប់នឹងដីរបស់បងនេះ គ្រាន់ព្យាបាលជំងឺ និងដើម្បីដោះស្រាយជីវភាពគ្រួសារ។

អ្វីដែលអាណិតអាសូរបំផុតនោះគឺ ២នាក់ ប្តីប្រពន្ធ និងចៅ ត្រូវប្រឈមនឹងកង្វះទីជម្រក ហើយបង្ខំចិត្តសុំដីបង ដែលរស់នៅក្បែរគ្នានោះ ធ្វើកូនខ្ទម ដែលមានដំបូលប្រកស្លឹកត្នោត និងជញ្ជាំងចាស់ទ្រុឌទ្រោម រយីករយាក គ្រាន់ស្នាក់នៅជាទីជម្រក។

មើលឃើញពីស្ថានភាពដ៏លំបាកនេះ បងប្រុស ឈ្មោះ វ៉ន វ៉ាន់ បានសម្រេចចែកកន្ទុយដី ទំហំ ១០ម៉ែត្រ​ គុណ​នឹង​១២ម៉ែត្រ​ ជាដីស្រែ នៅចម្ងាយពីរោងចាស់ប្រមាណ ៧០ ម៉ែត្រ ជូនគ្រួសារលោកពូ ជាកម្មសិទ្ធិ ហើយលោក អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខា ក៏បានសម្រេចផ្តល់ជូនផ្ទះឈើខ្ពស់ផុតពីដី ប្រក់ស័ង្កសីភ្លីធំ (ទំហំ៤ម៉ែត្រ​ គុណ​នឹង​៦ម៉ែត្រ​) ១ខ្នង តម្លៃប្រមាណ ១០,០០០,០០០ រៀល ជាថវិកាបដិភាគ របស់សាខា សាលាគណ អនុសាខាស្រុកសាលាអនុគណ ចៅអធិការវត្តទូទាំងស្រុកកងមាស និងសប្បុរសជន ជូនលោក វ៉ន វុធ និងគ្រួសារ ជាទីជម្រកសម្រាប់ស្នាក់នៅតទៅ។

ក្នងឱកាសនោះ លោក អ៊ុន ចាន់ដា បានក្រើនរំលឹកប្រាប់ដល់អ្នកចូលរួម និងប្រជាពលរដ្ឋទាំងអស់ថា ពិតមែន ស្ថានភាពនៃការឆ្លងជម្ងឺកូវីដ-19 មានសភាពធូរស្រាល បង្កឱកាសអោយបើកប្រទេសឡើងវិញ ហើយថ្មីៗ នេះ រាជរដ្ឋាភិបាល បានដកចេញនូវកាតព្វកិច្ចម៉ាស់ តាមទីសាធារណ:យ៉ាងណាក្តី តែយើងម្នាក់ ៗ នៅតែ ត្រូវខិតខំថែទាំសុខភាព ការពារខ្លួនអោយបានជាប្រចាំ ដោយមិនត្រូវ មើលស្រាល បានឡើយ ពិសេស ត្រូវបន្តអនុវត្ត អោយបានខ្ជាប់ខ្ជួន នូវ វិធានសុខាភិបាល ” ៣ការពារ ៣កុំ ” និង ជំរុញការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-19 ទាំងដូសមូលដ្ឋាន និង ដូសជំរុញ ឱ្យ​បានគ្រប់ៗគ្នា ដែលជួយអោយសហគមន៍មានភាពស៊ាំ ដោយបន្តរស់នៅធម្មតាតាមគន្លងប្រក្រតីភាពថ្មី ផង និង ជួយការពារសរីរាង្គរបស់យើង ទប់ស្កាត់ការវាយលុកពីពពួកបម្លែងខ្លួនថ្មី កូវីដ-19 ផងដែរ។

ដើម្បីជួយសម្រាលជីវភាពរស់នៅ , សាខា បានផ្តល់សម្ភារ គ្រឿង ឧបភោគ បរិភោគ ជូនគ្រួសារ លោកពូ វ៉ន វុធ សម្រាប់សង្កត់ផ្ទះថ្មីនេះ រួមមាន អង្ករ ៥០គក្រ ត្រីខ ២០កំប៉ុង, ទឹកត្រី ១២ដប , ទឹកស៊ីអ៊ីវ ១២ដប, មី ២កេស, ឃីត ២សម្រាប់, អាវយឺត ១២, ម៉ាស់ ២ ប្រអប់ , ចង្ក្រាន១, សម្ភារផ្ទះបាយមួយចំនួន និង ថវិកា ២០០,០០០រៀល៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print