ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ បានបញ្ជាក់ថា ការបោះឆ្នោតនាពេលខាងមុខនេះគឺនៅឆ្នាំ២០២៣ សម្តេចនៅតែបន្តជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់គណបក្សប្រជាជនកម្ពុជាដដែល។
ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន បានប្រកាសជាថ្មី ឆ្លើយតបនឹងសំនួរអ្នកកាសែតអំពីបេក្ខភាពនាយករដ្ឋមន្ត្រីអនាគតសម្រាប់គណបក្សប្រជាជនកម្ពុជា ដោយសម្តេចបានបញ្ជាក់ថា អាចប្រព្រឹត្តិទៅនៅពេលណានោះ នៅមិនទាន់ច្បាស់នៅឡើយទេ។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា បើ ហ៊ុន ម៉ាណែត មិនល្អ ឬមិនស័ក្តិសមសម្រាប់បេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេន ក៏គ្មានការឯកភាពផ្ទៃក្នុងបក្សដែរ។ សម្តេចបញ្ជាក់ថា «បើកូនខ្ញុំមិនល្អ ក៏គ្មានការសម្រេចឯកភាពសម្រាប់បេក្ខភាពបន្តវេនដែរ…។ បើកូនខ្ញុំមិនកើត ខ្ញុំមិនអនុញ្ញាតឱ្យកូនគាត់មកបំផ្លាញគណបក្សប្រជាជនកម្ពុជា ដែលមានភាពចាស់ទុំ និងពលីកម្មគ្រប់បែបយ៉ាងដើម្បីជាតិ ប្រជាជន និងទឹកដីកម្ពុជានោះទេ»។
សម្តេចតេជោ ហ៊ុន សែន ប្រកាសថា «ទោះហ៊ុន ម៉ាណែត ឬមិន ហ៊ុន ម៉ាណែត ជាបេក្ខភាពបន្តវេនក៏ដោយ វាអាស្រ័យលើការបោះឆ្នោតរបស់ប្រជាជនឯណោះទៅវិញទេ។…បើបក្សប្រជាជនកម្ពុជាចាញ់ឆ្នោត វាមិនត្រឹមតែបាត់ ហ៊ុន ម៉ាណែត ម្នាក់ឯងឡើយ ហ៊ុន សែន ក៏បាត់ដូចគ្នា ដូច្នេះមុននឹងមានការតិះទានលើបញ្ហានេះ សូមមើលឱ្យបានច្បាស់ពីទិដ្ឋភាពជាក់ស្តែង និងការប្រព្រឹត្តិទៅរបស់កម្ពុជាជាមុនសិន»។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុ ន សែន ប្រកាសទៅអ្នកតិះទានរឿងបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេនសម្រាប់គណបក្សប្រជាជនកម្ពុជា គឺលោក ហ៊ុន ម៉ាណែត សូមអញ្ជើញបន្តតិះទានបន្តទៅទៀតចុះ តែសម្រាប់កម្ពុជា គឺអ្វីៗត្រូវធ្វើឡើងតាមរយៈការបោះឆ្នោតដ៏ត្រឹមត្រូវ និងទៀតទាត់ តាមបែបប្រជាធិបតេយ្យ សេរី ពហុបក្ស ។
ដោយឡែក លោកបណ្ឌិត ហ៊ុន ម៉ាណែត ធ្លាប់មានប្រសាសន៍ថា, គណបក្សប្រជាជនកម្ពុជា ជាគណបក្សដែលមានការអភិវឌ្ឍ និងរីកចម្រើនរឹងមាំឥតឈប់ឈរ ដោយមានមូលដ្ឋានពីស្មារតីសាមគ្គីភាព ការតម្កល់ផលប្រយោជន៍ជាតិជាធំ និងមានគោលនយោបាយមុតស្រួច ជាមួយនឹងភាពបត់បែន សំដៅធ្វើយ៉ាងណារក្សាឱ្យបាននូវបុព្វហេតុតែមួយគត់ និងឥតងាករេពីមួយជំនាន់ទៅមួយជំនាន់ គឺការបម្រើផលប្រយោជន៍ប្រជាជន និងអភិឌ្ឍប្រទេសជាតិ។
លោកបណ្ឌិត ហ៊ុន ម៉ាណែតអះអាងថា គណបក្សប្រជាជនកម្ពុជាបានផ្តល់នូវភាពកក់ក្តៅជូនសមាជិក សមាជិកា ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេស តាមរយៈការរក្សានូវគុណតម្លៃកេរ្តិ៍ឈ្មោះរបស់ខ្លួនជាអ្នកដែលប្រជាពលរដ្ឋស្រលាញ់ និងជឿជាក់ចំពោះឆន្ទៈ និងសកម្មភាព ដូចដែលបានអនុវត្តកន្លងមក ក្នុងនាមជាស្ថាបនិកនៃសន្តិភាព អ្នកការពារស្ថិរភាព អគ្គមគ្គទេសក៍នៃការអភិវឌ្ឍ ដែលស្ថិតនៅជាប់នឹងប្រជាពលរដ្ឋគ្រប់កាលៈទេសៈ។
ទន្ទឹមនឹងនេះ គណបក្សកំពុងបន្តជំរុញការអភិវឌ្ឍ និងទំនើបកម្មសមត្ថភាពរបស់ខ្លួនឱ្យបានធំធេងលើមូលដ្ឋាននៃចំណេះដឹង និងបទពិសោធន៍ ដែលមានជាង៧០ ឆ្នាំកន្លងមកនេះ ដើម្បីធានាក្នុងការបម្រើប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ និងមានប្រសិទ្ធភាពថែមទៀត។ លើសពីនេះគណបក្សប្តេជ្ញាដាច់ខាតបន្តថែរក្សាសន្តិភាព ស្ថិរភាព និងផ្តល់ឱកាសបង្កលក្ខណៈឱ្យគ្រប់គ្នាបានទទួលផល និងក្តីសង្ឃឹមទាំងពេលបច្ចុប្បន្ន និងអនាគត សម្រាប់ប្រយោជន៍ខ្លួនឯង សង្គមគ្រួសារ និងសង្គមជាតិ៕
ដោយ : សិលា