ប្រសិនបើនៅតែបែបនេះ វិបត្តិនយោបាយនៅក្នុងប្រទេសអីុរ៉ាក់អូសបន្លាយនោះ ក្រុមឧទ្ទាមនិងមានកម្លាំងកាន់តែខ្លាំងឡើង អាចគ្រប់គ្រងអីុរ៉ាក់ទាំងមូល។
ខាងសហភាពអឺរ៉ុប ក៏ដូចជាសហរដ្ឋអាមេរិក បានអំពាវនាវ ឲ្យអ្នកនយោបាយព្រមទាំងហ្វូងបាតុករ យកបញ្ហាមកដោះស្រាយដោយសន្តិវិធី ចៀសវាងការប្រើអំពើហិង្សា។ ព្រោះថាអំពើហិង្សា គឺអ៊ីុរ៉ាក់ បានហែលឆ្លងមកឆ្អែតឆ្អន់ហើយ។
តែបើតាមការសន្និដ្ឋានរបស់អ្នកវិភាគម្នាក់ឈ្មោះ Zaid Al-Ali បានយល់ថា វាជាការលំបាកណាស់ ក្នុងការធ្វើឲ្យតំណាងរាស្ត្រចាស់ៗរបស់អ៊ីរ៉ាក់ សុខចិត្តប្តូរផ្នត់គំនិត បោះបង់ចោលលាភសក្ការៈ ដែលបានមកពីប្រព័ន្ធពុករលួយ បក្សពួកនិយមនេះ។ ក៏ប៉ុន្តែចលនាបះបោរ បាតុកម្មតវ៉ា ក៏មិនទាន់ចប់ត្រឹមនេះដែរ។
អ្នកដែលចាំឆក់ឱកាស នៃការបែកបាក់ ប្រវាយប្រតប់គ្នានេះ គឺក្រុមជីហាដអង្គការរដ្ឋអ៊ីស្លាម។ ថ្វីត្បិតក្រុមនេះបាត់បង់កម្លាំងបន្តិចមែន តែបើប្រហែស ពួកភេរវកម្មដ៏សាហាវនេះ អាចនឹងសង្គ្រប់លើកងទ័ពអ៊ីុរ៉ាក់ ហើយដណ្តើមយកដែនដីគ្រប់គ្រងបានវិញ។ អ្វីដែលអ៊ីរ៉ាក់ ត្រូវការនាពេលនេះ គឺអំណាចនយោបាយរឹងមាំ មានប្រសិទ្ធិភាព ព្រោះពុំនោះទេអំពើភេរវកម្ម និងកើតមានជាប្រចាំ៕
ដោយ មែវ សាធី