ភ្នំពេញ៖ ផ្ទុះការចាប់អារម្មណ៍ខ្លាំងនៅព្រឹកថ្ងៃទី៣១ ខែឧសភានេះបន្ទាប់ពីតារាកំប្លែងលំដាប់ជួរមុខ នាយពែកមីប្រកាសត្រៀមចាកចេញពីស្ថាប័នទូរទស្សន៍សុីធីអិនក្រោមហេតុផលមានសម្ពាធនឹងការងារ ពិសេសលើការរឹតត្បិតខ្លាំងក្រោមការគ្រប់គ្រងរបស់អ្នកដឹកនាំថ្មី។ ការប្រកាសនេះបានធ្វើឱ្យគេចាប់អារម្មណ៍ក្រោយពីលោកពែកមីលើកឡើងថានឹងមានសិល្បករផ្សេងទៀតក៏ត្រៀមខ្លួនចាកចេញពីទូរទស្សន៍នេះផងដែរ។
គេដឹងថា បន្ទាប់ពីជ្រកក្រោមដំបូលទូរទស្សន៍ CTN ជាងមួយទសវត្សមក តារាកំប្លែងនាយពែកមី បានប្រកាសត្រៀមចាកចេញពីស្ថាប័នទូរទស្សន៍ធំមួយនេះទៅវិញក្រោមហេតុផលមានសម្ពាធការងារ ពិសេសលើការរឹតត្បិតខ្លាំងក្រោមការគ្រប់គ្រងរបស់មនុស្សថ្មី។ ការចាកចេញក៏ព្រោះតែរងសម្ពាធនិងមិនពេញចិត្តចំពោះការដឹកនាំរបស់អ្នកគ្រប់គ្រងថ្មី។ បន្ថែមពីនេះនាយពែកមីក៏បានបញ្ជាក់ថា មិនមែនមានត្រឹមតែរូបលោកទេដែលចាកចេញពីCTNនោះ គឺនៅមានតារាកំប្លែងមួយចំនួនទៀតផងដែរ។ តារាកំប្លែងរូបនេះបាននិយាយថា ខ្ញុំប្រហែលជាត្រូវឈប់ពីCTNហើយបងប្អូន ។ បើមិនក្រុមហ៊ុនដកចេញក៏ឈប់ខ្លួនឯងដែរ ដោយសារខ្ញុំមិនពេញចិត្តនឹងការដឹកនាំរបស់អ្នកគ្រប់គ្រងថ្មី ។ ខ្ញុំមិនចង់ចាកចេញពីCTNដែលជាផ្ទះជាកន្លែងផ្តល់កំណើតសិល្បៈឱ្យខ្ញុំទេ តែខ្ញុំសុខចិត្តចេញមុខតវ៉ាខ្លះនូវរឿងដែលរឹតត្បិតតឹងតែងពេក ធ្វើឱ្យបុគ្គលិកមានសម្ពាធ។សង្ឃឹមថា ការឈប់របស់ខ្ញុំ និង អ្នកកំប្លែងផ្សេងទៀតអាចធ្វើឱ្យអ្នកគ្រប់គ្រងថ្មីគាត់មានការបន្ធូរបន្ថយ
នូវច្បាប់ថ្មីដែលតឹងតែងរបស់គាត់ខ្លះ ដើម្បីបុគ្គលិកដែលនៅជាមួយគាត់បានសុខសប្បាយ មិនសូវមានសម្ពាធ សូមអរគុណ។
គួរបញ្ចាក់ដែរថា នាយពែកមី បានចូលរួមសម្តែងរួមក្រុមជាមួយតារាកំប្លែងជាច្រើនទៀតចាប់ពីឆ្នាំ២០០៩នៅស្ថានីយទូរទស្សន៍CTN ក្រោយជាប់ជាម្ចាស់ជ័យលាភីតាមរយៈកម្មវិធី«មហាកំប្លែង» ទើបតែពេលនេះទេដែលលេចចេញដំណឹងបែបនេះ៕