ភ្នំពេញ ៖ កម្លាំងអន្តរាគមន៍នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានធ្វើការដេញតាមឃាត់ខ្លួនជនសង្ស័យបានម្នាក់ក្នុងចំណោមបក្ខពួក២នាក់ ក្រោយពីលួចម៉ូតូប្រជាពលរដ្ឋបានសម្រេចកាលពីវេលាម៉ោង៨និង០០នាទីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ ត្រង់ចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ស្ថិតក្នុងភូមិបុរីកម្មករ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ សាន សំណាង ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរអាជីវករ មានទីលំនៅក្នុងភូមិធម្មត្រ័យ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ចំណែកជនសង្ស័យម្នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនបានមានឈ្មោះ មូ៉វ បញ្ញា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិធម្មត្រ័យ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
វត្ថុតាងចាប់យក៖ ម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ សេ៊រីឆ្នាំ២០១៥ ពាក់ស្លាកលេខភ្នំពេញ1DH-4276 មានលេខតួ និងលេខម៉ាស៊ីន 9437447 ចំនួន០១គ្រឿងជារបស់ជនរងគ្រោះ ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង៧និង៣០នាទីព្រឹក ឈ្មោះ សំណាង វណ្ណៈ ភេទប្រុស អាយុ១៧ឆ្នាំ ត្រូវជាកូនប្រុសបង្កើតរបស់ជនរងគ្រោះឈ្មោះ សាន សំណាង ភេទប្រុស អាយុ៤៣ឆ្នាំ បានជិះម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ សេ៊រីឆ្នាំ២០១៥ ចេញពីផ្ទះស្ថិតនៅភូមិធម្មត្រ័យ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ទៅរៀនគួរនៅផ្ទះឯកជនស្ថិតនៅភូមិបុរីកម្មករ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ហើយបានទុកម៉ូតូម៉ាកខាងលើនៅខាងមុខផ្ទះ ដោយពុំបានដកកូនសោចេញពីម៉ូតូទេ រួចក៏បានចូលទៅក្នុងផ្ទះរៀនគួរដូចសព្វដង ។ រហូតដល់វេលាម៉ោង៨និង០០នាទី ថ្ងៃខែឆ្នាំដដែលក៏មានជនសង្ស័យចំនួន២នាក់ ទី១-ឈ្មោះ មូ៉វ បញ្ញា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ ទី២-ឈ្មោះ វី ភេទប្រុស អាយុ២២ឆ្នាំ ជិះម៉ូតូម៉ាកស៊ុយហ្ស៊ុយគីនិច ពណ៌ផ្កាឈូកលាយស មិនស្គាល់ស្លាកលេខ មកធ្វើសកម្មភាពលួចយកម៉ូតូរបស់ជនរងគ្រោះដែលមានកូនសោនៅជាប់ម៉ូតូហើយបានបញ្ឆេះជិះគេចខ្លួន តែត្រូវឈ្មោះ សំណាង វណ្ណៈ បានឮសំឡេងម៉ូតូ និងលាន់ច្រវាក់ម៉ូតូស្គាល់ថាជាម៉ូតូរបស់ខ្លួន ក៏បានស្ទុះរត់ចេញមកខាងក្រៅឃើញជនសង្ស័យឈ្មោះ មូ៉វ បញ្ញា កំពុងបើកម៉ូតូរបស់ខ្លួនគេចខ្លួន និងបក្ខពួកម្នាក់ទៀតបានបើកម៉ូតូម៉ាកស៊ុយហ្ស៊ុយគីនិចគេចខ្លួនទៅជាមួយដែរ រួចឈ្មោះ សំណាង វណ្ណៈ ក៏បានស្រែកឆោឡោថា ចោរៗ ហើយក៏មានប្រជាពលរដ្ឋ និងសមត្ថកិច្ចដែលកំពុងជិះម៉ូតូល្បាតក្បែរនោះស្រាប់បានជួយធ្វើអន្តរាគមន៍ដេញតាមពីក្រោយរហូតដល់ផ្លូវទាល់ស្ថិតនៅភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ សមត្ថកិច្ចយើងក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ មូ៉វ បញ្ញា រួមនឹងវត្ថុតាង (ម៉ូតូរបស់ជនរងគ្រោះ) យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោតាមនីតិវិធីច្បាប់ ចំណែកជនសង្ស័យឈ្មោះ វី បានរត់គេចខ្លួនបាត់ ។
ក្រោយពីធ្វើការសាកសួរជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចយើ់ងថា រូបគេ (ជនសង្ស័យ) និងបក្ខពួកពិតជាបានធ្វើសកម្មភាពលួចយកម៉ូតូរបស់ជនរងគ្រោះប្រាកដមែន ទើបជនរងគ្រោះបានដាក់ពាក្យបណ្តឹងចំឈ្មោះជនសង្ស័យ និងបក្ខពួក ដើម្បីឱ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់តែម្តង ៕
ដោយ ៖ ភារ៉ា ដង្កោ