មន្រ្តីអគ្គនាយកដ្ឋាន ក.ប.ប. ប្រចាំខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ សហការចុះស្រាវជ្រាវករណីពុលអាហារនៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង

ចែករំលែក៖

ខេត្តបាត់ដំបង៖ បេី​យោង​តាមប្រភពព័ត៍មានពីអគ្គនាយកដ្ឋាន ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​) នៅព្រឹក​ថ្ងៃ​ពុធ​ទី​០១​ ខែមិថុនា​ ឆ្នាំ​២០២២នេះថា​៖ មន្ត្រីស៊ើបអង្កេតនៃសាខា ក.ប.ប ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី៣១ ខែឧសភាម្សិលមិញនេះ​ បាននាំយករថយន្តពិសោធន៍ចល័តផ្នែកម្ហូបអាហារ ចុះស្រាវជ្រាវករណីពុលអាហារដែលកើតឡើងនៅក្នុងវត្តសំរោងលើ ភូមិសំរោង ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។ ការចុះស្រាវជ្រាវនេះ ក៏មានការចូលរួមសហការពីកម្លាំងស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រដ្ឋបាលស្រុក និងកម្លាំងអធិការនគរបាលស្រុកគាស់ក្រឡផងដែរ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ មានព្រះសង្ឃ ពុទ្ធបរិស័ទ និងប្រជាពលរដ្ឋចំនួន៥២ អង្គ/នាក់ (ក្នុងនោះមានព្រះសង្ឃ០៥អង្គ) មានអាការៈចុកពោះ ក្អួតចង្អោរ និងរាគរូស ហើយត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីបានឆាន់និងបរិភោគបាញ់ហយ ដែលពុទ្ធបរិស័ទយកទៅប្រគេននិងជូន។

បន្ទាប់ពីទទួលបានព័ត៌មាននេះ មន្រ្តីអគ្គនាយកដ្ឋានក.ប.ប. សាខាខេត្តបាត់ដំបងនិងខេត្តបន្ទាយមានជ័យ ដោយមានកិច្ចសហការពីសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ ចុះស្រាវជ្រាវជាបន្ទាន់ ដើម្បីរកមូលហេតុដែលបណ្តាលឱ្យមានការពុលនេះ។

យោងលទ្ធផលវិភាគបឋមដោយរថយន្តមន្ទីរពិសោធនន៍ចល័ត ទៅលើគំរូអាហារដែលព្រះសង្ឃ និងពុទ្ធបរិស័ទឆាន់និងបរិភោគ បានបង្ហាញឱ្យឃើញថា៖ គំរូទឹកត្រីជ្រលក់ (ទឹកត្រីបាញ់ហយ) ត្រូវបានរកឃើញវិជ្ជមានសារធាតុ Salicylic Acid។

តាមលទ្ធផលខាងលើមន្ត្រីស៊ើបអង្កេតនឹងបន្តនីតិវិធីវិភាគ និងស្រាវជ្រាវពាក់ព័ន្ធនឹងវត្តមានសារធាតុ Salicylic Acid នៅក្នុងទឹកត្រីជ្រលក់នេះបន្ថែមទៀត៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print