ភ្នំពេញ : អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិនៅព្រឹកថ្ងៃទី 2 ខែមិថុនា ឆ្នាំ 2022 បានបញ្ជាក់ឱ្យដឹងថា, ក្រុមហ៊ុន Apple បានបិទកម្មវិធីដែលមិនគួរឱ្យទុកចិត្តចំនួន ១,៦លានពីការក្លែងបន្លំអ្នកប្រើប្រាស់នៅឆ្នាំ ២០២១ នេះបើយោងតាមទិន្នន័យវិភាគការក្លែងបន្លំថ្មីដែលត្រូវបានចែករំលែកដោយ Apple កាលពីម្សិលមិញនេះ។ ជាងនេះទៅទៀតក្រុមហ៊ុនក៏បានបញ្ឈប់ ប្រតិបត្តិការក្លែងបន្លំដែលមានចំនួនទឹកប្រាក់ជិត ១,៥ពាន់លានដុល្លារផងដែរ។
អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបន្តថា, ក្នុងយុទ្ធនាការនេះ គណនីអ្នកអភិវឌ្ឍន៍កម្មវិធីក្លែងបន្លំជាង ៨០០.០០០ ត្រូវបានបិទ ហើយក្រុមហ៊ុនបានច្រានចោលកម្មវិធីចំនួនជាង ៣៤.០០០ ដែលមានលួចបង្កប់ជាមួយនិងមុខងារផ្សេងៗ និងចំនួន ១៥៧.០០០ ទៀតដែលជាកម្មវិធី spam ឬ copycat។
អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា បានលើកឡើងថា, ដោយមើលឃើញពីហានិភ័យក្នុងការទាញយកកម្មវិធី ទើបនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាតែងតែធ្វើការក្រើនរំឭកដល់អ្នកប្រើប្រាស់ ឱ្យមានការប្រុងប្រយ័ត្នក្នុងការទាញយកកម្មវិធី ជាពិសេសកម្មវិធីដែលលោកអ្នកមិនត្រូវការចាំបាច់ ដោយសារតែកម្មវិធីទាំងនោះអាចធ្វើឱ្យទូរសព្ទរបស់លោកអ្នកមានដំណើរការយឺតហើយថែមទាំងអាចបង្កប់មកជាមួយនឹងកម្មវិធីមេរោគផងដែរ។ ម្យ៉ាងវិញទៀត សូមលោកអ្នកពិនិត្យការវាយតម្លៃរបស់អ្នកប្រើប្រាស់មុនពេលទាញយកកម្មវិធី និងសូមប្រយ័ត្នចំពោះការអនុញ្ញាតដែលបានស្នើសុំ (permission requested) ដោយកម្មវិធីកំឡុងពេលដំឡើង ជាពិសេសទាក់ទងទៅនឹងការស្នើសុំតាមដានទីតាំង៕