ជំនួបនាពេលថ្មីៗនេះរបស់រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov ជាមួយសមភាគី ៦ប្រទេសនៃកិច្ចសហប្រតិបត្តិការឈូងសមុទ្រ(GCC) ដើម្បីស្វែងរក ដំណោះស្រាយបំពេញរាល់ការខាតបង់សេដ្ឋកិច្ចបង្កឡើងដោយការដាក់ទណ្ឌកម្មរបស់បណ្តាប្រទេសលោកខាងលិច ។
វិវាទរវាងរុស្ស៊ីនឹងអ៊ុយក្រែនបានជះឥទ្ធិពលយ៉ាងខ្លាំងដល់វិស័យសេដ្ឋកិច្ចពិភពលោក ពិសេសគឺស្បៀងអាហារ និងថាមពលប្រេង ។ មិនត្រឹមតែប្រទេសរុស្ស៊ីឬអ៊ុយក្រែនប៉ុណ្ណោះដែលរងផលប៉ះពាល់ គឺប្រទេសនៅក្នុងតំបន់អារ៉ាប់ តំបន់ឈូងសមុទ្រ អឺរ៉ុប អាស៊ី… គឺរងផលប៉ះពាល់ដល់សេដ្ឋកិច្ច ខណៈដែលអាមេរិក និងអឺរ៉ុបបានបង្កើនការដាក់ទណ្ឌកម្មទៅលើប្រទេសរុស្ស៊ី ។ រុស្ស៊ី និងអ៊ុយក្រែន បានផលិតម្សៅមីរហូតដល់ទៅ៣០%នៃម្សៅមីសម្រាប់ប្រើប្រាស់នៅលើពិភពលោក។ មិនតែប៉ុណ្ណោះរុស្ស៊ី គឺជាប្រទេស១ក្នុងចំណោម១០ ប្រទេសដែលផលិតប្រេងច្រើនបំផុតនៅលើពិភពលោក និងជាសមាជិក OPEC។
រុស្ស៊ីគឺជាប្រទេសនាំប្រេងចេញលើទីផ្សារពិភពលោកច្រើនជាងគេបង្អស់ និងជាប្រទេសផលិតនិងនាំចេញឧស្ម័នហ្គាសធម្មជាតិច្រើនបំផុតលើពិភពលោក។មាន៣៦%នៃថាមពលប្រេងដែលអឺរ៉ុបប្រើប្រាស់គឺទិញពីប្រទេសរុស្ស៊ី។
ដូច្នេះហើយ ដំណើរទស្សនកិច្ចទៅកាន់តំបន់ឈូងសមុទ្ររបស់រដ្ឋមន្ត្រីការបរទេសរុស្ស៊ីគឺដើម្បីពង្រឹងទំនាក់ទំនងជាមួយបណ្តាប្រទេសតំបន់ឈូងសមុទ្រ ក្នុងពេលដែលអាមេរិកកំពុងតែដាក់គំនាបទៅលើប្រទេសក្នុងតំបន់នេះឱ្យចូលរួមដាក់ទណ្ឌកម្មរុស្ស៊ី ក៏ដូចជាបញ្ចេញប្រេងបន្ថែមដើម្បីបំពេញតម្រូវការនៅលើទីផ្សារសកល៕ ដោយធីរីណា
រូបថត : RT