ភ្នំពេញ : ប្រធានបញ្ជាការសន្តិសុខអចិន្ត្រៃយ៍ សម្តេចក្រឡាហោម សខេង និង ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ប្រាជ្ញ ចន្ទ នៅរសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២២ បានចេញសេចក្តីណែនាំស្តីពីការពង្រឹងសន្តិសុខ សុវត្ថិភាព សម្រាប់ព្រឹត្តិការណ៍បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។
អនុលោមតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ និងបទបញ្ជា និងនីតិវិធីសម្រាប់ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ក្នុងគោលបំណងធានាឲ្យដំណើរការនៃ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ប្រព្រឹត្តទៅដោយរលូន ស្ថិតក្នុង បរិយាកាសស្ងប់ស្ងាត់ ធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព គ្មានអំពើហិង្សា គ្មានការ គំរាមកំហែង គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និង គណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ ការបោះឆ្នោត (គ.ស.អ) ធ្វើការណែនាំដូចខាងក្រោម ៖
-គណបក្សនយោបាយ ឬ/និងបេក្ខជន មិនត្រូវធ្វើសកម្មភាពកៀរគរ ប្រមូលកម្លាំងពីរាជធានី ខេត្តណាមួយ ដើម្បីទៅធ្វើសកម្មភាពនៅរាជធានី ឬខេត្តផ្សេង ក្នុងចេតនាបង្កអសន្តិសុខ ធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម សំដៅបំផ្លាញយុទ្ធនាការឃោសនាបោះឆ្នោត និងការបោះឆ្នោតនោះឡើយ។
-គណបក្សនយោបាយ ឬ/និងបេក្ខជននិងប្រជាពលរដ្ឋ ត្រូវចូលរួមក្នុងកិច្ចការពារថែរក្សាបរិយាកាស សន្តិសុខសម្រាប់យុទ្ធនាការឃោសនាបោះឆ្នោត និងការបោះឆ្នោតឲ្យបានល្អប្រសើរ ដោយមិនត្រូវធ្វើសកម្មភាព ណាមួយដែលផ្ទុយពីគោលការណ៍នៃច្បាប់បោះឆ្នោត បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត ក្រមសីលធម៌សម្រាប់ គណបក្សនយោបាយ និងបេក្ខជនក្នុងដំណើរការបោះឆ្នោត ព្រមទាំងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងៗ ជាធរមាន។
គ.ជ.ប និង គ.ស.អ សង្ឃឹមយ៉ាងមុតមាំថា គ្រប់គណបក្សនយោបាយ បេក្ខជន ប្រជាពលរដ្ឋដែលមាន ឈ្មោះបោះឆ្នោត និងសាធារណជនទាំងអស់ អាជ្ញាធរមានសមត្ថកិច្ច និងគណៈកម្មការរៀបចំការបោះឆ្នោតព្រម ទាំងយន្តការ រចនាសម្ព័ន្ធនៃ គ.ស.អ គ្រប់លំដាប់ថ្នាក់ នឹងសហការអនុវត្តតាមសេចក្ដីណែនាំនេះ ប្រកបដោយ ស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីបង្កលក្ខណៈសម្បត្តិធានាបាននូវបរិយាកាសស្ងប់ស្ងាត់ គ្មានអំពើហិង្សា គ្មានការ គំរាមកំហែង និងមានសុវត្ថិភាពទាំងស្រុង សម្រាប់ព្រឹត្តិការណ៍បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ៕
ដោយ : សិលា