កំពង់ស្ពឺ៖ រឿងរ៉ាវប្រកាន់ទំនៀមទម្លាប់របស់ញាតិមិត្តបងប្អូនបានធ្វើអោយកំលោះក្រមុំមួយគូរដែលបានភ្ជាប់ពាក្យរួចទៅហើយនោះត្រូវបានផ្តាច់ទៅវិញព្រោះតែកូនក្រមុំជិះឡានទៅលេងជីដូនខាងកូនកម្លោះមុនរៀបការដែលប្រកានេះធ្វើអោយសាច់ញាតិខាងស្រីខឹងសម្បារយ៉ាងខ្លាំងរហូតឈានដល់ផ្តាច់ពាក្យនឹងគ្នា។
កូនកំលោះក្រមុំត្រូវបានស្គាល់មានឈ្មោះឆសមអាយុ១៩ឆ្នាំមានស្រុកកំណើតភូមិបឹងឃុំមៀនស្រុកព្រៃឈរខេត្តកំពង់ចាមចំណែកកូនកំលោះឈ្មោះផផនអាយុ៣០ឆ្នាំថ្ងៃអ្នកទាំងពីររស់នៅភូមិត្រស់សង្កាត់ស្វាយក្រវ៉ាន់ក្រុងច្បារមនខេត្តកំពង់ស្ពឺ។
ជួបជាមួយអ្នកយកពត៌មានយើងលោកជាវណ្ណាដែលជាឪពុករបស់កូនកំលោះបានរៀបរាប់ថារឿងកូនចៅស្រលាញ់លោកមិនបំបែកបំបាក់នោះទេព្រោះជាសិទ្ឋិរបស់កូនក្នុងនាមលោកជាឪពុកម្តាយគឺធ្វើអ្វីចង់អោយកូនមានសេចក្តីសុខក្នុងគ្រួសារ។លោកបានបន្តថាកូនរបស់លោកបានភ្ជាប់ពាក្យនៅថ្ងៃទី២៤ខែឧសភា២០១៥នៅផ្ទះខាងកូនក្រមុំឯឃុំព្រៃមៀនស្រុកព្រៃឈរខេត្តកំពង់ចាមដោយមានចាស់ទុំទាំងសងខាងចូលរួមនឹងដឹងលឺយ៉ាងច្រើនកុះករទៀតផង។
ក្រោយភ្ជាប់ពាក្យគឺកូនក្រមុំបានមករស់នៅផ្ទះបងស្រីរបស់នាងក្នុងភូមិជាមួយគ្នាជាធម្មតាលោកហើយលោកបានចាត់ទុកកូនស្រីនេះដូចកូនបង្កើតមិនដែលមានគំនិតបំបែកបំបាក់កូនមិនអោយជួបគ្នាឡើយ។ក្នុងនោះទៀតសោតគឺលោកបានទំនុកបំរុងទាំងការរៀនសូត្រនិងចំណាយផ្សេងៗទៀតជាច្រើនព្រោះតែលោកយល់ថារហូតដល់ឆ្នាំ២០១៦ឯណោះទើបពួកគេបានរៀបការនឹងគ្នា។រឿងរ៉ាវរហូតដល់មានការយល់ច្រឡំនេះគឺកាលពីថ្ងៃទី២០ខែមិថុនា២០១៥គាត់និងក្រុមគ្រួសារបាននាំអនាគតកូនប្រសារទៅលេងម្តាយរបស់លោកនៅភូមិដក់ពរឃុំវល្លិសស្រុកសំរោងទងដើម្បីអោយចៅបានស្គាល់គាប់ជួនថ្ងៃនោះភាគីខាងបងស្រីរបស់អនាគតកូនប្រសារមានរៀបចំពិធីបុណ្យខួបកំនើតកូនដែរតែនាងមិនបាននៅចូលរួមខួបកំណើតក្មួយទើបកើតទៅជារឿងបែបនេះ។
បញ្ហានេះហើយដែលធ្វើអោយបងស្រីរបស់អនាគតកូនប្រសារលោកធ្វើការតិះដៀលកូនប្រុសគាត់ជាច្រើនមិនតែប៉ុណ្ណោះបងស្រីរបស់នាងបានត្មិះតិះដៀលនាងនូវពាក្យអសុរោះជាច្រើនដែលសូម្បីតែរូបលោកជាឪពុកក៏មិនអាចទទួលយកបានដែរ។ដោយមិនចង់អោយកូនៗមានបញ្ហានឹងគ្នាគាត់បានអោយកូនប្រុសយកឡានជូនអនាគតកូនប្រសារមកផ្ទះបងស្រីវិញទាំងនាងមិនទាន់បាននៅនិយាយលេងជាមួយជីដូននៅឡើយ។ក្នុងបញ្ហានេះលោកក៏សូមច្រានចោលនូវពាក្យចចាមអារ៉ាមដែលថាកូនប្រុសរបស់លោកធ្វើសកម្មភាពរំលោភលើកូនក្រមុំហើយទើបមកភ្ជាប់ពាក្យជាក្រោយដើម្បីគេចវេះផ្លូវច្បាប់នោះជារឿងនេះគឺមិនពិតនោះ។
លោកជាវណ្ណាបានប្រាប់ទៀតថារឿងនេះកើតឡើងបានកន្លះខែដន្លងរបស់លោក(ម្តាយកូនស្រី)បានមកសួរនាំរឿងនេះពេលនោះដែរកូនប្រុសរបស់លោកបានឆ្លើយថាស្រាច់លើម៉ែទៅចុះគិតយ៉ាងម៉េចក៏បានដែរតែបើតាមខ្ញុំ(កូនកំលោះ)យើងផ្តាច់ពាក្យវិញក៏បានដែរព្រោះបងៗថ្លៃមើលងាយខ្ញុំណាស់ខ្ញុំមិនអាចទទួលយកបានទេ។ដោយសារតែរឿងនេះហើយទើបធ្វើអោយមានរឿងរកាំរកូសនឹងគ្នាមិនចេះចប់មិនចេះហើយពេលនេះទៀតសោតអនាគតកូនប្រសារក៏លែងចេញចូលផ្ទះលោកទៀតដែរ។
ហើយរឿងរ៉ាវយ៉ាណាទៀតនោះលោកមិនបានដឹងទេគ្រាន់តែលោកមិនចង់អោយកូនៗបែកគ្នាឡើយ។ចំពោះរឿងដែលថាលោកអាងខ្លួនជានគរបាលហើយអាងខ្នងជាតុលាការនោះវារិតតែផ្ទុយស្រឡះទាំងស្រុងក្នុងនាមលោកជាមន្រ្តីនគរបាលយុត្តិធម៌មួយរូបគឺលោកស្អប់ណាស់អំពើអយុត្តិធម៌រឿងអីលោកហ៊ានបណ្តោយអោយកូនធ្វើដល់ថ្នាក់នេះ?។
ចុងក្រោយលោកសូមសំណូពរអោយកូនទាំងពីរគិតសារជាថ្មីព្រោះវាជារឿងអនាគតរបស់ខ្លួនសូមកុំស្តាប់តាមការញុះញង់របស់អ្នកដ៏ទៃ។ព្រោះថានៅសល់តែប៉ុន្មានខែទៀតប៉ុណ្ណោះកូនៗអាចរៀបការនឹងគ្នាបានហើយ។
នៅថ្ងៃទី២៤កក្កដា២០១៥អ្នកយកពត៌មានយើងបានព្យាយាមចុះទៅរកជួបជាមួយសាមីខ្លួនក៏ដូចជាបងស្រីរបស់នាងដើម្បីស្វែងរកហេតុផលពិតប្រាកដដែរគឺនៅផ្ទះនៅភូមិត្រស់សង្កាត់ស្វាយក្រវ៉ាន់ដែរតែមិនបានជួបនរណាម្នាក់ឡើយឃើញតែផ្ទះចាក់សោទ្វាចោល៕សេនាស័ក្ត