ភ្នំពេញ៖ ប្រុសស្រី៣នាក់បានបើកម៉ូតូឌុបគ្នាគេចពីសមត្ថកិច្ចដាក់គោលដៅត្រួតពិនិត្យច្បាប់ចរាចរណ៍ ខណៈសមត្ថកិច្ចហៅឲ្យឈប់ ដើម្បីត្រួតពិនិត្យ តែមិនឈប់ហើយបានបើកទៅបុកបារ៉ាស់របស់សមត្ថកិច្ច មកដល់ក្បែរស្ពានលីយ៉ុងផាត់ ក៏ត្រូវសមត្ថកិច្ចឃាត់បាន។
ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង ជិត១០ព្រឹក ថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៦ នៅចំណុចមុខសាលាសង្កាត់បាក់ខែង តាមបណ្តោយផ្លូវជាតិលេខ៦ ភូមិក្តីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា ។
សមត្ថកិច្ចនគរបាលបានឲ្យដឹងថាមនុស្សប្រុសស្រី៣នាក់ដែលកម្លាំងសមត្ថកិច្ចឃាត់ខ្លួននោះ ទី១ ឈ្មោះអែម អាត ភេទ ប្រុស អាយុ២៥ឆ្នាំ មុខរបរ កម្មកររោងចក្រ, ទី២ ឈ្មោះវ៉ាន់ រស់ ភេទស្រី អាយុ ២៦ឆ្នាំ មុខរបរកម្មការីនីរោងចក្រ (អ្នកទាំង ០២គឺជាប្តីប្រពន្ធ) និងទី៣ ឈ្មោះ ប្រាង ប៊ុនហេង ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មកររោងចក្រ អ្នកទាំង៣នាក់ ស្នាក់នៅភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ មានស្រុកកំណើតនៅខេត្តត្បូងឃ្មុំ ។
ប្រពភព័ត៌មានពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតកម្លាំងសមត្ថកិច្ចយើងបាននិងកំពុងចុះត្រួតពិនិត្យច្បាប់ចរាចរណ៍ស្រាប់តែបានប្រទះឃើញមនុស្សប្រុសស្រី ៣នាក់ បានជិះម៉ូតូមួយគ្រឿងម៉ាក Pulsar ពណ៌ខ្មៅ អត់មានស្លាកលេខ និងពុំមានដាក់កញ្ចក់ និងពាក់មួកការពារទេ ហើយថែមទាំងបានជិះបុកបារ៉ាស់របស់សមត្ថកិច្ចយើងថែមទៀត ពេលនោះ កម្លាំងសម្ថកិច្ចយើងបានជិះម៉ូតូដេញតាមពីក្រោយ រហូតដល់ចំណុចស្ពានលីយ៉ុងផាត់ ទើបកម្លាំងសមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួន និងបានធ្វើការឆែកឆេរ ប៉ុន្តែមិនបានរកឃើញអ្វីនោះទេ ។
ក្រោយពេលកើតហេតុអ្នកទាំង៣នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលអន្តរាគមន៍ក្រុងបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីសាកសួររកលិខិតស្នាមសំគាល់ម៉ូតូ៕
ដោយ៖ ជ្រោយពេជ្រ
...