ជប៉ុនដើរតួនាទីយ៉ាងសំខាន់មួយនៅក្នុងបញ្ហាសង្គ្រាមនៅប្រទេសអ៊ុយក្រែន ហើយជប៉ុនក៏បានចូលរួមជាមួយប្រទេសលោកខាងលិច ដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ីដែលធ្វើសង្គ្រាមវាយប្រហារអ៊ុយក្រែន ។ ជាមួយគ្នានោះជប៉ុនក៏បានផ្តល់ជំនួយដល់ពលរដ្ឋអ៊ុយក្រែនដែលរងគ្រោះផងដែរ។
នៅពេលនេះនាយករដ្ឋមន្រ្តីជប៉ុន លោក Fumio Kishida ទំនងជានឹងចូលរួមក្នុងកិច្ចប្រជុំកំពូលនៃក្រុមមេដឹកនាំអង្គការ NATO នៅចុងខែមិថុនានេះ ដើម្បីជំរុញកិច្ចសម្របសម្រួលជាមួយក្រុមប្រទេសលោកខាងលិច ជុំវិញការឈ្លានពានរបស់រុស្ស៉ីលើអ៊ុយក្រែន។
យោងតាមប្រភពដដែល សារព័ត៌មានជប៉ុន Kyodo បានបន្តថា លោក Kishida នឹងធ្វើការសម្រេចចិត្តចុងក្រោយនៅពេលក្រោយ ដោយគិតពីស្ថានភាពនយោបាយមុនការបោះឆ្នោតសភាជាន់ខ្ពស់។ វត្តមានរបស់លោក Kishida នៅក្នុងកិច្ចប្រជុំកំពូល NATO នឹងត្រូវបានស្វាគមន៍ថាជា ការបញ្ជូនសារដ៏រឹងមាំមួយនៃសាមគ្គីភាពអន្តរជាតិស្តីពីវិបត្តិអ៊ុយក្រែន។
ទោះជាយ៉ាងណា អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុនបាននិយាយថា ក្រុមមន្ត្រីនឹងមិនអាចធ្វើអត្ថាធិប្បាយ លើរបាយការណ៍របស់សារព័ត៌មានជប៉ុន Kyodo បានមុនថ្ងៃចន្ទសប្ដាហ៍ក្រោយនោះទេ។
គួរបញ្ជាក់ថា កិច្ចប្រជុំកំពូល NATO នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ និងថ្ងៃទី៣០ ខែមិថុនាខាងមុខនេះ នៅក្នុងរដ្ឋធានីម៉ាឌ្រីដ (Madrid) នៃប្រទេសអេស្ប៉ាញ។ អង្គការ NATO បានអញ្ជើញប្រទេសជប៉ុនឱ្យចូលរួមក្នុងកិច្ចប្រជុំកំពូលនេះ រួមជាមួយនឹងអូស្ត្រាលី នូវែលហ្សេឡង់ និងកូរ៉េខាងត្បូង ដែលជាដៃគូរបស់ខ្លួននៅក្នុងតំបន់អាស៉ី-ប៉ាស៉ីហ្វិកផងដែរ៕ ដោយធីរីណា
រូបថត :TTXVN-VNA