ខេត្តកំពង់ធំ៖ ព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ ២០១៦ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ចើញចុះបំពេញបេសកកម្ម នៅតាមបណ្តាខេត្តជុំវិញបឹងទន្លេសាប ដើម្បីត្រួតពិនិត្យ វាយតម្លៃ លើស្ថានភាពប្រឈមនឹងកង្វះខាតទឹកប្រើប្រាស់ប្រចាំថ្ងៃ របស់បងប្អូនប្រជាពលរដ្ឋ និងត្រួតពិនិត្យវឌ្ឍនភាពការអនុវត្តគម្រោងសាងសង់ហេដ្ឋារចនាសម្ព័នប្រព័ន្ធធារាសាស្ត្រនានា ។
នៅក្នុងដំណើរបំពេញបេសកកម្មនោះ លោករដ្ឋមន្ត្រី ក៏បានជួបសំណេះសំណាល និងដោះស្រាយនូវសំណូមពររបស់ក្រុមប្រឹក្សាឃុំ និងប្រជាពលរដ្ឋក្នុងឃុំច្រប់ ឃុំកកោះ និងឃុំតាំងក្រសាំង ស្រុកសន្ទុក ដោយសម្រេចផ្តល់ជូនក្នុងមួយឃុំ នូវស្រះទឹក ចំនួន ០១ កន្លែង ទំហំ ១០០ ម x ១០០ ម x ៣,៥០ម ។
បន្ថែមពីលើនេះ លោករដ្ឋមន្ត្រី ក៏បានណែនាំដល់អ្នកបច្ចេកទេសនៅតាមបណ្តាការដ្ឋាននានា ចំពោះរណ្តៅដីដែលការដ្ឋានបានជីកយកអាចម៍ដីទៅបម្រើឱ្យការសាងសង់ផ្សេងៗ គឺត្រូវតែធ្វើយ៉ាងណា កែលម្អរណ្តៅដីនោះឱ្យទៅជាស្រះទឹក សម្រាប់ជាប្រយោជន៍ដល់បងប្អូនប្រជាពលរដ្ឋប្រើប្រាស់បន្ថែមទៀត ៕
ដោយ៖ សុវណ្ណារ៉ា