ភ្នំពេញ៖ មនុស្សប្រុសស្រីចំនួន៣នាក់ជិះម៉ូតូមួយគ្រឿងឌុបគ្នាតាមដងផ្លូវត្រូវរថយន្តម៉ាកព្រូសបេីកមកពីក្រោយបុកបណ្តាលឱ្យធ្លាក់នារីម្នាក់ដែលអង្គុយខាងក្រោយទៅលើថ្នល់ ហើយភ្លាមៗនោះស្រាប់តែមានរថយន្តម៉ាកតាកូម៉ាមួយគ្រឿងទៀតធ្វេីដំណេីរស្របគ្នាមកពីក្រោយកិនបណ្តាលឱ្យរងរបួសធ្ងន់ហេីយបានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២២ នៅលេីកំណាត់ផ្លូវជាតិលេខ៣ ក្នុងភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះស្រស់ នីតា ភេទស្រីអាយុ១៧ឆ្នាំ មុខរបរកម្មការិនីរោងចក្រ មានស្រុកកំណេីតនៅស្រុកពារាំង ខេត្តព្រៃវែង។
ចំណែកជនបង្កជាជនជាតិចិនឈ្មោះ XU xueyonog ភេទប្រុស អាយុ៥៣ឆ្នាំ ស្នាក់នៅសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញម៉ូតូម៉ាកNex ពណ៌ស ពាក់ស្លាកលេខបាត់ដំបង1AM-0241 បេីកបរដោយបុរសម្នាក់ឌុបនារី២នាក់ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីត្បូងទៅជេីង ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តម៉ាកព្រូសមួយគ្រឿងមិនចាំស្លាកលេខធ្វេីដំណេីរមកពីក្រោយជ្រុលទៅបុកម៉ូតូបណ្តាលឱ្យនារីដែលអង្គុយខាងក្រោយធ្លាក់ទៅលើថ្នល់ភ្លាមនោះស្រាប់តែមានរថយន្តម៉ាកតាកូម៉ាពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ2AT- 8813 បេីកបរដោយបុរសជនជាតិចិនធ្វេីដំណេីរក្នុងទិសដៅស្របគ្នាបានជ្រុលទៅកិនជនរងគ្រោះបណ្តាលឱ្យរងរបួសធ្ងន់ រីឯរថយន្តព្រូសគេចខ្លួនបាត់។
បន្ទាប់មកជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកយកទៅមន្ទីរពេទ្យភ្លាមៗដែរតែជាអកុសលជនរងគ្រោះបានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។ ក្រោយកេីតហេតុសមត្ថកិច្ចបានចុះមកដល់និងបានទាក់ទងទៅជំនាញមកធ្វេីការវាស់វែងនាំយកម្ចាស់រថយន្តនិងរថយន្តរួមទាំងម៉ូតូទៅការិយាល័យចរាចរណ៍ជេីងគោករាជធានីភ្នំពេញរង់ចាំដោះស្រាយពេលក្រោយ។ ដោយឡែកសពត្រូវបានប្រគល់ទៅឱ្យក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី៕
ដោយ៖សុខាសែនជ័យ