ភ្នំពេញ៖ លោកបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល នៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២ បានកិច្ចប្រជុំរបស់គណៈកម្មាធិការបោះឆ្នោតជ្រើសរើស ប្រធាន អនុប្រធានការិយាល័យប្រជាពលរដ្ឋខេត្តកណ្តាល។ នេះបេីយោងតាមប្រភពព័ត៍មានពីរដ្ឋបាលខេត្តកណ្ដាល។
នាឱកាសនោះ លោកបណ្ឌិត ម៉ៅ ភិរុណ បានថ្លែងថា ប្រធាន អនុប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត ត្រូវបានជ្រើសរើសតាមការបោះឆ្នោត និងទទួលស្គាល់ដោយប្រកាសក្រសួងមហាផ្ទៃ ដែលមានអាណត្តិ៥ឆ្នាំ និងមានសិទិ្ធឈរឈ្មោះជាថ្មីម្តងទៀតនៅពេលចប់អាណត្តិ ។
លោកបណ្ឌិត បានបន្តថា គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីផ្សព្វផ្សាយអំពីសមាសភាព តួនាទីភារកិច្ច របៀបរបបការងាររបស់គណៈកម្មាធិការបោះឆ្នោត និងនីតិវិធីនៃការបោះឆ្នោតជ្រើសរើសប្រធាន អនុប្រធានការិយាល័យប្រជាពលរដ្ឋ ហើយកិច្ចប្រជុំនេះ ក៏ផ្សព្វផ្សាយផងដែរអំពីរចនាសម្ព័ន្ធ តួនាទីភារកិច្ចរបស់ការិយាល័យប្រជាពលរដ្ឋខេត្ត និងពិភាក្សាគ្នាអំពីកាលបរិច្ឆេទនៃការប្រកាសជ្រើសរើសប្រធាន អនុប្រធានការិយាល័យខេត្ត។
លោកប្រធានក្រុមប្រឹក្សា បានបន្ថែមថា ការិយាល័យប្រជាពលរដ្ឋខេត្ត មានតួនាទីភារកិច្ច និងសិទ្ធិអំណាច ដូចជា៖ ទទួលបណ្តឹងនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន សម្រំាងវាយតម្លៃបណ្តឹងដែលទទួលបាន បញ្ជូនបណ្តឹងមិនស្ថិតក្នុងសមត្ថកិច្ចទៅស្ថាប័នពាក់ព័ន្ធ ចាត់វិធានការស៊ើបអង្កេត និងលើកអនុសាសន៍អំពីវិធានការដោះស្រាយ និងតាមដានការអនុវត្តវិធានការដោះស្រាយ ផ្តល់ព័ត៌មានត្រឡប់អំពីលទ្ធផល នៃការដោះស្រាយបណ្តឹង រៀបចំយន្តការចាំបាច់នានាពាក់ព័ន្ធនឹងដំណើការទទួល និងសម្រុះសម្រួលដោះស្រាយបណ្តឹងដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន រៀបចំផែនការសកម្មភាព ថវិកា និងរបាយការណ៍។
លើសពីនេះទៀត ការិយាល័យប្រជាពលរដ្ឋ មានសមត្ថកិច្ចស៊ើបអង្កេត រាយការណ៍ និងផ្តល់អនុសាសន៍ទៅលើបណ្តឹងពាក់ព័ន្ធនឹងសេចក្តីសម្រេចរបស់រដ្ឋបាលខេត្ត និងមន្ទីរអង្គភាពជំនាញ ដែលផ្ទុយនឹងគោលការណ៍ច្បាប់ ឬប៉ះពាល់ប្រយោជន៍បុគ្គល និងសហគមន៍ការបំពេញការងារ និងអាកប្បកិរិយារបស់បុគ្គលិកក្រុមប្រឹក្សា បុគ្គលិកមន្ទីរអង្គភាពជំនាញ និងភ្នាក់ងារទទួលសមត្ថកិច្ច ការគ្រប់គ្រង ការប្រើប្រាស់ហិរញ្ញវត្ថុ និងទ្រព្យសម្បត្តិរបស់រដ្ឋបាលខេត្ត មន្ទីរ អង្គភាពជំនាញ និងការផ្តល់សេវាធារណៈនានា។
គួរបញ្ជាក់ថា រដ្ឋបាលខេត្តកណ្តាល ចាប់ផ្តើមទទួលពាក្យបេក្ខជនប្រធាន អនុប្រធានការិយាល័យប្រជាពលរដ្ឋ ចាប់ពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី០៦ ខែកក្តដា ឆ្នាំ២០២២ កន្លែងដាក់ពាក្យ និងទទួលពាក្យនៅរដ្ឋបាលខេត្តកណ្តាលការិយាល័យលេខាក្រុមប្រឹក្សាខេត្ត៕
ដោយ៖សហការី