ភ្នំពេញ ៖ នារីម្នាក់បានសម្រក់ទឹកភ្នែក លាយឡំអារម្មណ៍ភិតភ័យជាខ្លាំង បន្ទាប់ពីមានជនសង្ស័យមួយក្រុមធ្វើសកម្មភាពគាបយកកាបូបស្ពាយបានសម្រេច ព្រមទាំងដកសោម៉ូតូយកទៅបាត់ កាលពីវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវព្រះមុន្នីរ៉េត ត្រង់ចំណុចស្ពានអាកាសស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ជនរងគ្រោះមានឈ្មោះ នឿន សៀងលី ភេទស្រី អាយុ ២១ឆ្នាំ មុខរបបនិស្សិតច្បាប់ ស្នាក់នៅ បន្ទប់ជួលម្តុំផ្សារដីថ្មី ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ និងមានស្រុកកំណើត ភូមិទន្លេជ្រៃ ឃុំកញ្ចង់ ស្រុកពារាំង ខេត្តព្រៃវែង ។និងជិះម៉ូតូម៉ាក ហុងដាឌ្រីម ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1CR-5779 ។
តាមសម្ដីនារីរងគ្រោះបានរៀបរាប់ទាំងអួលដើមក ឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានជិះម៉ូតូម្នាក់ឯងចេញពីសាលារៀននៅម្ដុំបឹងត្របែក បំណងទៅផ្ទះជួលវិញនៅម្ដុំផ្សារដីថ្មីខណ្ឌមានជ័យ ខណៈធ្វើដំណើរហួសក្រោមស្ពានអាកាសស្ទឹងមានជ័យបានប្រហែល៣០ម៉ែត្រ ស្រាប់តែលេចមុខជនសង្ស័យមួយក្រុមមានគ្នា៥ទៅ៦នាក់ ជិះម៉ូតូ៣គ្រឿងក្នុងនោះមានម៉ូតូ២គ្រឿងបានជិះមកគៀរូបគាត់ឲ្យអែមខាងហើយទាញយកកាបូបស្ពាយ និងម៉ូតូ១គ្រឿងទៀតដកយកកូនសោរម៉ូតូរួចជិះទៅបាត់ដោយសុវត្តិភាព បើទោះបីរូបគាត់ស្រែកឲ្យគេឯងជួយក៏តាមមិនទាន់ដែរ ដោយបានត្រឹមឈរសម្រក់ទឹកភ្នែកសោកស្ដាយលុយកាកខំរកប៉ុណ្ណោះ ។
នារីរងគ្រោះក៏បានបញ្ចាក់ថា ក្នុងកាបូបស្ពាយរបស់គាត់ មានលុយដូល្លារ200$ ,លុយខ្មែរ20មុឺនរៀល ,កាតធានាគារ ,កាតគ្រីម៉ូតូ ,អត្តសញ្ញាណប័ណ្ណ ,និងសម្ភារៈសិក្សាមួយចំនួនទៀត ។
ក្រោយកើតហេតុ នារីរងគ្រោះបានទាក់ទងទៅមិត្តភ័ក្ត និងបងប្អូនឲ្យមកទទួល និងជូនទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី១ ដើម្បីឲ្យសមត្ថកិច្ចជួយតាមរក និងកំណត់មុខសញ្ញាក្រុមចោរទាំងនោះ ។
គួរបញ្ចាក់ថា ក្នុងហេតុការណ៍ខាងលើក៏មានប្រជាពលរដ្ឋជាច្រើនបានសូមណូមពរដល់អាជ្ញារធរមានសមត្ថកិច្ច មេត្តាពង្រឹងសន្តិសុខ ការពារកុំឲ្យមានបទល្មើសកើតឡើងនៅម្ដុំស្ពានអាកាសស្ទឹងមានជ័យនេះ ព្រោះកន្លងមកមានប្រជាពលរដ្ឋរងគ្រោះមិនតិចទេដែលត្រូវក្រុមចោរទាំងនោះធ្វើសកម្មភាពឆក់ ឬប្លន់ ទ្រព្យសម្បត្តិមានតម្លៃរបស់គាត់បានសម្រេចជារឿយៗ៕ ដោយ ៖ ភារ៉ា ដង្កោ