ក្បួនទម្រង់ការ” អាពាហ៍ពិពាហ៍”(តពីលេខមុន)

ចែករំលែក៖

ក្បួនទម្រង់ការ” អាពាហ៍ពិពាហ៍”
(តពីលេខមុន)
៤). របៀបដណ្តឹង:
ក) ជើងទី១
កាលឲ្យមនុស្សទៅនិយាយចែចូវ ឬ និយាយដោយខ្លួនឯងដឹងទំរោយថា គេមុខជាព្រមល្មមឲ្យកូនស្រីគេហើយ លំដាប់នោះត្រូវគិតគូរទៅដណ្ដឹងតទៅទៀតតាមទំនៀម តែមុននឹងទៅដណ្ដឹងត្រូវចាត់បម្រើម្នាក់ទៅជូនព័ត៌មានដល់អ្នកគ្រប់គ្រងកូនស្រីថា” លោកអ្នកឈ្មោះនោះ នៅស្រុកខេត្តឈ្មោះនោះ នឹងឲ្យអ្នកផ្លូវមកប្រណិបតន៍សូមដណ្ដឹងកូនស្រីលោកអ្នកបីជើង តាមទំនៀមស្រុក ដូច្នេះតើលោកអ្នកនឹងមេត្តាអនុញ្ញាតឱ្យមកនៅថ្ងៃណា ? សូមទានមានប្រសាសន៍ជាដំណឹង ។
មេបាខាងស្រីត្រូវកំណត់ថ្ងៃ ខែតាមដែលយល់ឃើញថា ជាថ្ងៃមង្គលល្អ ហើយឱកាសស្រួលប្រាប់ទៅឲ្យអ្នកសាមីដើមការវិញ កាលដល់ថ្ងៃខែនោះហើយ អ្នកសាមីដើមការទៅពឹងរកស្រីបីនាក់ដែលជាអ្នកមានគុណសម្បត្តិដូចពោលមកហើយក្នុងរឿងចែចូវឲ្យទៅដណ្ដឹង។ ស្រីអ្នកតំណាងខ្លួនទៅដណ្ដឹងខ្លួនពេលនោះ តាមភាសាស្រុកហៅថា ” អ្នកផ្លូវ” ហើយត្រូវចាត់ការរៀបរណ្ដាប់ភស្តុភាបណ្ដាការ គ្រឿងដណ្ដឹងតាមទំនៀមក្នុងជើងដំបូងគឺ:
១- ស្លា ៨ ដៃ
២- ម្លូ ១២ ត្របក
៣- ថ្នាំ ៨ដុំ
៤- ស្លាជ្វា ៨ដុំ
របស់អម្បាលនេះឲ្យរៀបទុកដាក់១គូ
៥- ចេកទុំ ២ តោក
៦- នំអន្សម ២តោក
៧- នំគម ២តោក
៨- នំបត់ ២តោក
ប្រគល់ឲ្យអ្នកនាំផ្លូវទៅកាន់ត្រកូលខាងស្រី។ ចំណែកឯខាងស្រីក្នុងថ្ងៃនោះ ត្រូវរៀបចំផ្ទះសម្បែងឲ្យស្អាតសម្រាប់ទទួលអ្នកផ្លូវ ហើយនឹងអញ្ជើញញាតិរបស់ខ្លួនចំនួនប្រមាណពីរនាក់ បីនាក់ឲ្យមកជួបជុំក្នុងវេលានោះដើម្បីនឹងឲ្យជួយស្ដាប់ការផង។
អ្នកផ្លូវការ កាលទៅដល់ហើយគប្បីនិយាយជាពាក្យសុភាពថា លោកអ្នកឈ្មោះនោះ នៅភូមិ ស្រុក ខេត្តនោះ បានពឹងរកខ្ញុំទាំង៣នាក់ឲ្យជាអ្នកផ្លូវ នាំភស្តុភាស្លា ម្លូ មកជូនសូមបណ្ដឹងនាងឈ្មោះនោះ ជាកូនលោកអ្នកនោះឲ្យជាភរិយាឈ្មោះនាយនោះជាកូនរបស់លោកសាមីដើមការ បើលោកអ្នកមេត្តាឲ្យទានបានលើកគ្រឿងបណ្ដាការជូនពិសាតាមត្រូវការ។
មាតា បិតា និងពួកមេបា គប្បីតបថា ដែលអ្នកផ្លូវមានប្រសាសន៍មកអម្បាញ់មិញពេញជាពីរោះ ហើយយើងជាមេបាមិនទាន់ក្រអ្វីទេ តែថាកូនយើងនៅក្មេងសេចក្តី ខ្ចីច្បាប់សណ្ដាប់ស្រុក ពុំទាន់ចេះធ្វើការរកស៊ីនៅឡើយ ពុំទាន់គួរនឹងទុកដាក់ឲ្យមានប្ដី យើងទុកប្រដៅឲ្យចេះធ្វើការរកស៊ី និងទំនៀមទម្លាប់សណ្ដាប់ស្រុកសិន មិនគួរនឹងឲ្យអ្នកឯណោះមកភពប្រសប់ផងទេ។
អ្នកផ្លូវនិយាយសោះអន្ទងថា បើបើលោកអ្នកទល់ប្រឡាយ សុំស្រាយរបង បើលោកអ្នកទាត់ជើងស្ដាំ សុំអោបជើងឆ្វេង បើកូនលោកអ្នកនៅក្មេងយូរទៅគង់តែចេះលែង តាមតែលោកអ្នកមេត្តាឱ្យទានចុះ។
ពួកមេបាត្រូវស្ទោងសាទៅវិញអ្នកលោភគង់តែបានអង្គ អ្នកដេញចង់ឲ្យតែទាន់ អ្នករត់ចង់ឲ្យតែរួច អ្នកមកញយៗបាយអស់ ឆ្នាំងនៅ រឿងនេះ បើយើងមិនទទួលហាក់ដូចស្មូរជន់ និងបណ្ដេញទៅហាក់ដូចមិនគួរ ដូច្នេះសុំឲ្យរង់ចាំយើងសួរមេបាជិតឆ្ងាយសិន បើឧស្សាហ៍ទៅមកជើងក្រោយគង់តែនឹងដឹង។ ប៉ុណ្ណេះឈ្មោះថា បានផ្លូវមួយជើងហើយ អ្នកផ្លូវត្រូវលើកអស់ភស្តុភា ស្លា ម្លូ ជូនទៅមេបាតាមទំនៀម។
(នៅមានត)


ពិនិត្យស្រាវជ្រាវតាមច្បាប់ដើមដោយ÷ចៅតាជេត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print