ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនបន្ទាប់ពីបានធ្វើសកម្មភាពកាប់ជនម្នាក់បណ្តាលឱ្យរងរបួសធ្ងន់ និងបានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១៦និង៣០នាទីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចភូមិតាកុល ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ សួស ចាន់រ៉ា ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិឃុំកើតហេតុខាងលើ ។ ដោយជនសង្ស័យមានឈ្មោះ ស៊ុន ចន្ទរ៉ា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ រស់នៅក្នុងភូមិតាកុល ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំងដូចគ្នា ។
សមត្ថកិច្ចបានឱ្យដឹងថា នៅវេលាកើតហេតុជនសង្ស័យបានឃើញជនរងគ្រោះដើរកាត់មុខផ្ទះឈ្មោះញឹក សួង ដោយបានចោទទៅជនរងគ្រោះថា តែងតែបានលួចយកប៊ីដុងទឹករបស់ខ្លួនទៅលក់ជាញឹកញាប់ ។ ដោយទ្រាំនឹងការបាត់របស់រាល់ថ្ងៃនោះមិនបាន ជនសង្ស័យបានស្ទុះទៅទាញយកកាំបិតផ្គាក់ដែលទុកនៅក្បែរកន្លែងដុតក្រឡានយកទៅកាប់ជនរងគ្រោះចំក្បាលពីក្រោយពេញមួយទំហឹងតែម្តងបណ្តាលឱ្យរងរបួសធ្ងន់ត្រូវបានក្រុមគ្រួសារដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យ ប៉ុន្តែដោយសារស្ថានភាពរបួសធ្ងន់ធ្ងរពេកជនរងគ្រោះក៏ស្លាប់នៅក្នុងមន្ទីរពេទ្យតែម្តង ។ ក្រោយពេលកើតហេតុជនសង្ស័យត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនយកមកអធិការដ្ឋាននគរបាលស្រុកកំពង់ត្រឡាច និងបានកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដើម្បីចាត់ការបន្តតាមនីតិវិធី ៕
ដោយ៖ ចន្ថា