ភ្នំពេញ៖ អតីតប្តីបានបាញ់សម្លាប់អតីតប្រពន្ធបណ្តាលឱ្យស្លាប់នៅក្នុងបន្ទប់ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤ និង៣០នាទីរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចបញ្ជាក់ថា អតីតប្រពន្ធនោះ មានឈ្មោះ នូ សុជាតា អាយុ២២ឆ្នាំ បម្រើការនៅណាហ្គាវើលដ៍។ ចំណែកជនសង្ស័យជាអតីតប្តីឈ្មោះ ជា អូន អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ និងមានទីលំនៅនៅម្តុំផ្សារដីហុយ។
សូមបញ្ជាក់ថា អ្នកទាំង២បានចាប់ដៃគ្នាជាប្តីប្រពន្ធបានកូនប្រុសមួយអាយុ ១ខួប៩ខែ។ ប៉ុន្តែក្រោយមកពួកគេបានលែងលះគ្នាដាច់ស្រេចអស់រយៈពេល ៣ខែកន្លងទៅហើយ ដោយដឹងឮត្រឹមសាលាសង្កាត់ ព្រោះចំណងអាពាហ៍ពិពាហ៍របស់អ្នកទាំង២មិនមានចុះសំបុត្រ អាពាហ៍ពិពាហ៍នោះឡើយ។
បើតាមប្រភពព័ត៌មានបានឱ្យដឹងថា នៅមុនកើតហេតុ អតីតប្ដីបានទៅផ្ទះរបស់អតីតប្រពន្ធ ហើយក៏បានកើតជាទំនាស់ពាក្យសម្តីឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង ដោយសារប្រចណ្ឌរឿងអតីតប្រពន្ធមានសហាយស្មន់ដែលនាំឱ្យមានការលែងលះគ្នា។ ក្រោយពីឈ្លោះប្រកែកសម្តីគ្នាមួយប្រាវមក អតីតប្តីក៏បាននាំអតីតប្រពន្ធនេះចូលក្នុងបន្ទប់ដើម្បីនិយាយវែកញែករឿងដដែលខាងលើ។ ពេលឃើញដូច្នេ្នះបងប្រុសបង្កើតរបស់ជនរងគ្រោះបានចូលទៅក្នុងបន្ទប់ដែរ ដើម្បីជួយសម្របសម្រួល តែត្រូវជនសង្ស័យជាអតីតប្ដីដកកាំភ្លើងខ្លីម៉ាក K59 ភ្នង់ទៅលើបុរសជាបង និងគំរាមឱ្យចេញពីបន្ទប់ កុំឱ្យចេះដឹងរឿងប្ដីប្រពន្ធរបស់ពួកគេ។
ភ្លាមនោះ បុរសជាបងក៏បានដើរចេញមកវិញ ដោយបានបីកូនប្រុសតូចរបស់ពួកគេចេញពីបន្ទប់ ហើយរំពេចនោះ ជនសង្ស័យក៏បានបាញ់សម្លាប់អតីតប្រពន្ធចំសៀតផ្កាបណ្តាលឲ្យស្លាប់នៅលើគ្រែតែម្តងទៅ។
ក្រោយពីបាញ់សម្លាប់អតីតប្រពន្ធហើយ ជនសង្ស័យមិនបានរត់គេចទៅណាឡើយ ហើយសាច់ញាតិជនរងគ្រោះក៏បានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានដើម្បីចុះធ្វើអន្តរាគមន៍ ឃាត់ខ្លួនឃាតកតែម្តង។
បន្ទាប់ពីឃាត់ខ្លួនបានហើយ ជនសង្ស័យត្រូវបានបញ្ជូនទៅកាន់ប៉ុស្តិ៍រដ្ឋបាលនគរបាលចាក់អង្រែក្រោមដើម្បីសាកសួរនិងបន្តនីតិវិធី។
ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញផ្នែកកោសល្យវិច័យបានចុះដល់ទីតាំងកើតហេតុ និងបានធ្វើកោសល្យវិច័យពិនិត្យទីតាំងកើតហេតុ ក៏ដូចជាធ្វើការសាកសួរសាក្សីនៅជំុវិញកន្លែងកើតហេតុផងដែរ។
នៅជុំវិញសព សមត្ថកិច្ចរកឃើញ គ្រាប់កាទុស្សចំនួន៤គ្រាប់ ដោយក្នុងនោះ ផ្ទុះ១គ្រាប់ អត់ផ្ទុះ៣គ្រាប់។ ទន្ទឹមនឹងនោះដែរ គេនៅមិនទាន់ដឹងថាតើគ្រាប់កាទុស្សទាំង៤គ្រាប់នោះជនសង្ស័យបាញ់ទៅលើជនរងគ្រោះទាំង៤គ្រាប់ ឬក៏បាញ់ខ្លួនឯងខ្លះឡើយ។
ដោយឡែកចំពោះកាំភ្លើងខ្លីដែលជនសង្ស័យបាញ់សម្លាប់អតីតប្រពន្ធក៏មិនទាន់មានប្រភពបញ្ជាក់ពីសមត្ថកិច្ចថា បានមកពីណានោះដែរ។
សូមបញ្ជាក់ទៀតថា យោងតាមគណនីហ្វេសបុ៊កផ្ទាល់ខ្លួនរបស់អតីតប្តីដែលមានឈ្មោះ « ជា អូន សន្តិភាព » បានបង្ហោះនៅលើបណ្តាញសង្គមមុនពេលបាញ់សម្លាប់អតីតប្រពន្ធ ដោយមាន បង្ហោះទាំងរូបថតវីដេអូប្រពន្ធនិងកូន នៅក្នុងបន្ទប់ភ្ជាប់ជាមួយនឹងខ្លឹមសារ សរសេរថា « ខ្ញុំសុំទោសម៉ាក់ប៉ាសងខាង កូនមិនចង់ធ្វើអញ្ចឹងទេ ព្រោះតែក្តីស្រលាញ់ខ្ញុំកាត់ចិត្តមិនបាន ហើយប្រពន្ធខ្ញុំគេមិនផ្ដល់ឱកាសឱ្យខ្ញុំទេ ខ្ញុំខំព្យាយាមខ្លាំងណាស់កន្លងមក ខ្ញុំប្រាប់ហើយថា កុំឱ្យកុហកខ្ញុំ បំពាន ខ្ញុំស្រឡាញ់ប្រពន្ធខ្ញុំណាស់ មិនចង់ឱ្យអ្នកណាបានប្រពន្ធខ្ញុំទេ កូនសុំទោសម៉ាក់ប៉ា ខ្ញុំពិបាកធ្វើចិត្តខ្លាំងណាស់ ខ្ញុំមិនចង់បែកពីប្រពន្ធខ្ញុំទេ សូមម៉ាក់ប៉ាជួយដាក់ខ្ញុំនិងប្រពន្ធរបស់ខ្ញុំជាមួយគ្នាអស់មួយជីវិត កូនសុំទោសម៉ាក់ប៉ា ពូមីងបងប្អូនទាំងអស់ជួយមើលកូនខ្ញុំផង ទ្រព្យដែលខ្ញុំមាន និង ប្រពន្ធខ្ញុំដល់ឱ្យនិងថែរក្សាកូនខ្ញុំផង កូនសុំទោសម៉ាក់ប៉ា ពូមីង បងប្អូនទាំងអស់ ក្តីស្រលាញ់ខ្ញុំកាត់ចិត្តមិនបាន៕
ដោយ៖ រ៉ារ៉ា