ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់សង្ស័យស្រវឹងស្រាខ្លាំងបានបើករថយន្ត Lexus RX300 មួយគ្រឿងជ្រុលទៅបុកបង្កាន់ដៃស្ពានអាកាស 7 មករា យ៉ាងពេញទំហឹងបណ្ដាលឱ្យថ្មបង្កាន់ដៃស្ពានខ្ទាតចេញក្រៅនិងខូចខាតបង្គោលភ្លើង មួយដើម ចំណែករថយន្តក្រឡាប់ផ្ងារជើងម្ខាង រីឯតៃកុងរងរបួសបែកមុខបែកមាត់បន្តិចបន្តួច។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៣ទៀបភ្លឺឈានចូលថ្ងៃទី១១ ខែមិថុនាឆ្នាំ២០២២ នៅត្រង់ចំណុចគល់ស្ពានអាកាស 7 មករាផ្នែកខាងកើតតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ីស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញបុរសជនជាតិចិនម្នាក់សង្ស័យស្រវឹងស្រាខ្លាំងបានបើករថយន្ត Lexus RX300 មួយគ្រឿងពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2AZ-3992 ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើបានជ្រុលទៅបុកបង្កាន់ដៃស្ពានអាកាសពេញទំហឹងបណ្ដាលឱ្យក្បាលថ្មបង្កាន់ដៃស្ពានខ្ទាតចេញក្រៅរួមនឹងបង្គោលភ្លើងមួយ ដើមរងការខូចខាត។ ចំណែករថយន្តបង្កក្រឡាប់ផ្ងារជើងម្ខាងនិងរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ រីឯតៃកុងរងរបួសផ្ទៃមុខបន្តិចបន្តួច។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហើយទំនាក់ទំនងទៅសមត្ថកិច្ចជំនាញឱ្យមកធ្វើការវាស់វែងយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕
ដោយ ៖ ភារ៉ា ដង្កោ