ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលពីបុគ្គលិកកាស៊ីណូនិងមានសេចក្តីរាយការណ៍មកសន្តិសុខនិងសមត្ថកិច្ចមូលដ្ឋានខណ:ដែលពួកគេប្រទះឃើញបុរសជនជាតិវៀតណាមចងកជាប់នឹងទ្វារជណ្ដើរក្នុងកាសុីណូទីក្រុង ហេងហេង ដោយមិនដឹងពីមូលហេតុ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៤០នាទីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
យោងតាមសមត្ថកិច្ចនគរបាលបានឱ្យដឹងថា បុរសខាងលើមានឈ្មោះTRAN VAN BAN អាយុ២៨ឆ្នាំ ជនជាតិវៀតណាម កាន់លិខិតឆ្លងដែនលេខ : K0524973 មុខរបរបុគ្គលិកក្រុមហ៊ុន មានទីលំនៅក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម ។
ប្រភពបន្តថា នៅវេលាម៉ោង១១និង៤០នាទីថ្ងៃត្រង់ថ្ងៃទី១០ ខែមិថុនា សមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលបាវិតបានទទួលពត៌មានថា មានករណីមនុស្សចងកនៅអគារ២១ ជាន់ទី៦ជាប់ទ្វារជណ្ដើរជើងក្នុងកាសុីណូទីក្រុង ហេង ហេង ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ និងធ្វើការហ៊ុមព័ទ្ធខ្សែនៅកន្លែងកើតហេតុ ដើម្បីរង់ចាំកម្លាំងជំនាញខេត្តនិងគ្រូពេទ្យ ធ្វើកោសល្យវិច័យ ដោយសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវសាកសួរបន្តទៀតថាស្លាប់មកពីមូលហេតុអ្វីឱ្យពិតប្រាកដ។
សពសមត្ថកិច្ចកំពុងរង់ចាំសាច់ញាតិក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ សុថាន