ភ្នំពេញ : ក្នុងបុព្វហេតុដើម្បីរួមចំណែកកសាងនូវប្រទេសកម្ពុជាមួយដែលពោរពេញដោយសន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម ស្របតាមបេសកកម្មដែលមានចែងក្នុងលក្ខន្តិកៈរបស់ខ្លួន សហភាពសហព័ន្ធ យុវជនកម្ពុជា ដែលជាអង្គការមិនមែនរដ្ឋាភិបាល ប្រមូលផ្តុំយុវជនកម្ពុជាពីគ្រប់ទិសទីធំជាងគេនៅទូទាំងប្រទេស តែងតែចូលរួមសង្កេតការណ៍នៅគ្រប់ដំណើរការបោះឆ្នោតនៅក្នុងព្រះរាជាណាចក្រកម្ពុជា ចាប់តាំងពីឆ្នាំ២០១៦ មក ដើម្បីរួមចំណែកក្នុងកិច្ចដំណើរការប្រជាធិបតេយ្យនៅកម្ពុជា។
សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នេះ សហភាពសហព័ន្ធយុវជនកម្ពុជា មានយុវជនស្ម័គ្រចិត្តដែលជាសមាជិក សមាជិការបស់ខ្លួន សរុបចំនួន ៣៩ ៨១៥ រូប ដែលត្រូវបានទទួលស្គាល់ ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ឱ្យធ្វើជាអ្នកសង្កេតការណ៍នៅក្នុងការបោះឆ្នោតនេះ។ បន្ទាប់ពីបានចូលរួមសង្កេតការណ៍ និងឃ្លាំមើលដោយយកចិត្តទុកដាក់ និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ លើការបោះឆ្នោតនេះ ដោយរាប់ចាប់តាំងពីដំណាក់កាលចុះបញ្ជីឈ្មោះបោះឆ្នោត ការឃោសនាបោះឆ្នោត ការបោះឆ្នោត រហូតដល់ការរាប់សន្លឹកឆ្នោត ជាពិសេសបន្ទាប់ពីបានពិនិត្យលើរបាយការណ៍ដែលទទួលបានពី អ្នកសង្កេតការណ៍របស់ខ្លួននៅគ្រប់ការិយាល័យបោះឆ្នោត និងការិយាល័យរាប់សន្លឹកឆ្នោតទាំងអស់នៅទូទាំង ព្រះរាជាណាចក្រកម្ពុជារួចមក សហភាពសហព័ន្ធយុវជនកម្ពុជា សូមជម្រាបជូនអំពីលទ្ធផលនៃការ សង្កេតការណ៍លើដំណើរការនៃការបោះឆ្នោតខាងលើ ដូចតទៅ៖
១-អំឡុងពេលនៃយុទ្ធនាការឃោសនាបោះឆ្នោត៖ នៅក្នុងអំឡុងពេល ១៤ថ្ងៃនៃការឃោសនាបោះឆ្នោត គ្រប់គណបក្សនយោបាយដែលបានចុះបញ្ជីឈរឈ្មោះបោះឆ្នោត បានធ្វើការឃោសនារកសំឡេងឆ្នោតនៅតាម ឃុំ សង្កាត់ ដែលខ្លួនបានដាក់បញ្ជីឈ្មោះបេក្ខជនយ៉ាងផុសផុល ក្នុងបរិយាកាសជារួមគ្មានការគំរាមកំហែង និង គ្មានអំពើហិង្សា ហើយបានប្រព្រឹត្តទៅស្របតាមច្បាប់ និងបទបញ្ជា និងនីតិវិធីនៃការបោះឆ្នោតជាធរមាន។ ទន្ទឹមនឹងនេះ សហភាពសហព័ន្ធយុវជនកម្ពុជា ក៏បានកត់សម្គាល់ឃើញអំពីភាពមិនប្រក្រតី និងបណ្តឹងមួយចំនួន តូចពាក់ព័ន្ធសកម្មភាពឃោសនាខុសច្បាប់ និងបទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត ប៉ុន្តែ គ.ជ.ប តាមរយៈយន្តការ របស់ខ្លួន បានធ្វើការសម្របសម្រួល និងបានដោះស្រាយបណ្ដឹងទាំងនោះ ស្របតាមច្បាប់ និងបទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោតជាធរមាន ក្នុងជំហរដែលត្រូវបានអ្នកសង្កេតការណ៍ឃ្លាំមើល និងផ្តល់ការវាយតម្លៃជារួមថា មានភាពឯករាជ្យ អព្យាក្រឹត និងមិនលំអៀង។
២-អំឡុងពេលបោះឆ្នោត៖ ប្រជាពលរដ្ឋខ្មែរ បានបង្ហាញឆន្ទៈចូលរួម និងបានអនុវត្តសិទ្ធិសេរីភាពរបស់ ខ្លួនក្នុងការជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ តាមរយៈការបោះឆ្នោតមួយ ដែលប្រព្រឹត្តទៅជាសម្ងាត់ ដោយសេរី និងគ្មានការបង្ខិតបង្ខំ។ ទោះជាយ៉ាងនេះក្តី សហភាពសហព័ន្ធយុវជនកម្ពុជា ក៏បានសង្កេតឃើញនូវ ភាពមិនប្រក្រតីមួយចំនួន ក្នុងនោះរួមមាន៖ ការយល់មិនច្បាស់ពីសិទ្ធិ តួនាទី ភារកិច្ចរបស់អ្នកសង្កេតការណ៍ ដោយមន្ត្រីនៃគណៈកម្មការការិយាល័យបោះឆ្នោត និងភ្នាក់ងារគណបក្សនយោបាយមួយចំនួន ការព្យាយាម ចោទប្រកាន់មួយចំនួនលើដំណើរការបោះឆ្នោត ព្រមទាំងបាតុភាពអសកម្មមួយចំនួនតូចទៀត ។ ទន្ទឹមនឹងនេះ អ្នកសង្កេតការណ៍របស់ សហភាពសហព័ន្ធយុវជនកម្ពុជា ក៏បានសង្កេតឃើញដែរថា មន្ត្រីបោះឆ្នោតគ្រប់លំដាប់ថ្នាក់ បានព្យាយាមសម្របសម្រួល និងបានយកចិត្តទុកដាក់ខ្ពស់ក្នុងការដោះស្រាយគ្រប់បាតុភាពមិនប្រក្រតីដែលបាន កត់សម្គាល់ខាងលើ ដោយអនុលោមតាមច្បាប់ និងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥។
៣-អំឡុងពេលនៃការរាប់សន្លឹកឆ្នោត៖ ដំណើរការនៃការរាប់សន្លឹកឆ្នោត បានប្រព្រឹត្តទៅដោយតម្លាភាព ត្រឹមត្រូវ និងមានការចូលរួមសង្កេតការណ៍ក្នុងនាមសាក្សីពីគ្រប់ភាគីពាក់ព័ន្ធ រួមមាន ភ្នាក់ងារគណបក្សនយោបាយ អ្នកសង្កេតការណ៍ជាតិ អ្នកសង្កេតការណ៍អន្តរជាតិ ព្រមទាំងអ្នកសារព័ត៌មាន ស្របតាមការកំណត់នៃច្បាប់ និង បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត។ ប៉ុន្តែ ទោះជាយ៉ាងនេះក្ដី ថ្វីត្បិតតែមន្រ្តី គ.ជ.ប បានអនុវត្តតួនាទីរបស់ខ្លួន ដោយត្រឹមត្រូវអនុលោមតាមបទប្បញ្ញត្តិនៃច្បាប់ និងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជាធរមានក្តី សហភាពសហព័ន្ធយុវជនកម្ពុជា ក៏បានកត់សម្គាល់ឃើញថា នៅមានគណបក្សនយោបាយ និងតួអង្គពាក់ព័ន្ធ មួយចំនួន ដែលមិនទាន់បានយល់ច្បាស់អំពីបទប្បញ្ញត្តិទាក់ទងនឹងកិច្ចដំណើរការនៃការិយាល័យរាប់សន្លឹកឆ្នោត ដែលមានចែងក្នុងច្បាប់ និងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត ហើយបានធ្វើការចោទប្រកាន់ដោយមិន ត្រឹមត្រូវលើការបំពេញតួនាទីរបស់មន្រ្តី គ.ជ.ប នៅក្នុងការិយាល័យរាប់សន្លឹកឆ្នោតមួយចំនួនតូច ប៉ុន្តែ សហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានចូលរួមសង្កេតការណ៍នៅគ្រប់ការិយាល័យបោះឆ្នោត និងការិយាល័យ រាប់សន្លឹកឆ្នោត បានពិនិត្យឃើញថា កិច្ចដំណើរការប្រព្រឹត្តទៅនៅការិយាល័យបោះឆ្នោត និងការិយាល័យរាប់ សន្លឹកឆ្នោត ព្រមទាំងការចាត់ចែងការងាររបស់មន្ត្រី គ.ជ.ប នៅទីនោះ
បានប្រព្រឹត្តទៅដោយតម្លាភាព និង ភាពត្រឹមត្រូវ ស្របតាមច្បាប់ និងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជាធរមាន។
ផ្អែកលើលទ្ធផលនៃការសង្កេតការណ៍ដែលប្រមូលបានពីទូទាំងប្រទេសខាងលើសហភាពសហព័ន្ធ យុវជនកម្ពុជា សូមធ្វើការវាយតម្លៃ និងសន្និដ្ឋានជារួម កិច្ចដំណើរការនៃការបោះឆ្នោតជ្រើសរើស
ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នាពេលកន្លងទៅនេះ បានប្រព្រឹត្តទៅក្នុងបរិយាកាសល្អប្រសើរ គ្មានការបង្ខិតបង្ខំ គ្មានការគំរាមកំហែង និងគ្មានអំពើហិង្សា ទាំងក្នុងអំឡុងពេលឃោសនាបោះឆ្នោត ទាំងក្នុងពេលបោះឆ្នោត ទាំងក្នុងពេលរាប់សន្លឹកឆ្នោត ហើយការបោះឆ្នោតនេះ បានប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាម ច្បាប់ និងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជាធរមាន។ ភាពមិនប្រក្រតី ឬបណ្ដឹងតវ៉ាមួយចំនួនដូចបាន កត់សម្គាល់ខាងលើ មិនបានបណ្តាលឱ្យប៉ះពាល់ដល់ដំណើរការ និងលទ្ធផលនៃការបោះឆ្នោតនោះទេ ហើយ បណ្ដឹងតវ៉ាទាំងអស់ ត្រូវបាន គ.ជប យកចិត្តទុកដាក់សម្របសម្រួល និងដោះស្រាយ ដោយអព្យាក្រឹត្ត និងមិន លំអៀង ដោយអនុវត្តបានយ៉ាងត្រឹមត្រូវស្របតាមច្បាប់ និងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជាធរមាន ។
សហភាពសហព័ន្ធយុវជនកម្ពុជា សូមសម្តែងនូវការអបអរសាទរ និងកោតសរសើរចំពោះកិច្ចខិតខំ
ប្រឹងប្រែងបំពេញតួនាទី និងភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់របស់គណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោត និងមន្ត្រីនៃគណៈកម្មាធិការរៀបចំការបោះឆ្នោតនៅគ្រប់កម្រិត ព្រមទាំងអាជ្ញាធរពាក់ព័ន្ធ គ្រប់លំដាប់ថ្នាក់ ដែលបានធានាឱ្យការបោះឆ្នោតនេះ ប្រព្រឹត្តទៅក្នុងបរិយាកាសល្អប្រសើរ គ្មានការបង្ខិតបង្ខំ គ្មានការគំរាមកំហែង និងគ្មានអំពើហិង្សា ពិសេសបានបង្ហាញឲ្យឃើញយ៉ាងច្បាស់អំពីភាពសេរី ភាពត្រឹមត្រូវ និង យុត្តិធម៌នៃការបោះឆ្នោត ព្រមទាំងតម្លាភាព ភាពចាស់ទុំ និងភាពឯករាជ្យម្ចាស់ការ ក្នុងការរៀបចំការបោះឆ្នោត នៅកម្ពុជា ដែលជាគ្រឹះដ៏រឹងមាំនៃកិច្ចដំណើរការប្រជាធិបតេយ្យ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូល របស់ជាតិ។
សហភាពសហព័ន្ធយុវជនកម្ពុជា ក៏សូមសម្ដែងនូវការកោតសរសើរ និងការវាយតម្លៃខ្ពស់ចំពោះសមាជិក សមាជិកានៃសហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានចូលរួមយ៉ាងសកម្ម ប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងនាមជាអ្នកសង្កេតការណ៍នៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នេះ ឱ្យទទួល បានលទ្ធផលជោគជ័យ។
សហភាពសហព័ន្ធយុវជនកម្ពុជា សូមជូនពរចំពោះសមាជិក សមាជិកាក្រុមប្រឹក្សាឃុំ សង្កាត់ ដែលទើប ជាប់ឆ្នោតទាំងអស់ សូមទទួលបាននូវជោគជ័យក្នុងអាណត្តិការងាររបស់ខ្លួន ដើម្បីបុព្វហេតុប្រជាជនកម្ពុជា និង ប្រទេសជាតិ ក្រោមម្លប់នៃសន្តិភាព និងបាវចនា “ជាតិ សាសនា ព្រះមហាក្សត្រ” ៕
ដោយ : សុខ ខេមរា