ប៉ូលិសបាននិយាយថា ខ្មាន់កាំភ្លើងម្នាក់បានបើកការបាញ់ប្រហារទៅលើហ្វូងមនុស្សស្ថិតនៅខាងក្នុងរោងមហោស្រពនៅទីក្រុង Lafayette រដ្ឋ Louisiana កាលពីរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៥ បណ្តាលឲ្យបាត់បង់ជីវិតមនុស្ស២នាក់ និង៧នាក់ផ្សេងទៀតរងរបួស ។
ខ្មាន់កាំភ្លើងបានបាញ់ប្រហារនៅវេលាម៉ោង៧យប់ ម៉ោងនៅក្នុងតំបន់ ខណៈដែលកំពុងដំណើរការបញ្ចាំងរៀងភាពយន្តល្បីឈ្មោះ Trainwreck ។ ហេតុការណ៍នេះបានកើតឡើងក្នុងរយៈពេល៣ឆ្នាំ បន្ទាប់ពីការបាញ់ប្រហារសម្លាប់រង្គាលស្រដៀងគ្នានេះស្ថិតនៅរោងភាពយន្តក្នុងទីក្រុង Aurora រដ្ឋ Colorado ដែលបានបណ្តាលឲ្យស្លាប់មនុស្ស១២នាក់នោះ ។
ស្នងការប៉ូលិស លោក Jim Craft បានថ្លែងថា មនុស្ស២នាក់បានស្លាប់នៅកន្លែងកើតហេតុដោយសារតែគ្រាប់កាំភ្លើង មុនពេលដែលជនល្មើសអាយុ៥៨ឆ្នាំបានបាញ់សម្លាប់ខ្លួនឯងដោយកាំភ្លើងខ្លី ខណៈដែលកម្លាំងសន្តិសុខ រុលចូលទៅកាន់ទីតាំងកើតហេតុ ។ ជាមួយគ្នានេះ មនុស្ស៧នាក់ផ្សេងទៀតរងរបួសធ្ងន់ និងស្រាល ។
អាជ្ញាធរមិនបានលាតត្រដាងព័ត៌មានលម្អិតស្តីអំពីជនល្មើសនោះឡើយ បើទោះជាដឹងថា មានអាយុ៥៨ឆ្នាំក៏ដោយ ហើយមូលហេតុបណ្តាលឲ្យមានការបាញ់ប្រហារនេះ ក៏មិនត្រូវបានលាតត្រដាងផងដែរ ។
សាក្សីឃើញហេតុការណ៍ផ្ទាល់ភ្នែកឈ្មោះ Katie Domingue បានថ្លែងប្រាប់ប្រភពព័ត៌មានថា ខ្មាន់កាំភ្លើងបានងើបឈរនៅក្នុងរោងមហោស្រព ហើយបានបាញ់ប្រហាររយៈពេលប្រមាណ២០នាទីទៅកាន់រៀងកុនដែលកំពុងចាក់បញ្ចាំងនោះ ។ លោកបន្តថា លោកមិនបាន់ឮសំឡេងនិយាយស្តីអ្វីឡើយ លោកមិនបានឮសំឡេងស្រែកអ្វីឡើយ នៅពេលនោះ ។ អំឡុងពេលដែលមានការបាញ់ប្រហារនោះ មានមនុស្សប្រមាណជិត១០០នាក់កំពុងស្ថិតនៅកន្លែងកើតហេតុ ៕