ភ្នំពេញ ៖ មន្ត្រីត្រូវក្រើនរំលឹកខ្លួនឯងឱ្យជាប់ជាប្រចាំថា ខ្លួនជាអ្នកបម្រើប្រជាពលរដ្ឋ មិនមែនជាចៅហ្វាយពលរដ្ឋនោះទេ ហើយគោលដៅរបស់ខ្លួន គឺការបម្រើប្រជាពលរដ្ឋដោយស្មោះត្រង់។ នេះជាថ្លែង របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីម្សិលមុិញ គឺសម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញចែកសញ្ញាបត្រ ជូនសិស្សសាលាភូមិន្ទរដ្ឋបាលជាង ២ពាន់នាក នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២។
ប្រមុខដឹកនាំកំពូលរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា «អ្វីដែលខ្ញុំចង់ដាស់តឿន សម្រាប់មន្ត្រីរបស់យើង នោះគឺត្រូវចាំឲ្យបាន រំលឹកខ្លួនឯងឲ្យបានជាប់ជាប្រចាំ យើងជាមន្ត្រីត្រូវតែបម្រើប្រជាពលរដ្ឋ ដោយស្មោះត្រង់ មិនមែនជាចៅហ្វាយរបស់ប្រជាពលរដ្ឋទេ។ សុំក្តាប់ចំណុចនេះឲ្យបាន»។
បើតាមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន មន្ត្រីត្រូវចាត់ទុកថា ការបម្រើប្រជាពលរដ្ឋ ជាគោលដៅត្រូវធ្វើ។ សម្តេចសង្កត់ធ្ងន់ៗថា ធ្វើជាមន្ត្រី បើមិនចាត់ទុកការបម្រើប្រជាពលរដ្ឋ ជាគោលដៅ មិនបាច់មកធ្វើជាមន្ត្រីទេ។
សម្តេចតេជោ ហ៊ុន សែន ក៏បានបន្តក្រើនរំលឹកដល់មន្ត្រីចៀសឲ្យបាននូវប្បធម៌ «ប្រពន្ធស័ក្តិ៣ ប្តីស័ក្តិ៤ កូនស័ក្តិ៥»។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា ការលេចឡើងនៃកត្តាចៃដន្យក្នុងការអនុវត្តផែនការ នឹងធ្វើឱ្យលេចឡើងមន្ត្រីចំនួនពីរ គឺមន្ត្រីល្អប្រឹងប្រែងដោះស្រាយបញ្ហា និងមន្ត្រីមិនល្អចេះត្រឹមស្តីបន្ទោសឱ្យថ្នាក់ក្រោម និងរាយការណ៍។ សម្តេចតេជោ ក៏បានក្រើនរំលឹកដល់មន្ត្រីត្រូវចៀសវាងឱ្យបានដាច់ខាតនូវងារជាមន្ត្រីគ្រាប់ល្ពៅ។
សម្តេចតេជោ ហ៊ុន សែន បានដែរថ្លែងថា នឹងមានការដំឡើងប្រាក់បៀវត្សរ៍មន្ត្រីរាជការនៅក្នុងឆ្នាំ២០២២នេះ បន្ទាប់ពីខកខានអស់រយៈពេលពីរឆ្នាំ។ ក្នុងនោះអ្នកប្រាក់បៀវត្សរ៍តិចដំឡើងច្រើន អ្នកប្រាក់បៀវត្សរ៍ច្រើនដំឡើងតិច។
សម្តេចតេជោបញ្ជាក់សារជាថ្មីអំពីការសម្រេចកាត់ឆ្វៀលដីតំបន់៣បឹងទន្លេសាបជូនពលរដ្ឋដែលបានកាន់កាប់រស់នៅអាស្រ័យផលជាក់ស្តែងជាយូរយារមកហើយ
ប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានរំលឹកណែនាំសារជាថ្មីកាលពីព្រឹកមិញថ្ងៃទី ១៣ មិថុនា ២០២២ ដល់មន្រ្តីអាជ្ញាធរខេត្តពាក់ព័ន្ធនឹងករណីបឹងទន្លេសាបទាំងអស់ (សារសម្តេចបានបញ្ជូនទៅមុនរួចហើយ) អំពីដំណោះស្រាយកាត់ឆ្វៀលដីជូនពលរដ្ឋដែលបានកាន់កាប់អាស្រ័យផលជាក់ស្តែងជាយូរយារមកហើយ គឺត្រូវកាត់ឆ្វៀលជូនពួកគាត់។
សម្តេចតេជោបានបញ្ជាក់ច្បាស់ៗថា អាជ្ញាធរខេត្តខ្លួនឯងដឹងច្បាស់ គឺត្រូវធ្វើអោយស្រូត ហើយត្រូវមានការទទួលខុសត្រូវចំពោះពលរដ្ឋរបស់យើងដែលមិនត្រូវមើលស្រាលឡើយ។ សម្តេចតេជោបានបញ្ជាក់ផងដែរថាក្នុងពេលកាត់ដីចេញអោយពលរដ្ឋរួចហើយគឺត្រូវថែមដី១០% ទៀតជូនពួកគាត់សម្រាប់ជាកន្លែងឃ្វាលគោអោយស៊ីស្មៅ កន្លែងរកអុស ឬកន្លែងចាប់ត្រី…ជាដើម។
សម្តេចតេជោបញ្ជាក់ថា សម្តេចក៏ត្រូវទទួលយកការទទួលខុសត្រូវចំពោះមុខប្រជាពលរដ្ឋកម្ពុជា និងចំពោះការគង់វង្សនៃបឹងទន្លេសាប ដូច្នេះអាជ្ញាធរត្រូវតែបំពេញការងារប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុត។ សម្តេចតេជោបញ្ជាអោយធ្វើតាមការជាក់ស្តែងនិយម ដើម្បីកុំអោយពលរដ្ឋអស់សង្ឃឹមមិនដឹងថាអនាគតពួកគាត់ត្រូវគេជម្លៀសទៅទីណាទៀត…!
ការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្តេចនាយករដ្ឋមន្រ្តី បានធ្វើអោយពលរដ្ឋត្រេកអរជាមួយនឹងក្តីសង្ឃឹមនិងដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះប្រមុខដឹកនាំដែលតែងតែគិតគូរពីសុខទុក្ខពិតប្រាកដរបស់ពួកគាត់ដែលកំពុងរស់នៅអាស្រ័យផលជាក់ស្តែងជាយូរយារមកទល់សព្វថ្ងៃនេះ៕