ឆក់បានសម្រេចហើយរត់មិនរួចត្រូវប្រជាពលរដ្ឋចាប់ខ្លួនបានប្រគល់ឱ្យសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពឆក់យកកាបូបពីជនរងគ្រោះបានសម្រេចហើយតែរត់មិនរួចត្រូវបានប្រជាពលរដ្ឋចាប់ប្រគល់ឱ្យសមត្ថកិច្ច។

ហេតុការណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង០៨និង០០នាទីព្រឹកថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០២២ នៅត្រង់ចំណុចផ្សារត្រពាំងល្វា តាមបណ្ដោយផ្លូវបេតុង(ផ្លូវអង្គតាមិញ)ស្ថិតនៅក្នុងភូមិទ្រុងមាន់ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនសង្ស័យដែលធ្វើសកម្មភាពឆក់កាបូបមានឈ្មោះ អៀង ពិសិដ្ឋ ភេទប្រុស អាយុជាង២០ឆ្នាំ ស្នាក់នៅម្ដុំផ្សារអុីអន២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះមានឈ្មោះចាន់ អ៊ុកចិន្តា ភេទស្រី អាយុ៥៥ឆ្នាំបច្ចុប្បន្នស្នាក់នៅតាមបណ្តោយផ្លូវ លេខ២០០៤ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីស្ត្រីរងគ្រោះបានឱ្យដឹងថា នៅមុនពេលកើតហេតុរូបគាត់បានចុះពីរថយន្តចូលទៅទិញបង្គាដោយកាន់កាបូបយួរនៅនឹងដៃ។ ខណៈដែលគាត់កំពុងតែទិញបង្គាស្រាប់តែលេចមុខជនសង្ស័យបានជិះម៉ូតូមួយគ្រឿងម៉ាកស៊ុយហ្ស៊ុយគីនិចពណ៌ស ពាក់ស្លាកលេខភ្នំពេញ1JM-3807តែម្នាក់ឯងក្នុងទិសដៅពីត្បូងទៅជើងមកធ្វើសកម្មភាពឆក់យកកាបូបពីរូបគាត់តែមិនបានសម្រេច។ដោយសារតែមានការប្រទាញប្រទង់គ្នាដោយដៃជនសង្ស័យចាប់បានដៃកាបូបមួយចំហៀងនិងរូបគាត់ទាក់ដៃកាន់កាបូបបានមួយចំហៀងធ្វើឱ្យកាបូបរហែកធ្លាក់ជ្រុះលុយមកដី ហើយភ្លាមនោះរូបគាត់បានស្រែកថាចោរៗឱ្យគេជួយ ធ្វើឱ្យជនសង្ស័យភ័យបោះចោលកាបូបបម្រុងជិះម៉ូតូគេចខ្លួន តែត្រូវបានប្រជាពលរដ្ឋចាប់បានប្រគល់ជូនសមត្ថកិច្ចតែម្ដង។
សូមបញ្ជាក់ផងដែរថា នៅក្នុងកាបូបដៃរបស់ស្ត្រីរងគ្រោះមានលុយសរុបជិត៨ លានរៀល។

ក្រោយកើតហេតុសមត្ថកិច្ចនគរបាលប៉ុស្តិ៍កាកាបទី១ទៅដល់ក៏បាននាំខ្លួនជនសង្ស័យយកទៅធ្វើការសាកសួរនៅប៉ុស្តិ៍កាកាប១ រួចហើយបញ្ជូនបន្តទៅកាន់ប៉ុស្តិ៍នគរបាលអូរបែកក្អមដែលជាម្ចាស់ទឹកដីកើតហេតុកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់៕

...

ដោយ៖ និន សុភស្ត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print