ភ្នំពេញ: សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណសហព័ន្ធ បាល់ទាត់ពិភពលោក និងក្រុមហ៊ុនកូកាកូឡា ក៏ដូចជា គណៈកម្មការអូឡាំពិកកម្ពុជា ដែលបានសហការរៀបចំ ដំណើរមកដល់ពានរង្វាន់បាល់ទាត់ពិភពលោក។
សម្តេចតេជោ ហ៊ុន សែន ប្រកាសលើកឡើងសំណើសុំឱ្យ អាស៊ានដេញថ្លៃធ្វើម្ចាស់ផ្ទះបាល់ទាត់ពិភពលោកនៅ ឆ្នាំ២០៣៤ ឬ២០៣៨។
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបែបនេះ ខណៈអញ្ជើញជាអធិបតីក្នុងព្រឹត្តិការណ៍ដំណើរទេសចរណ៍ ពានរង្វាន់បាល់ទាត់ពិភពលោក (FIFA WORLD CUP) ឆ្លងកាត់ព្រះរាជាណាចក្រកម្ពុជាជាលើកដំបូងនាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២នេះ ដែលពិធីនេះធ្វើឡើងដោយផ្ទាល់នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃពុធ ១រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២។
សូមបញ្ជាក់ថា, ពានបាល់ទាត់ពិភពលោកធ្វើពីមាសសុទ្ធទម្ងន់ជាង ៦គីឡូក្រាម បានដឹកតាមជើងហោះហើរឯកជនពិសេស (Private Jet)។ ការមកដល់ពានរង្វាន់បាល់ទាត់ពិភពលោក ដែលមានតម្លៃប្រមាណ ២០លានដុល្លារនេះ ធ្វើឡើងក្រោមកម្មវិធីដំណើរគោចរពានរង្វាន់បាល់ទាត់ពិភពលោក ដើម្បីអបអរសាទរការប្រកួតកីឡាបាល់ទាត់ដណ្ដើមពានរង្វាន់ពិភពលោក នាខែធ្នូ ឆ្នាំ២០២២ នៅទីក្រុងដូហា ប្រទេសកាតា។
ការមកដល់នៃពានរង្វាន់បាល់ទាត់ពិភពលោកនាថ្ងៃនេះ គឺជាការបង្ហាញវត្តមានលើកដំបូងនៅលើទឹកដីកម្ពុជា ចាប់តាំងពីពាននេះត្រូវបានបង្កើតឡើង នៅឆ្នាំ១៩៧៤។ កម្ពុជានឹងរៀបចំនូវព្រឹត្តិការណ៍មួយចំនួនជាការស្វាគមន៍នៃការមកដល់ពានបាល់ទាត់ពិភពលោកនេះ។ ព្រឹត្តិការណ៍នោះរួមមាន៖ ក្បួនដង្ហែពានរង្វាន់ពីព្រលាន យន្តហោះអន្តរជាតិភ្នំពេញ មកកាន់វិមានសន្តិភាព, ពិធីទទួលស្វាគមន៍ និងលើកពានរង្វាន់ពិភពលោក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នៅវិមានសន្តិភាព។ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក៏នឹងរៀបចំពិធីស្វាគមន៍ភ្ញៀវចូលទស្សនា និងថតរូបជាមួយពានរង្វាន់បាល់ទាត់ពិភពលោក នៅពហុកីឡដ្ឋានជាតិមរតកតេជោ ចាប់ពីម៉ោងប្រហែល ១រសៀល រហូតដល់ម៉ោង ១០យប់ អមដោយតន្ត្រីសម័យកំដរផងដែរ។
ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ និងយុវជន-យុវនារី អ្នកស្នេហាវិស័យកីឡាបាល់ទាត់ទាំងអស់ ចូលរួមអបអរសាទរឱ្យបានច្រើនកុះករ និងមោទនភាពជាតិ ដោយក្តីស្មោះសរចំពោះព្រឹត្តិការណ៍ ជាប្រវត្តិសាស្ត្រថ្មីមួយទៀតសម្រាប់កម្ពុជា ៕
ដោយ : សិលា