លោកស្រី​ ឱ វណ្ណឌីន៖​ បន្តចុះត្រួតពិនិត្យវឌ្ឍនភាពការងារចាក់វ៉ាក់សាំងកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៍មានពី​ក្រសួង​សុខាភិបាល​ បានឱ្យដឹងនៅព្រឹកថ្ងៃ​ពុធ​ទី​១៥​ ខែមិថុនា​ ឆ្នាំ​២០២២នេះថា​៖​ លោកស្រី​ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស អមដំណើរដោយលោកស្រី វេជ្ជបណ្ឌិត លី អាយលែន តំណាងអង្គការសុខភាពពិភពលោក ប្រចាំនៅកម្ពុជា និងក្រុមការងារក្រសួងសុខាភិបាលបានបន្តចុះត្រួតពិនិត្យវឌ្ឍនភាពការងារចាក់វ៉ាក់សាំងកូវីដ-១៩ ដែលមានទីតាំងស្ថិតនៅមណ្ឌលសុខភាពគ្រើល និងក្នុងបរិវេនសាលាបឋមសិក្សា មិត្តភាព តានបៀន ក្នុងខេត្តកំពង់ធំ កាលពីថ្ងៃទី១៤ ខែមិថុនា​ម្សិលមិញនេះ​។

ជាមួយគ្នានេះលោកស្រី ឱ វណ្ណឌីន ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ ដែលដល់វេនត្រូវចាក់ដូសទី២ ឬចាក់ដូសទី៣ ត្រូវរួសរាន់មកចាក់ នៅតាមទីតាំងមូលដ្ឋានសុខាភិបាលរបស់ខ្លួន ដែលនៅជិតផ្ទះ ដើម្បីបង្កើននូវកងការពារជំងឺកូវីដ-១៩ ដូចនេះហើយលោកស្រី បានបន្តផ្តាំផ្ញើអោយប្រជាពលរដ្ឋចូលរួមថែរក្សាអនាម័យអោយបានគ្រប់ៗគ្នា ក៏ដូចជាគោរពពាក្យស្លោករបស់រាជរដ្ឋាភិបាល ដែលបានដាក់ជូនគឺ «៣កុំ ៣ការពារ» បូករួមជាមួយការចាក់វ៉ាក់សាំង ឱ្យបានគ្រប់ចំនួនដូសផងដែរ បើទោះបីកម្ពុជាមកដល់ពេលនេះ មិនទាន់បានរកឃើញនូវករណីឆ្លងវីរុសកូវីដ១៩ ក៏ដោយ ។

បន្ទាប់ពីលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានអញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការងារចាក់វ៉ាក់សាំងកូវីដ-១៩ ចំនួន២ ទីតាំងក្នុងខេត្តកំពង់ធំ រួចមក នៅរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ លោកស្រី​ ឱ វណ្ណឌីន បានអញ្ជើញចូលរួមជួបពិភាក្សាការងារជាមួយឯកឧត្តម ទូច សុខា អភិបាលនៃគណៈអភិបាលរងខេត្តកំពង់ធំ ស្តីពីដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌខេត្តកំពង់ធំ ។ នៅក្នុងកិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី លោកស្រី វេជ្ជបណ្ឌិត លី អាយលែន តំណាងអង្គការសុខភាពពិភពលោក ប្រចាំនៅកម្ពុជា ក្រុមការងារក្រសួងសុខាភិបាល និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print