លោករដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និសីទស្តីពី “ការអភិវឌ្ឍជំនាញឌីជីថលនៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានបញ្ជាក់ថា, នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលនវានុវត្តន៍នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និសីទស្តីពី “ការអភិវឌ្ឍជំនាញឌីជីថលនៅកម្ពុជា” ដោយមានការអញ្ជើញចូលរួមពីលោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ថ្នាក់ដឹកនាំក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ថ្នាក់ដឹកនាំ សាស្ត្រាចារ្យរបស់ CADT តំណាងគ្រឹះស្ថានអប់រំឧត្តមសិក្សា ក្រុមហ៊ុនបច្ចេកវិទ្យា និងដៃគូអភិវឌ្ឍន៍ ប្រមាណ ១៦០នាក់។

សន្និសីទនេះ រៀបចំឡើងក្នុងគោលបំណងដើម្បីស្វែងយល់ពីស្ថានភាពបច្ចុប្បន្ន បញ្ហាប្រឈម និងកាលានុវត្តភាពលើការកសាងមូលធនមនុស្សឌីជីថល ដើម្បីស្វែងរក ដំណោះស្រាយ និងឧត្តមានុវត្តក្នុងការចូលរួមពង្រឹងគុណភាពបណ្ដុះបណ្តាលជំនាញបច្ចេកវិទ្យាឌីជីថល ឆ្លើយតបទៅនឹងតម្រូវការទីផ្សារបច្ចុប្បន្ន និងអនាគត។

ថ្លែងក្នុងពិធីបើកសន្និសីទនាឱកាសនោះ លោករដ្ឋមន្ត្រី បានមានប្រសាសន៍ថា គោលដៅសំខាន់នៃវេទិកានេះគឺដើម្បីប្រមូលផ្តុំស្ថាប័នពាក់ព័ន្ធក្នុងវិស័យអប់រំ សម្រាប់ចូលផ្ដល់មតិយោបល់រៀបចំវគ្គបណ្តុះបណ្តាល និងកម្មវិធីសិក្សាជំនាញ ICT ឡើងវិញស្របតាមតម្រូវការ និងនិន្នាការវិវត្តន៍នៃបច្ចេកវិទ្យាពិភពលោក។ ការជំរុញអក្ខរកម្មឌីជីថល និងធ្វើឲ្យប្រសើរឡើងនៃការសិក្សាជំនាញឌីជីថល នឹងជួយគាំទ្រដល់ការអនុវត្តក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ និងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥។

នៅក្នុងឱកាសនោះដែរ លោករដ្ឋមន្ត្រី បានស្នើដល់ស្ថាប័នពាក់ព័ន្ធទាំងអស់ ចូលរួមផ្តល់ធាតុចូលបន្ថែម លើសេចក្តីព្រាងគោលនយោបាយជាតិស្តីពីការអភិវឌ្ឍវិស័យឌីជីថល ២០៣០ ដែលគោលនយោបាយនេះ មានចក្ខុវិស័យ អភិវឌ្ឍន៍វិស័យឌីជីថលឱ្យក្លាយជាកម្លាំងចលករជំរុញល្បឿនបរិវត្តកម្មរដ្ឋាភិបាល សេដ្ឋកិច្ច និងសង្គមឌីជីថល ដើម្បីលើកកម្ពស់នវានុវត្តន៍ ឧត្តមភាពប្រកួតប្រជែងនៅលើឆាកអន្តរជាតិ និងការអភិវឌ្ឍប្រកបដោយម្ចាស់ការ ចីរភាព និងបរិយាបន្ន ៕

...


ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print