ខេត្តសៀមរាប៖ មនុស្សចំនួន ៥នាក់ បានដេីររៀបគម្រោង និងអះអាងខ្លួនថាជាឯកឧត្តម ឬឧកញ៉ា យកម៉ាស៊ីនភ្លើងលក់ ត្រូវកម្លាំងនគរបាលខេត្តសៀមរាប ឃាត់ខ្លួនយកមកសាកសួរ ដេីម្បីចាត់ការតាមច្បាប់។ នេះបេីយោងតាមប្រភពព័ត៍មានពីរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ បានឱ្យដឹងនៅព្រឹកថ្ងៃពុធទី១៥ ខែមិថុនា ឆ្នាំ២០២២។
របាយការណ៍ដដែល បន្តថា កម្លាំងអធិការដ្ឋានក្រុងសៀមរាប កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ បានឃាត់ខ្លួនជនសង្ស័យចំនួន ០៥នាក់ ករណីឆបោក រៀបគម្រោង និងអះអាងខ្លួនថាជាឯកឧត្តម ឬឧកញ៉ា យកម៉ាស៊ីនភ្លើងលក់ កាលពីវេលាម៉ោង ១រសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ថ្មីៗនេះ ស្ថិតនៅក្នុងភូមិត្រពាំងវែង សង្កាត់ក្របីរៀល ក្រុងសៀមរាប ខេត្តសៀមរាប ។
មន្ត្រីនគរបាល ខេត្តសៀមរាប បានឲ្យដឹងថា ៖ ជនសង្ស័យចំនួន០៥នាក់ រួមមាន៖ ១. ឈ្មោះ សុះ សាលី ភេទប្រុស អាយុ ៥២ឆ្នាំ មុខរបរ មិនពិតប្រាកដ មានស្រុកកំណើតនៅភូមិព្រែករាំង ឃុំព្រៃតាសេក ស្រុកមុខកំពូល ខេត្តកំពង់ចាម ទីលំនៅបច្ចុប្បន្ន ភូមិ៣ សង្កាត់ច្រាំងចំរះ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ ២. ឈ្មោះ មឿន សារ៉ាវី ហៅ សឿន សាវី ភេទប្រុស អាយុ ៥០ឆ្នាំ មុខរបរ យោធាព្យួឈ្មោះនៅកងពលអន្តរាគមន៍លេខ២ ជើងគោក មានស្រុកកំណើតនៅភូមិកំពង់សំបូរ ឃុំសំរោង ស្រុកសង្កែ ខេត្តបាត់ដំបង បច្ចុប្បន្ននៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានី ភ្នំពេញ ។ ៣. ឈ្មោះ ទីន លី ភេទប្រុស អាយុ ៥៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្រុកកំណើតភូមិព្រែកតាងួន ឃុំព្រែកតាងួន ស្រុកកោះសូទិន ខេត្តកំពង់ចាម មានទីលំនៅបច្ចុប្បន្ននៅភូមិច្រាំងចំរះទី២ សង្កាត់ច្រាំងចំរះទី២ ខណ្ឌអូរឫស្សី រាជធានីភ្នំពេញ ។ ៤. ឈ្មោះ ឈុន សុជា ហៅ ហ៊ុយ ភេទប្រុស អាយុ ៤៥ឆ្នាំ មុខរបរ មិនពិតប្រាកដ មានស្រុកំណើតនៅភូមិស្តៅ ឃុំត្រែង ស្រុកវឌ្ឍនសង្គម ខេត្តបាត់ដំបង មានទីលំនៅបច្ចុប្បន្ននៅភូមិឃ្លាំងស្បែក ឃុំកំពង់ហ្វួង ស្រុកពញាឮ ខេត្តកណ្តាល។ ៥. ឈ្មោះ ស្មាន ស្មាអែល ភេទប្រុស អាយុ ៤៣ឆ្នាំ មុខរបរ មិនពិតប្រាកដមានស្រុកំណើតនិងទីលំនៅបច្ចុប្បន្នភូមិឃ្លាំងស្បែក ឃុំកំពង់ហ្វួង ស្រុកពញាឮ ខេត្តកណ្តាល ។ ចំណែកឯជនរងគ្រោះឈ្មោះ រឹត សា ភេទស្រី អាយុ ២៥ឆ្នាំ ភូមិត្រពាំងវែង សង្កាត់ក្របីរៀល ក្រុងសៀមរាប ខេត្តសៀមរាប
សមត្ថកិច្ចបានបញ្ជាក់ថា ៖ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង១៣ និង០០នាទី មានករណីឆបោក( រៀបគម្រោង និងអះអាងខ្លួនថាជាឯកឧត្តម ឬឧកញ៉ា យកម៉ាស៊ីនភ្លើងលក់ )នៅភូមិត្រពាំងវែង សង្កាត់ក្របីរៀល ក្រុង/ខេត្តសៀមរាប បង្កឡើងដោយជនសង្ស័យចំនួន ០៥នាក់ ជិះរថយន្តម៉ាកឡិចស៊ីស RX300 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ២R-៤១៧៩ បានចូលទៅផ្ទះជនរងគ្រោះឈ្មោះ រឹត សា ភេទស្រី អាយុ ២៥ឆ្នាំ រស់នៅភូមិកើត ហើយប្រាប់ជនរងគ្រោះថាខ្លួនជាឯកឧត្តម មានម៉ាស៊ីនភ្លើងលក់ដែលមិត្តភ័ក្កឲ្យដោយតម្លៃដើម១២០០ដុល្លារ ហើយចង់លក់យកលុយទិញស្រាផឹក ដោយប្រាប់ជនរងគ្រោះទៀតថា បើទិញពួកខ្លួនលក់តែតម្លៃ ៧០០ដុល្លារទេ ។ ពេលនោះជនរងគ្រោះមិនព្រមទិញ ក៏ធ្លាក់ថ្លៃក្នុងតម្លៃ៤០០ដុល្លារ តែជនរងគ្រោះនៅតែមិនទិញ ។ បន្ទាប់មកជនសង្ស័យបានលួងលោមជនរងគ្រោះ ដោយបក្ខពួកបាននាំជនរងគ្រោះទៅយកប្រាក់បានចំនួន ២៧០ដុល្លារ ខណៈពេលដែលនាំជនរងគ្រោះទៅយកប្រាក់ ក្រុមជនសង្ស័យម្នាក់ទៀតបានប្រាប់ទៅប្អូនប្រុសជនរងគ្រោះថា (បងឯងខ្វះលុយអោយថែមស្រាបៀ ចំនួន១៥កេះ )ហើយប្អូនជនរងគ្រោះក៏ជួយលើកដាក់រថយន្តជនសង្ស័យ ។ ក្រោយពីធ្វើសកម្មភាពហើយជនសង្ស័យបាននាំគ្នាបើករថយន្តគេចខ្លួនបាត់ ។
បន្ទាប់ពីទទួលពាក្យបណ្តឹងជនរងគ្រោះសមត្ថកិច្ចបានស្រាវជ្រាវ និងស្វែងរកជនសង្ស័យនិងរថយន្តជនសង្ស័យ ដោយនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ ក្រុមជនសង្ស័យបំរ៉ុងធ្វើសកម្មភាពបោកប្រាស់ប្រជាពលរដ្ឋដោយលក់ម៉ាស៊ីនភ្លើងទៀតនៅផ្សារកន្រ្តក ក្នុងភូមិកន្រ្តក សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប ត្រូវសមត្ថកិច្ចយើងប្រទះឃើញ តែក្រុមជនសង្ស័យបានបើករថយន្តគេចខ្លួន រហូតដល់ចំណុចខាងលិចរង្វង់ស្វាយធំ ក្នុងភូមិជ្រៃ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ទើបសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបានទាំង០៥នាក់ខាងលើមកសួរនាំ ហើយយកមកសួរនាំ ។
តាមចម្លើយសារភាពរបស់ជនសង្ស័យ ៖
០១.
ជនសង្ស័យឈ្មោះ សុះ លី បានឆ្លើយសារភាពថា ខ្លួនបានប្រាប់បក្ខពួកអោយហៅខ្លួនថាឯកឧត្តម ឬឧកញ៉ា ដើម្បីអោយការលក់ម៉ាស៊ីនភ្លើង មានភាពរលូន និងមានចាត់តាំងបក្ខពួកជាអង្គអក្ស ហើយនៅថ្ងៃកើតហេតុខ្លួនពិតជាបានប្រាប់ទៅជនរងគ្រោះថាខ្លួនមានងារជាឯកឧត្តម និងមានម៉ាស៊ីនភ្លើងលក់ តម្លៃដើម ១២០០ដុល្លារ ហើយចង់លក់យកលុយទិញស្រាផឹក ដោយប្រាប់ជនរងគ្រោះទៀតថា បើទិញ ពួកខ្លួនលក់តែតម្លៃ ៧០០ដុល្លារទេ ពេលនោះជនរងគ្រោះបដិសេធ ក៏ធ្លាក់ថ្លៃក្នុងតម្លៃ៤០០ដុល្លារ តែជនរងគ្រោះនៅតែបដិសេធមិនទិញ បន្ទាប់មកខ្លួនពិតបានលួងលោមជនរងគ្រោះ ហើយអោយបក្ខពួកបាននាំជនរងគ្រោះទៅយកប្រាក់បានចំនួន២៧០ដុល្លារ ក្នុងពេលដែរនាំជនរងគ្រោះទៅយកប្រាក់ ក្រុមខ្លួនបានប្រាប់ទៅប្អូនប្រុសជនរងគ្រោះថា( បងឯងខ្វះលុយអោយថែមស្រាបៀ ចំនួន១៥កេះ )ប្រាកដមែន រីឯប្រាក់ដែលពីការបោកប្រាស់លក់ម៉ាស៊ីនភ្លើង ខ្លួនជាអ្នកបែងចែកចំណែក។
២. ជនសង្ស័យឈ្មោះ មឿន សារ៉ាវី បានឆ្លើយសារភាពថា ខ្លួនត្រូវបានឈ្មោះ សុះ លី អោយធ្វើជាអង្គរក្ស និងពេលលើកម៉ាស៊ីនភ្លើងលក់ ព្រមទាំងអោយពាក់ឯកសណ្ឋានយោធា លក់ម៉ាស៊ីនភ្លើង ក្នុងការលក់ម៉ាស៊ីនភ្លើងដាច់ខ្លួនក៏ទទួលបានចំណែកផងដែរ។
៣. ជនសង្ស័យឈ្មោះ ទីន លី បានឆ្លើយសារភាពថាខ្លួនត្រូវបានឈ្មោះ សុះ លី នាំមករកស៊ីជាមួយដោយខ្លួនជាអ្នកបើកឡាន ដើម្បីលក់ម៉ាស៊ីនភ្លើង និងចុះអមពេលឈ្មោះ សុះ លី ចុះទៅលក់ម៉ាស៊ីនភ្លើង ក្នុងការលក់ម៉ាស៊ីនភ្លើងដាច់ខ្លួនក៏ទទួលបានចំណែកផងដែរ។
៤. ជនសង្ស័យឈ្មោះ ឈុន សុជា ហៅហ៊ុយ បានឆ្លើយសារភាពថា ខ្លួនពិតជាបានចូលរួមធ្វើសកម្មភាពជាមួយបក្ខពួកដោយខ្លួន ត្រូវឈ្មោះ សុះ លី អោយធ្វើជាអង្គរក្ស និងហៅឈ្មោះ សុះ លី ថាឯកឧត្តម ឬឧកញ៉ា ពេលលក់ម៉ាស៊ីន ហើយខ្លួនពិតជាបានប្រាប់ទៅប្អូនជនរងគ្រោះថា ការលក់ម៉ាស៊ីនភ្លើងនេះ គឺខ្វះប្រាក់ និងអោយប្អូនជនរងគ្រោះជួយលើកស្រាបៀ ដាក់រថយន្ត ក្នុងការលក់ម៉ាស៊ីនភ្លើងដាច់ខ្លួនក៏ទទួលបានចំណែកផងដែរ។
៥.ជនសង្ស័យឈ្មោះ ស្មាន ស្មាអែល បានឆ្លើយសារភាពដូចជនសង្ស័យ ឈ្មោះឈុន សុជា ហៅហ៊ុយ ដែរ ។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចដកហូតបាន រថយន្តចំនួន ០១គ្រឿង ម៉ាស៊ីនភ្លើងក្រុមជនសង្ស័យចំនួន ០១គ្រឿង និងម៉ាស៊ីនភ្លើងដែលជនសង្ស័យលក់អោយជនរងគ្រោះចំនួន ០១គ្រឿង ។
បច្ចុប្បន្នជនសង្ស័យខាងលេីនេះ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២នេះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដេីម្បីអនុវត្តតាមនីតិវិធីបន្ត៕
ដោយ៖សហការី