អាជ្ញាធរខេត្តសៀមរាប ដាក់ចេញផែនការបន្ថែម ដើម្បីផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដែលជាដូសជំរុញ ជូនដល់ប្រជាពលរដ្ឋ ពិសេសជនមានពិការភាព និងជនងាយរងគ្រោះ

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៍មានពី​រដ្ឋបាលខេត្ត​សៀមរាប​ បានឱ្យដឹងនៅព្រឹកថ្ងៃពុធទី១៥​ ខែមិថុនា ឆ្នាំ២០២២នេះថា៖ រដ្ឋបាលខេត្ត​ បានរៀបចំកិច្ចប្រជុំ ស្តីពីការសម្របសម្រួលគម្រោងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋដែលជាក្រុមងាយរងគ្រោះ និងជនមានពិការភាពនៅទូទាំងខេត្តសៀមរាប ដែលមិនទាន់ទទួលបានការចាក់ថ្នាំបង្ការជំងឺកូវីដ១៩គ្រប់ដូស ឬដូសជំរុញបន្ថែម កាលពីថ្ងៃទី​១៤​ ខែមិថុនា​ម្សិលមិញនេះ​ ក្រោមការដឹកនាំរបស់លោកស្រី យូ សុភា អភិបាលរងខេត្ត និងជាប្រធានក្រុមការងារគាំទ្រគម្រោងសេវាសង្គមថ្នាក់ខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពី តំណាងមន្ទីរ សុខាភិបាល មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត មន្ទីរផែនការខេត្ត ទីចាត់ការ ទំនាក់ទំនងសាធារណៈ និងសហប្រតិបត្តិការអន្តរជាតិ ទីចាត់ការផែនការនិងវិនិយោគ អភិបាលរងក្រុង ស្រុក ជនបង្គោលសេវាសង្គមក្រុង ស្រុក តំណាងអង្គការយូនីសេហ្វ និងតំណាងអង្គការរ៉ាឆា ចូលរួមផងដែរ។

នៅក្នុងកិច្ចប្រជុំពិភាក្សានេះ អង្គប្រជុំបានពិនិត្យទៅលើបញ្ហាមួយចំនួនអំពីមូលហេតុដែលប្រជាជពលរដ្ឋមួយចំនួនដែលមានពិការភាព និងក្រុមងាយរងគ្រោះមួយចំនួនពុំទាន់បានទទួលការចាក់វ៉ាក់សាំងបង្ការឆ្លងជំងឺកូវីដ១៩ គ្រប់ដូស ឬ ជាដូសជំរុញបន្ថែម ដែលរាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ទៅលើសុខភាពរបស់ប្រជាពលរដ្ឋគ្រប់រូប ដោយមិនមានការរើសរើង ឬក៏ទុកប្រជាពលរដ្ឋណាម្នាក់ចោល ដោយមិនឱ្យពួកគេមិនទទួលបាននូវអ្វីដែលពួកគេត្រូវតែទទួលបាននោះឡើយ ពោលគឺរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតឈ្លាសវៃ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញ និងអនុវត្តនូវយុទ្ធសាស្ត្រ ការចាក់ស្រោចវ៉ាក់សាំងជូនប្រជាពលរដ្ឋទូទាំងប្រទេស។

លើសពីនោះទៅទៀត សម្តេចតេជោ បានជំរុញឱ្យមានការពិនិត្យបន្ថែមអំពីលទ្ធភាពរបស់ប្រជាពលរដ្ឋដែលជាគ្រួសារក្រីក្រ ជនមានពិការភាព និងជនងាយរងគ្រោះ ឬ បងប្អូនពលករដែលបានវិលត្រឡប់មកពីក្រៅប្រទេសវិញ ដែលនៅឆ្ងាយ ឬនៅតំបន់ដាក់ស្រយាល ដែលខ្វះមធ្យោបាយធ្វើដំណើរ ឬ ពុំទទួលបានពត៌មានអំពីការផ្តល់ជូននូវវ៉ាក់សាំងដែលជាដូសជំរុញជាបន្តបន្ទាប់នោះ ដូចនេះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវគិតគូ និងផ្តល់ជូនប្រជាពលរដ្ឋតាមលទ្ធភាពដែលអាចធ្វើទៅបាន ទៅតាមការផ្តល់ជូន និងការកំណត់របស់ក្រសួងសុខាភិបាល។

ដើម្បីឆ្លើយតបទៅនឹងបញ្ហារបស់ប្រជាពលរដ្ឋខាងលើ អង្គប្រជុំបានរៀបចំផែនការចុះផ្សព្វជំរុញបន្ថែម និងសម្របសម្រួលលើការរៀបចំទីតាំងចាក់ផ្តល់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ឱ្យបានគ្រប់ដូស ពិសេសគ្រួសារក្រីក្រងាយរងគ្រោះ និងជនមានពិការភាព ដោយមានការចូលរួមពីអាជ្ញាធរពាក់ព័ន្ធ ព្រមទាំងមានការរួមគាំទ្រ និងសហការពីអង្គការយូនីសេហ្វ និងអង្គការរ៉ាឆាផងដែរ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ១៩ និងកិច្ចគាំពារសង្គម៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print