ភ្នំពេញ : នៅព្រឹកថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ២០២២ លោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្រ្តីការបរទេសអាស៊ាន-ឥណ្ឌា ដើម្បីរំព្ញកខួបលើកទី៣០នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ឥណ្ឌា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៦-១៧ ខែមិថុនា ឆ្នាំ២០២២ នៅរដ្ឋធានីញូវដេល្លី ប្រទេសឥណ្ឌា។
តបតាមការអញ្ជើញរបស់ លោកបណ្ឌិត ចៃហ្វានកា (S. Jaishankar) រដ្ឋមន្ត្រីការបរទេស ឥណ្ឌា លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូអញ្ជើញទៅចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេស អាស៊ាន-ឥណ្ឌា ដើម្បីរំឭកខួបលើកទី៣០នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ឥណ្ឌា ដែលនឹងប្រព្រឹត្ត ទៅនៅថ្ងៃទី ១៦-១៧ ខែមិថុនា ឆ្នាំ២០២២ នៅរដ្ឋធានីញូវដេលី ប្រទេសឥណ្ឌា។
រដ្ឋមន្ត្រីការបរទេសអាស៊ាន និងលោកបណ្ឌិត ចៃហ្វានកា នឹងផ្លាស់ប្តូរទស្សនៈលើកិច្ច សហប្រតិបត្តិការអាស៊ាន-ឥណ្ឌា និងពិភាក្សាអំពីវិធីសាស្ត្រ និងមធ្យោបាយនានា ដើម្បីជំរុញទំនាក់ ទំនងកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការអាស៊ាន-ឥណ្ឌាបន្ថែមទៀត ក្នុងការដោះស្រាយបញ្ហា ទាក់ទងនឹងការស្ដារសេដ្ឋកិច្ចពិភពលោកឡើងវិញក្រោយកូវីដ-១៩ និងបញ្ហាប្រឈមផ្សេងៗទៀត។ បញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងក្តីបារម្ភរួម ក៏នឹងត្រូវបានលើកយកមកពិភាក្សា ផងដែរ។ កិច្ចប្រជុំនេះ គូសបញ្ជាក់អំពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការពង្រឹងបន្ថែមទៀតនូវភាពជា ដៃគូរវាងអាស៊ាន-ឥណ្ឌា សម្រាប់កិច្ចសហប្រតិបត្តិការរយៈពេលវែង ដើម្បីសន្តិភាព ស្ថិរភាព សន្តិសុខ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅក្នុង និងក្រៅតំបន់។
ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំខាងលើ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹង អញ្ជើញចូលរួមថ្លែងសុន្ទរកថាក្នុងនាមជាភ្ញៀវពិសេសនៃកិច្ចសន្ទនាទីក្រុងញូវដេល្លីលើកទី១២ (Delhi Dialogue XII) ក្រោមមូលបទ “ការកសាងស្ពាននៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក» ដែលវិទ្យាស្ថាន ស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា (ERIA) សហការរៀបចំជាមួយក្រសួងការបរទេស ឥណ្ឌា។
ក្នុងអំឡុងពេលស្នាក់នៅទីក្រុងញូវដេលី លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រួម ជាមួយរដ្ឋមន្ត្រីការបរទេសអាស៊ានដទៃទៀត និងអគ្គលេខាធិការអាស៊ាន នឹងអញ្ជើញចូលជួបសម្ដែង ការគួរសមចំពោះ លោក ណារិនដ្រា ម៉ូឌី នាយក មន្រ្តីឥណ្ឌា ផងដែរ ៕
ដោយ : សិលា