ភ្នំពេញ៖ ចរន្តអគ្គិសនីបានទុស្សេឆេះផ្ទះមានយីហោ SN collection បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋមានផ្ទះជិតខាងរត់ចេញនិងជួយយកបំពង់ពន្លត់អគ្គិភ័យនិងទុយយោទឹកជួយបាញ់ពន្លត់ ហើយរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងក៏បានមកដល់ទីតាំងកើតហេតុត្រៀមជួយអន្តរាគមន៍ផងដែរ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង០៤និង១៥នាទីរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២នៅចំណុចផ្ទះលេខ១៧១ មានយីហោ SN collection ផ្លូវសុកហុក សង្កាត់អូរឫស្សីទី១ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា នៅមុនពេលកើតហេតុ ទីតាំងផ្ទះខាងលើកំពុងមានជាងជួសជុលផ្នែកខាងក្នុង ខណៈនោះស្រាប់តែមានផ្សែងខ្មៅហុយចេញមកក្រៅ ហើយជាងជួសជុលក៏រត់ចេញមកខាងក្រៅផងដែរ។ ពលរដ្ឋជិតខាងបានជួយយកទុយយោទឹក និងបំពង់ពន្លត់អគ្គិភ័យបាញ់ពន្លត់ ហើយភ្លាមៗនោះរថយន្តពន្លត់អគ្គិភ័យជាច្រើនអង្គភាពក៏បានមកដល់ទីតាំងកើតហេតុត្រៀមជួយបាញ់ទឹកពន្លត់និងបានលាទុយយោប្រុងបាញ់ទឹកផងដែរ តែត្រូវបានពលរដ្ឋបាញ់ពន្លត់រលត់អស់ទៅហើយ នៅតែផ្សែងហុយបន្តិចបន្តួចប៉ុណ្ណោះ ហើយម្ចាស់ផ្ទះក៏បានសុំមិនឱ្យរថយន្តពន្លត់អគ្គិភ័យបាញ់ទឹកដែរ ព្រោះខ្លាចខូចសម្ភារក្នុងផ្ទះ។
ក្នុងករណីនេះ មន្រ្តីជំនាញបានឱ្យដឹងថា មូលហេតុនៃការឆាបឆេះនេះអាចបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី និងខូចខាតសម្ភារក្នុងផ្ទះបន្តិចបន្តួចប៉ុណ្ណោះ៕ ដោយ រ៉ារ៉ា