ភ្នំពេញ៖ យ៉ាងហោចណាស់មានបវរកញ្ញា ពិភពលោកក្នុងកម្មវិធី (Miss Global 2015) ៤រូប នឹងធ្វើទស្សនកិច្ចមកកាន់ប្រទេសកម្ពុជា រយៈពេល៧ថ្ងៃ បន្ទាប់ពីពួកនាងបានបញ្ចប់ ការប្រកួតសម្រស់ នៅក្នុងប្រទេសហ្វីលីពីន កាលពីចុងឆ្នាំ២០១៥។ ពួកគេនឹងមកដល់កម្ពុជានៅល្ងាចថ្ងៃទី៥ ខែឧសភា នេះក្រោមការរៀបចំស្វាមគមដោយសមាគមសិល្បករខ្មែរ។
បវរកញ្ញា Miss Global 2015 ទាំង៤រូបនោះរួមមាន បវរកញ្ញាសហរដ្ឋអាមេរិក បវរកញ្ញាអូស្រ្តាលី បវរកញ្ញាមកពីប្រទេសអៀឡង់ និងបវរកញ្ញាមកពីប្រទេសប៊ុលការី ដោយអវត្តមានតែបវរកញ្ញា នៃប្រទេសហ្វីលីពីន ដែលជាប់ចំណាត់ថ្នាក់លេខ៣មួយគត់ ក្នុងចំណោមអ្នកជាប់ចំណាត់ថ្នាក់ទាំង៥រូប សម្រាប់ Miss Global 2015។
ប្រធានសមាគមសិល្បករខ្មែរលោក សុះ ម៉ាច បានអះអាងថា ក្រោយពីបវរកញ្ញា ក្នុងចំណោមពួកគេបានឆ្លើយសំណួរ ក្នុងពេលប្រលងថាចង់ឃើញប្រាសាទអង្គរវត្ត ក្រោយពេលប្រលងជាប់ ទើបគណកម្មការរៀបចំការប្រកួតបានទំនាក់ទំនង មកកាន់សមាគមសិល្បករខ្មែរ ដើម្បីស្វែងរកឱកាសឲ្យបវរកញ្ញាដែលជាប់ចំណាត់ថ្នាក់ទាំងអស់ បានមកកាន់កម្ពុជា។ គាប់ជួនក្នុងថ្ងៃទី៨ ឧសភាខាងមុខ សមាគមសិល្បករខ្មែរក៏មានពិធីសប្បុរសធម៌ធំមួយនៅចតុមុខ ដើម្បីស្វែងរកថវិកាជួយមន្ទីរពេទ្យកុមារអង្គរ និងគន្ធបុប្ផាផង សមាគមក៏ស្នើឲ្យបវរកញ្ញា Global 2015 ទាំង៤ ចុះមកឲ្យចំ និងធ្វើពិធី ដើម្បីមកជួយនៅក្នុងកម្មវិធីសប្បុរសធម៌នោះផង។ សិល្បករខ្មែរល្បីឈ្មោះជាច្រើនក៏នឹងបង្ហាញវត្តមានរបស់ពួកគេក្នុងកម្មវិធីប្រគុំតន្ត្រីនារាត្រីថ្ងៃទី៨ឧសភាខាងមុននេះដែរ មានដូចជា អ្នកស្រី ហ៊ឹម ស៊ីវន អ្នកនាងម៉េង កែវពេជ្ជតា កញ្ញា មាស សុខសោភា អ្នកនាងឆោម ឆពុំ លោក ហួរ ឡាវី លោក រដ្ឋ មករា លោក អ៊ុក ណារីម និងសិល្បករជាច្រើនរូបទៀត។
លោក អៀង ស៊ីធុល ប្រធានកិត្តិយសសមាគមសិល្បករខ្មែរបានបញ្ជាក់ ថា ក្នុងដំណើរទស្សនកិច្ច ក្រុមបវរកញ្ញារួមជាមួយក្រុមការងារ មានបំណង៣ធំៗ ក្នុងនោះ ទី១ចូលគាស់ព្រះមហាក្សត្រ, ទី២ ទស្សនាប្រាសាទអង្គរវត្ត, និងទី៣ ចង់ឲ្យសមាគមសិល្បករខ្មែរបង្កើតកម្មវិធីប្រគំតន្ត្រី១ ដើម្បីជួយរកមូលនិធិជួយដល់កុមារក្រីក្រនៅកម្ពុជា។ ទោះជាយ៉ាងណាភាគីគណកម្មការនៅសហរដ្ឋអាមេរិកនោះបានតម្រូវឲ្យខាងភាគីខ្មែរ ទទួលខុសត្រូវសម្រាប់កន្លែងស្នាក់នៅ អាហារ និង ការធ្វើដំណើរក្នុងស្រុក។
អញ្ចឹងហើយទើប Miss Global ទាំង៤រូប នឹងចុះមកដល់កម្ពុជានៅល្ងាចថ្ងៃទី៥ ឧសភានេះ ដោយគ្រោងនៅដើរលេងផង និងមកជួយបង្ហាញខ្លួនស្វែងរកមូលនិធិនៅកម្មវិធីសម្រាប់ថ្ងៃ៨ ឧសភា នៅសាលាចតុមុខនោះផង។
លោកថាកម្មវិធីនោះ នឹងមានការសម្ដែងសិល្បៈជាច្រើនប្រភេទ ដោយអ្នកមិនត្រូវបានអញ្ជើញ នឹងត្រូវចំណាយសំបុត្រ១០ដុល្លារ សម្រាប់ភ្ញៀវខ្មែរ និង១៥ដុល្លារសម្រាប់ភ្ញៀវបរទេស ដែលថវិការបានពីការលក់សំបុត្រទាំងនេះ នឹងយកទៅជួយមន្ទីរពេទ្យទាំង២។ លោកថានេះ ជាការចូលរួមដ៏ប្រសើររបស់បវរកញ្ញាទាំង៤ ដែលនឹងធ្វើឲ្យកម្មវិធីលើកដំបូងរបស់ខ្លួនជោគជ័យ ក្នុងការលក់សំបុត្រស្វែងរកមូលនិធិ៕
ដោយ៖ វឌ្ឍនា