ភ្នំពេញ ៖ មានករណីភ្ញាក់ផ្អើលមួយ បានកើតឡើង ខណៈដែលសមត្ថកិច្ច
ខណ្ឌសែនសុខចុះឃាត់ខ្លួនជនសង្ស័យតាមមុខសញ្ញា តែត្រូវបានប្រជាពលរដ្ឋលើកគ្នាមួយភូមិមករារាំងមិនឱ្យនាំខ្លួនជនសង្ស័យយកទៅធ្វើការសាកសួរឡើយនិងបានឃាត់រថយន្តរបស់សមត្ថកិច្ចមិនឱ្យចេញមកវិញថែមទៀតផង។
ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង២០នាទីយប់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ ស្ថិតនៅក្នុងភូមិសហគមន៍អណ្ដូង៤ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ជនសង្ស័យដែលសមត្ថកិច្ចចុះទៅឃាត់ខ្លួននោះនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុពួកគាត់បានឃើញសមត្ថកិច្ចជាច្រើននាក់មិនដឹងថាមកពីខាងណានោះទេបានបើករថយន្តពីរគ្រឿងចូលមកដល់ រួចក៏ចូលចាប់ខ្លួនយុវជនម្នាក់ដែលសមត្ថកិច្ចចោទថាជាមុខសញ្ញារបស់ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបាននាពេលកន្លងមក។ ពេលសមត្ថកិច្ចចាប់ខ្លួនយុវជនខាងលើបញ្ចូលទៅក្នុងរថយន្តដើម្បីដឹកចេញទៅ ស្រាប់តែប្រជាពលរដ្ឋដែលរស់នៅក្នុងសហគមន៍ បាននាំគ្នាចេញមកតវ៉ា និងបានឃាត់រថយន្តរបស់សមត្ថកិច្ចមិនឱ្យបើកចេញមកវិញបាននោះទេ ដោយប្រជាពលរដ្ឋបានអះអាងថា យុវជនដែលសមត្ថកិច្ចឃាត់ខ្លួនយកទៅនេះមិនមែនជាបក្ខពួករបស់ជនសង្ស័យដែលពាក់ព័ន្ធនឹងសារធាតុញៀននោះឡើយ ព្រោះកន្លងមកពលរដ្ឋឃើញយុវជនម្នាក់នេះជាមនុស្សល្អ មិនដែលឃើញទៅពាក់ព័ន្ធនឹងសារធាតុញៀនខុសច្បាប់នោះទេ។
ដោយឡែកសមត្ថកិច្ចដែលបានចុះទៅក្នុងរង្វង់ប្រតិបត្តិការនេះបានបញ្ជាក់ឱ្យដឹងថា ជនសង្ស័យខាងលើនេះជាបក្ខពួករបស់ជនសង្ស័យដែលសមត្ថកិច្ចធ្វើការឃាត់ខ្លួនបាន ហើយពួកគេក៏បានចង្អុលបង្ហាញថាយុវជនខាងលើនេះគឺជាបក្ខពួករបស់គេនោះដែរ ទើបសមត្ថកិច្ចចុះមកធ្វើការឃាត់ខ្លួននិងនាំយកទៅសួរនាំបន្ត ប៉ុន្តែស្រាប់តែត្រូវបានប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍នេះចេញមកធ្វើការរារាំងកម្លាំងសមត្ថកិច្ចមិនឱ្យនាំខ្លួនយុវជនខាងលើនេះយកទៅសួរនាំទៅវិញ។
បន្ទាប់មកក៏មានវត្តមានចៅសង្កាត់គោករកា និងលោកអធិការខណ្ឌសែនសុខចុះទៅដល់កន្លែងកើតហេតុ ហើយបានធ្វើការសម្របសម្រួលជាមួយនឹងសាច់ញាតិជនសង្ស័យដើម្បីឱ្យចូលរួមសហការជាមួយនឹងសមត្ថកិច្ច។ ក្រោយពីមានការសម្របសម្រួលរួចទើបសាច់ញាតិរបស់ជនសង្ស័យបានទៅជាមួយសមត្ថកិច្ច ដោយបានយល់ព្រមឱ្យនាំខ្លួនជនសង្ស័យទៅធ្វើការត្រួតពិនិត្យដើម្បីបញ្ជាក់ឱ្យឃើញថា តើជនសង្ស័យមានជាប់ពាក់ព័ន្ធនឹងករណី គ្រឿងញៀនដែរឬក៏យ៉ាងណា៕
ដោយ៖និន សុភ័ស្ត