ខេត្តកណ្ដាល៖ ក្រុមជនសង្ស័យជាមុខសញ្ញាលួចយ៉ាងសកម្ម២នាក់ក្នុងចំណោមបក្ខពួក៤នាក់ត្រូវបានសមត្ថកិច្ចស្រុកកណ្ដាលស្ទឹងឃាត់ខ្លួនពីបទលួចមានស្ថានទម្ងន់ទោស។ ករណីនេះបានកើតឡើងកាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ ២០២២ វេលាម៉ោង១៣និង១០នាទី នៅចំណុចភូមិបុណ្ណា ឃុំព្រះពុទ្ធ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
មន្ត្រីនគរបាលស្រុកកណ្ដាលស្ទឹងបានឱ្យដឹងថា ក្រុមជនសង្ស័យមានគ្នា០៤នាក់៖ ទី១-ឈ្មោះ ឃឹម សុខហេង ភេទប្រុស អាយុ១៥ឆ្នាំ មានទីលំនៅភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ មុខរបរសិស្ស (ឃាត់ខ្លួន), ទី២-ឈ្មោះ ឡាយ ម៉េងឈី ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិព្រែកកំពឹស សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ មុខរបរអ្នកដឹកជញ្ជូន (ឃាត់ខ្លួន), ទី៣-ឈ្មោះ ឈួន គីមឡាយ ភេទប្រុស មានទីលំនៅរាជធានីភ្នំពេញ(គេចខ្លួន)និងទី៤-មិនស្គាល់អត្តសញ្ញាណ(គេចខ្លួន)។ ចំណែកជនរងគ្រោះពុំទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។
វត្ថុតាងចាប់យករួមមាន៖ ម៉ូតូចំនួន០១គ្រឿងម៉ាក Suzuki nex ពណ៌ផ្កាឈូក-ស ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខ តាកែវ 1R-6018, ទូរស័ព្ទដៃចំនួន០២គ្រឿង, អាវយឺតដៃខ្លីពណ៌ស០១និងអាវយឺតដៃខ្លីពណ៌ខ្មៅ០១។
ប្រភពដដែលបន្តថា នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ១១និង៣០នទី ក្រុមជនសង្ស័យបានជិះម៉ូតូ០២គ្រឿងមានគ្នា៤នាក់ ដោយជនសង្ស័យឈ្មោះ ឡាយ ម៉េងឈី ជាអ្នកបេីកបរម៉ូតូម៉ាក Suzuki nex ពណ៌ផ្កាឈូកលាយស រីឯជនសង្ស័យឈ្មោះ ឃឹម សុខហេងជិះខាងក្រោយ និងជនសង្ស័យឈ្មោះ ឈួន គឹមឡាយ ជាអ្នកបេីកម៉ូតូមួយទៀតម៉ាក Suzuki nex ពណ៌ស ឌុបជនសង្ស័យម្នាក់ទៀតមិនស្គាល់អត្តសញ្ញាណ បានជិះចេញពីហាងកាហ្វេមួយកន្លែងស្ថិតនៅម្តុំចំការដូង រាជធានីភ្នំពេញ ដេីម្បីទៅលេងផ្ទះរបស់ឈ្មោះ ឡាយ ម៉េងឈី នៅខេត្តតាកែវដោយធ្វើដំណើរតាមផ្លូវជាតិលេខ២។ លុះមកដល់ចំណុចកេីតហេតុជនសង្ស័យឈ្មោះ ឈួន គីមឡាយ បានជិះម៉ូតូទៅក្បែរជនរងគ្រោះភេទស្រីដែលជិះម៉ូតូតែម្នាក់ឯង ហើយភ្លាមនោះជនសង្ស័យម្នាក់ដែលជិះខាងក្រោយបានធ្វើសកម្មភាពឆក់យកកាបូបស្ពាយរបស់ជនរងគ្រោះ រួចបានយកជេីងធាក់ម៉ូតូជនរងគ្រោះបណ្ដោយឱ្យដួល។ក្រោយធ្វើសកម្មភាពឆក់ប្លន់រួច ពួកគេបានព្យាយាមជិះម៉ូតូគេចខ្លួន តែពេលនោះកម្លាំងផ្នែកព្រហ្មទណ្ឌស្រុកដែលកំពុងល្បាតបានឃេីញសកម្មភាពបែបនេះក៏ដេញតាមពីក្រោយ និងបានសហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលបាលស្រុកបាទី និងកម្លាំងអធិការដ្ឋាននគរបាលស្រុកគងពិសីបានធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ខាងលើនៅចំណុចភូមិកក់ធំ ឃុំមហាឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ រួចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹងដេីម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕
ដោយ៖ ស្អាងជ័យ