ខេត្តពោធិ៍សាត់៖ យ៉ាងហោចផ្ទះសម្បែងប្រជាពលរដ្ឋចំនួន១០ខ្នងដួលរលំរាបដល់ដី និង១៨ខ្នងទៀតរួមទាំងសម្ភាររងការខូចខាតយ៉ាងដំណំ ដោយសារខ្យល់ព្យុះកន្រ្តាក់វាយប្រហារនៅខេត្តពោធិ៍សាត់។
ហេតុការណ៌ផលប៉ះពាល់ដោយខ្យល់ព្យុះកន្រ្តាក់ខាងលើនេះបានកើតឡើងកាលពីរសៀលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៦ ស្ថិតក្នុងស្រុកកណ្ដៀងនិងស្ថិតក្នុងក្រុង ខេត្តពោធិ៍សាត់ ។
ប្រភពព័ត៌មានពីអាជ្ញាធរស្រុកកណ្ដៀងបានឲ្យដឹងថា មុនពេលកើតហេតុបន្តិចមេឃស្រទុមខ្មៅងងឹត គ្រានោះក៏ធ្លាក់ភ្លៀងស្រេចៗលាយឡំ ផ្គរ រន្ទះ ខ្យល់បោកបក់កន្រ្តាក់ជាខ្លាំង បណ្ដាលឲ្យផ្ទះសម្បែងប្រជាពលរដ្ឋរងការខូចខាតយ៉ាងដំណំ ដោយដួលរលំរបើកដំបូលនិងជញ្ជាំងសរុបអស់ចំនួន២៣ខ្នង។ ប្រភពបន្តថា នៅក្នុងភូមិក្បាលឈើពុក ឃុំស្យា ដួលរលំរាបដល់ដីចំនួន៥ខ្នងផ្ទះ របើកដំបូលជញ្ជាំងចំនួន៥ខ្នងផ្ទះ នៅភូមិធ្លាអំពិល និងភូមិចំរេះ ឃុំស្រែស្ដុកដួលរលំរាបដល់ដីអស់ចំនួន២ខ្នងផ្ទះ របើកដំបូលជញ្ជាំងអស់ចំនួន៤ខ្នងផ្ទះ នៅភូមិទួលគូរ ឃុំកោះជុំដួលរលំរាបដល់ដីអស់ចំនួន២ខ្នងផ្ទះ របើកដំបូលអស់ចំនួន២ខ្នងផ្ទះ នៅភូមិស្វាយចំបក់ ឃុំស្វាយលួង របើកដំបូលអស់ចំនួន១ខ្នងផ្ទះ និងនៅភូមិទួលពង្ររនិងភូមិបឹងយា ឃុំវាល របើកដំបូលអស់ចំនួន១ខ្នងផ្ទះ រលំដើមត្នោត១ដើម សង្កត់លើអង់តែនទូរស័ព្ទក្រុមហ៊ុន (មិត្តហ្វូន) រងការខូចខាតយ៉ាងដំណំផងដែរ។ ដោយឡែកប្រភពព័ត៌មានពីអាជ្ញាធរក្រុងពោធិ៍សាត់បានឲ្យដឹងដែរថានៅពេលតែមួយនោះ នៅភូមិក្រាំងពភ្លាក់ សង្កាត់ស្វាយអាត់ ផ្ទះចំនួន៣ខ្នងរងការខូចខាតរបើកដំបូល ចំណែកនៅភូមិព្រៃឪម៉ាល់ សង្កាត់រលាប ផ្ទះចំនួន២ខ្នងទៀតរងការខូចខាតរបើកដំបូលផងដែរ។
ប្រភពពត៌មានខាងលើបន្តទៀតថា ករណីខ្យល់ព្យុះកន្រ្តាក់កួចផ្ទះសម្បែងប្រជាពលរដ្ឋបណ្ដាលឲ្យរងការខូចខាតរួមទាំងសម្ភារនេះ ពុំមានបណ្ដាលឲ្យមានមនុស្សណាម្នាក់រងរបួសនោះទេ ហើយកម្លាំងសមត្ថកិច្ចអាជ្ញាធរមូលដ្ឋានបានចុះជួយអន្តរាគមន៍ ដោយជួយរុះរើរៀបចំទុកដាក់សម្ភារផ្សេងៗ និងរកទីជម្រកឲ្យពួកគាត់ជ្រកជាបណ្ដោះអាសន្នសិនផងដែរ។
គួរំលឹកផងដែរកាលពីល្ងាចថ្ងៃទី៣ ខែឧសភា ឆ្នាំង២០១៦ នៅភូមិចំនួន៣ស្ថិតក្រុង ឃុំត្រពាំងជង ស្រុកបាកាន ផ្ទះចំនួន១៨ខ្នងនិងសម្ភាររងការខូចខាត ដោយសារខ្យល់ព្យុះកន្រ្តាក់ដ៏សាហាវនេះ ដូច្នេះរយៈពេលពីរថ្ងៃសោះគឺថ្ងៃទី៣និងទី៤ ផ្ទះសម្បែងប្រជាពលរដ្ឋចំនួន៤៦ខ្នងរួមទាំងសម្ភាររងការខូចខាត ដោយសារគ្រោះមហន្តរាយខ្យល់ព្យុះកន្រ្តាក់ដ៏កំណាច៕
ដោយ៖ ប៉ឹម ពិន