រយៈពេល២ថ្ងៃអាជ្ញាធរខណ្ឌសែនសុខបង្ក្រាបល្បែងហ្គេម២ទីតាំង ដកហូតទូហ្គេម១៤ទូ ឃាត់មនុស្ស១៤នាក់

ចែករំលែក៖

ភ្នំពេញ៖ អាជ្ញាធរខណ្ឌសែនសុខរយៈពេល២ថ្ងៃបង្ក្រាបល្បែងហ្គេមខុសច្បាប់២ទីតាំង ដកហូតទូហ្គមចំនួន១៤ទូ ព្រមទាំងឃាត់មនុស្សប្រុស ស្រីចំនួន១៤នាក់ នាំទៅកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខចាត់ការតាមនីតិវិធី។

សមត្ថកិច្ចប្រាប់ឲ្យដឹងថា កាលពីវេលាម៉ោង១០និង៤៥នាទី ព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៦ អាជ្ញាធរខណ្ឌសែនសុខ សហកាជាមួយនគរបាលខណ្ឌសែនសុខ កម្លាំងសណ្តាប់ធ្នាប់សាលាខណ្ឌ និងអាជ្ញាធរសង្កាត់ បានចុះបង្ក្រាបទីតាំងលួចលាក់បើកល្បែងហ្គេមវាយពង់ មួយកន្លែងនៅចំណុចក្រុមទី១០ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ជាលទ្ធផលដកហូតទូហ្គេមវាយពង់ចំនួន ១៣ទូ និងឃាត់មនុស្សប្រុសស្រី៣នាក់ ។

ដែលប្រតិបត្តិការណ៍នេះដឹកនាំដោយលោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលរងខណ្ឌសែនសុខ តំណាងលោក បឹុល  កុសល  អភិបាល នៃគណៈអភិបាលខណ្ឌសែនសុខ វត្ថុតាងដកហូតទូហ្គេមបៀ (វាយពង) សរុបចំនួន១៣ទូ ព្រមទាំងឃាត់មនុស្សចំនួន៣នាក់ (ប្រុសម្នាក់ ) ក្នុងនោះមានស្ត្រីម្នាក់ជាអ្នកមើលការខុសត្រូវល្បែងហ្គេមទាំងនេះ។ ក្រោយពីបង្ក្រាបបាន ទុូហ្គេមទាំង ១៣ទូ ត្រូវបាននាំយកទៅរក្សាទុកនៅសាសាខណ្ឌសែនសុខ ចំណែកមនុស្សប្រុស ស្រីទាំង៣នាក់ ត្រូវបាននាំទៅកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការតាមនីតិវិធី។

សមត្ថកិច្ចប្រាប់បន្តឲ្យដឹងថា ការបង្ក្រាបទីតាំងលួចលាក់បើកហ្គេមវាយពង់ទាំងនេះ បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋល្អរស់នៅក្នុងមូលដ្ឋាន ទើបសុំយោបល់ពីលោក ប៉ឹល កុសល អភិបាលខណ្ឌសែនសុខចុះបង្ក្រាបតែម្តង។

សមត្ថកិច្ចប្រាប់បន្តទៀតឲ្យដឹងថា ដោយឡែកនាវេលាម៉ោង ១២ និង១៥នាទី ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៦ អាជ្ញាធរខណ្ឌសែនសុខបន្តបង្ក្រាបទីតាំងហ្គេមបាញ់ត្រីមួយកន្លែងទៀត ដកហូតទូហ្គេមបាញ់ត្រី១ទូទៀត ឃាត់មនុស្សប្រុសស្រី១១នាក់ ( ស្រី៣នាក់ ) ម៉ូតូចំនួន ៣គ្រឿង និងសម្ភារពាក់ព័ន្ធមួយចំនួនទៀត នៅចំណុចតាមបណ្តោយផ្លូវ៥៩៨ (តំបន់ត្រឡោកបែក) ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រជាពលរដ្ឋរស់នៅក្បែរកន្លែងកើតហេតុប្រាប់ឲ្យដឹងថា ទីតាំងហ្គេមបាញ់ត្រីមួយកន្លែងខាងលើនេះ ត្រូវបានបើកអាជីវកម្មជាយូរមកហើយ ដោយមានក្រុមយុវវ័យ ប្រុស ស្រី មកចូលលេងជាហូរហែរ ពីព្រលឹមទល់ព្រលប់ និយាយរួម គឺ២៤ម៉ោងលើ២៤ម៉ោង ព្រមទាំងមានករណីប្រើប្រាស់គ្រឿងញៀនក្នុងនោះទៀត ដែលកន្លងមកក៏ធ្លាប់មានសមត្ថកិច្ចចុះមកបង្ក្រាបបីទៅបួនដងដែរ ប៉ុន្តែមិនបានប៉ុន្មានផង ក៏បើកលេងវិញដដែលធ្វើព្រងើយ។

ប្រជាពលរដ្ឋលើកជាសំនួរថា ទីតាំងល្បែងហ្គេមបាញ់ត្រីខុសច្បាប់មួយនេះ មិនដឹងជាអាងខ្នងធំប៉ុណ្ណាទេ បានសមត្ថកិច្ចចុះបង្ក្រាបបីបួនលើក នៅហ៊ានបើកលេងយ៉ាងរលូនដដែល ។ ចំពោះការបង្ក្រាបលើកនេះ ពួកគាត់កំពុងរង់ចាំមើល តើទីតាំងហ្គេមបាញ់ត្រី
ខុសច្បាប់មួយនេះ អាចដំណើរការបានវិញដែរទេ ?។

សូមបញ្ជាក់ឲ្យដឹងថា កាលពីរសៀល ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦ លោក បឹុល កុសល អភិបាល នៃគណៈអភិបាលខណ្ឌសែនសុខ បានដឹកនាំមន្រ្តីឪវ៉ាទធ្វើពិធីកម្ទេចទូហ្គេមខុសច្បាប់ចំនួន២៥ទូ ក្នុងនោះមានហ្គេមបាញ់ត្រីខ្លះ និងទូហ្គេមបៀ(វាយពង់) ខ្លះ ដែលកម្លាំងអាជ្ញាធរ និងសមត្ថកិច្ច បានចុះប្រតិបត្តិការបង្ក្រាប និងរឹបអូសនាពេលកន្លងទៅនៅតាមមូលដ្ឋាន។

នៅក្នុងពិធីវាយកម្ទេចទូហ្គេមទាំង២៥ទូនេះផងដែរ លោក បឹុល កុសល បានថ្លែងថា ដើម្បីលុបបំបាត់ល្បែងស៊ីសងនៅក្នុងមូលដ្ឋាន ស្របតាមគោលនយោបាយ ភូមិ-សង្កាត់ មានសុវត្ថិភាព និងដើម្បីរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ ឱ្យបានល្អផងដែរនោះ លោកសូមសំណូមពរទៅដល់អ្នកលួចបើកល្បែងស៊ីសងទាំងអស់ រាប់ទាំងល្បែងបៀរ អាប៉ោង ជល់មាន់ និងល្បែងស៊ីសងដ៏ទៃៗទៀត ត្រូវបញ្ឈប់ជាបន្ទាន់ បើមិនស្តាប់ការណែនាំនោះទេ អាជ្ញាធរខណ្ឌនឹងបន្តចុះបង្ក្រាបឲ្យខានតែបាន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការរាជធានីភ្នំពេញ ផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕

20160505012826 (1)

20160505012828

20160505012826

20160505012825

20160505012825 (1)

20160505012826 (2)

ដោយ៖ តុង សីហា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print