ភ្នំពេញ៖ អង្គជំនុំជម្រះសាលាដំបូងនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកកម្ពុជានៅក្នុងសបា្តហ៍នេះបានបន្តបើកសវនាការសួរដេញដោលលើអង្គហេតុមន្ទីរសន្តិសុខស-២១ក្នុងការជំនុំជម្រះក្តីលើសំណុំរឿង០០២ វគ្គ០២ ។ សាក្សី សំខាន់ៗចំនួនពីររូបត្រូវបានកោះហៅមកផ្តល់សក្ខីកម្មក្នុងនោះមានម្នាក់ជាអតីតគ្រូពេទ្យព្យាបាលអ្នកទោស និង ម្នាក់ទៀតជាអតីតឆ្មាំគុកទួលស្លែង ។ សាក្សីទាំងពីររូបបានរៀបរាប់យ៉ាងលម្អិតពីដំណើរការរបស់មន្ទីរសន្តិសុខដែល គ្រប់គ្រងដោយកាំង ហ្គេចអ៊ាវ ហៅឌុច នៅក្នុងអំឡុងរបបកម្ពុជាប្រជាធិបតេយ្យ ។
លោក ម៉ក ធីម ជាអតីតគ្រូពេទ្យព្យាបាលអ្នកទោសនៅគុកទួលស្លែង បានជម្រាបអង្គជំនុំជម្រះសាលាដំបូងនៃសាលាក្ដីខ្មែរក្រហមថា លោកបានប្រើទឹកអំបិលដើម្បីលាងរបួសអ្នកទោសដែលត្រូវបានគេធ្វើទារុណកម្មនៅក្នុងមន្ទីរស-២១។លោកម៉ក់ ធីម បានជម្រាប អង្គជំនុំជម្រះថា នៅក្នុងរបបកម្ពុជាប្រជាប្រជាធិបតេយ្យ លោកទទួលបានការបណ្ដុះបណ្ដាលវិជ្ជាពេទ្យនៅតាខ្មៅ។ ក្រោយមក លោកត្រូវបានគេបញ្ជូនឲ្យទៅធ្វើការនៅមន្ទីរស២១ ឬគុកទួលស្លែង មានតួនាទីជាអ្នកលាងរបួសឲ្យអ្នកទោស។ សាក្សីអាយុ ៥៤ ឆ្នាំរូបនេះ បានជម្រាបបន្ថែមទៀតថា ក្នុងអំឡុងពេលលោកធ្វើការនៅគុកទួលស្លែងនោះ ជារៀងរាល់ថ្ងៃ លោកថា មានអ្នកទោស មានរបួសបែកខ្នង នឹងអ្នកទោសដែលត្រូវបានគេដកក្រចកដៃជើងជាច្រើនដែលត្រូវបានគេបញ្ជូនចេញពីបន្ទប់សួរចម្លើយដើម្បីឲ្យលោកព្យាបាល។ សាក្សីរូបនេះបន្ដថា ថ្នាំដែលលោកយកទៅលាងរបួសអ្នកទោសទាំងនោះ គឺទឹកអំបិល និងថ្នាំងក្រហមលាងលើរបួស។ សាក្សីបន្ថែមទៀតថា ក្រៅពីប្រើប្រាស់ទឹកអំបិល លោកក៏បានប្រើប្រាស់ថ្នាំគ្រាប់ បេឌូ និងបេអង ដែលលោកថាជាថ្នាំគ្រាប់ផលិតឡើងដោយកម្មាភិបាលខ្មែរក្រហមខ្លួនឯងនៅតាខ្មៅ សម្រាបព្យាបាលអ្នកជំងឺដែលមានអាការៈហើម ស្ពឹក។ សាក្សីរូបនេះបានកត់សម្គាល់ថា ក្នុងរយៈពេលជាងមួយឆ្នាំដែលលោកបានធ្វើជាគ្រូពេទ្យនៅមន្ទីរស-២១នោះ លោកបានលាងរបួសឲ្យអ្នកទោសបានប្រមាណ១០០នាក់។
បើតាមការលើកឡើងរបស់សាក្សី ហ៊ឹម ហ៊ុយ ជនបរទេសដែលជាអ្នកទោសត្រូវបានចាប់ខ្លួនមកមន្ទីរសន្តិសុខស-២១ ក្រោយពីសួរចម្លើយហើយត្រូវបានសម្លាប់ ចោល។ តាមសាក្សី ហ៊ឹម ហ៊ុយ ឌុចបានបញ្ជាឱ្យយកសាក សពទៅដុតចោល ដោយមិនឱ្យយកទៅកប់ចោលនោះទេ។ អ្នកយាមដែលមានអាយុតិចជាងគេនៅ គុកទួល ស្លែងមានអាយុ ១៥ ឆ្នាំ។
សូមជម្រាបផងដែរថា ដោយសារតែមានការស្នើសុំរបស់ក្រុមមេធាវីការពារក្តីរបស់ នួន ជា អង្គជំនុំជម្រះសាលាដំបូងនឹងផ្អាកដំណើរការសវនាការលើសំណុំរឿង ០០២/០២ ចាប់ពីថ្ងៃទី៩ ខែឧសភា ឆ្នាំ ២០១៦ ហើយនឹងចាប់ផ្តើមដំណើរការឡើងវិញនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ ២០១៦ ៕