ភ្នំពេញ ៖ ប្រជាពលរដ្ឋបានប្រទះឃើញសពស្រ្តីវ័យចំណាស់ម្នាក់ អណ្តែតទឹកនៅមាត់ទន្លេ។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើល ដល់សមត្ថកិច្ចជំនាញ ចុះមកពិនិត្យកាលពីម៉ោង ៨និង៣០នាទីយប់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សព សមត្ថកិច្ចនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ តែមានអាយុប្រហែលជាង ៥០ឆ្នាំ សម្បុរ ស ។
បើតាមការបញ្ជាក់ពីប្រជាពលរដ្ឋ នៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញ ស្រ្តីរងគ្រោះ មកអង្គុយលេងនៅជិត ព្រះអង្គដងកើ ។មួយសន្ទុះក្រោយមក ស្រ្តីរងគ្រោះបានកាន់ដបទឹកមួយដប មកអង្គុយក្បែរមាត់ទន្លេ ភ្លាមនោះដែរ តាមការអះអាងពីប្រជាពលរដ្ឋ ដោយឃើញស្រ្តីរងគ្រោះផ្កាប់មុខក្បាលចូលទៅក្នុងមាត់ទន្លេ ដែលពួកគេសង្ស័យថា ស្រ្តីរងគ្រោះងងឹតមុខ ទើបបណ្តាលឲ្យគាត់ដួលផ្កាប់មុខ ធ្លាក់ចូលទៅក្នុងទន្លេស្លាប់ភ្លាមៗ តែម្តងទៅ ។ក្រោយកើតហេតុពួកគាត់បានរាយការណ៍ ទៅសមត្ថកិច្ចមូលដ្ឋាន ឲ្យចុះមកពិនិត្យនៅទីតាំងកើតហេតុ។
បន្ទាប់ពីសមត្ថកិច្ចមូលដ្ឋាន ចុះមកដល់រួចក៏ទំនាក់ទំនង ទៅសមត្ថកិច្ចជំនាញធ្វើកោសល្យវិច័យ ឲ្យចុះមកពិនិត្យទៅលើសពស្ត្រីរូបនោះ ។ ក្រោយពិនិត្យរួចសមត្ថកិច្ចជំនាញ នៅពុំទាន់បញ្ជាក់ថា ស្ត្រីរងគ្រោះស្លាប់ដោយសារអ្វីនោះទេ រួចធ្វើកំណត់ហេតុ យកសពទៅតម្កល់ទុកនៅវត្តទឹកថ្លា រង់ចាំក្រុមគ្រួសារ ទៅទទួលយកធ្វើបុណ្យតាមប្រពៃណី៕ជ្រោយពេជ្រ