ភ្នំពេញ : សេចក្តីជូនដំណឹង ស្តីពីសភានៃព្រះរាជាណាចក្រកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥ របស់ក្រុមប្រឹក្សាយោបល់អាយប៉ា ស្តីពីគ្រឿងញៀន (The 5th AIPACODD Meeting) តាមរយៈប្រព័ន្ធនិម្មិត នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ ដែលផ្សាយចេញពីវិមានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា។
អគ្គលេខាធិការដ្ឋានរដ្ឋសភាមានកិត្តិយស សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា ក្នុងនាមប្រធាន អន្តរសភាអាស៊ានលើកទី៤៣ ក្នុងឆ្នាំ២០២២នេះ សភានៃព្រះរាជាណាចក្រកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំ ប្រចាំឆ្នាំលើកទី៥ របស់ក្រុមប្រឹក្សាយោបល់អាយប៉ា ស្ដីពីគ្រឿងញៀន (AIPACODD-5) នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ ដែលប្រព្រឹត្តទៅតាមប្រព័ន្ធនិម្មិត ផ្សាយចេញពីវិមានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា។
លោក កិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភា និងជាប្រធានក្រុមរដ្ឋសភាជាតិ អាយប៉ា-កម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណា ចក្រកម្ពុជា និងជាប្រធានមហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤៣ នឹងអញ្ជើញជាអធិបតីភាពនៃកិច្ចប្រជុំនេះ។
គណៈប្រតិភូសភានៃបណ្តាប្រទេសជាសមាជិកអន្តរសភាអាស៊ាន នឹងអញ្ជើញចូលរួមកិច្ចប្រជុំនេះ។ លោក សុគន្ធ លេខាធិការគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និង ព័ត៌មាន នៃរដ្ឋសភា នឹងដឹកនាំកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥ របស់ក្រុមប្រឹក្សាយោបល់អាយប៉ា ស្ដីពីគ្រឿងញៀន (AIPACODD-5) ដែលក្នុងនោះ គណៈប្រតិភូសភានៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ ឯកឧត្តម ឆាយ វណ្ណ លេខាធិការគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃព្រឹទ្ធសភា។
សូមជម្រាបថា កិច្ចប្រជុំលើកទី១ ដល់លើកទី១៣ គិតត្រឹមឆ្នាំ២០១៧, កិច្ចប្រជុំនេះមានឈ្មោះថា គណៈកម្មាធិការស្វែងរកការពិតអោយប៉ូ ស្តីពីការប្រយុទ្ធប្រឆាំងគ្រឿងញៀន (AIFOCOM)។ នៅឆ្នាំ២០១៨ កិច្ចប្រជុំនេះបានប្រែក្លាយឈ្មោះជា ក្រុមប្រឹក្សាពិគ្រោះយោបល់អាយប៉ា ស្តីពីគ្រឿងញៀន (AIPACODD) រហូត ដល់បច្ចុប្បន្ន។ សភានៃព្រះរាជាណាចក្រកម្ពុជា ក៏ធ្លាប់បានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំអោយប៉ូខម(AIFOCOM) ម្តងរួចមកហើយ កាលពីថ្ងៃទី២៥-២៩ ខែឧសភា ឆ្នាំ២០១១ នៅរាជធានីភ្នំពេញ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន ៕
ដោយ : សិលា