ភ្នំពេញ ៖ របាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ក្នុងខែមេសា ឆ្នាំ២០១៦នេះ បានកើតឡើងចំនួន៣៥៨លើក បណ្តាលឲ្យមនុស្សស្លាប់ ១៨៧នាក់ និងរបួស ៧៣០នាក់។ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៥ គ្រោះថ្នាក់ថយចុះចំនួន ៩៩លើក ហើយចំនួនអ្នកស្លាប់ថយចុះ២៣នាក់ និងអ្នករបួសថយចំនួន១៣៥នាក់។
នារសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៦នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអញ្ជើញធ្វើជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលត្រួតពិនិត្យរឹតបណ្តឹងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មីប្រចាំខែនៅទីស្តីការក្រសួងមហាផ្ទៃ។
នាឱកាសនោះ សម្តេចក្រឡាហោម ស ខេង បានទទួលស្គាល់នូវរបាយការណ៍ នៃការថយចុះនៃគ្រោះថ្នាក់ចរាចរណ៍នេះ ដោយសម្តេចក្រឡាហោម បានកោតសរសើរចំពោះសកម្មភាពរបស់មន្ត្រីពាក់ព័ន្ធទាំងអស់ ជាពិសេសមន្ត្រីនគរបាលចរចរណ៍ផ្លូវគោក ក្នុងការបង្កើននូវសកម្មភាពត្រួតពិនិត្យការអនុវត្តច្បាប់ ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់នេះ។
ជាមួយគ្នានោះ សម្តេចក្រឡាហោម ស ខេង បានសំណូមពរដល់គ្រប់ស្ថាប័នទាំងអស់ត្រូវអប់រំមន្ត្រីឲ្យបានយល់ច្បាស់ពីច្បាប់ចរាចរណ៍ ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ទាំងអស់គ្នា ជាពិសេសអាណាព្យាបាលត្រូវអប់រំកូនចៅមុនពេលចេញដំណើរដោយម៉ូតូត្រូវពាក់មួកសុវត្ថិភាព ពីព្រោះថាអ្នកស្លាប់ភាគច្រើនជាអ្នកជិះម៉ូតូដែលមិនពាក់មួកសុវត្ថិភាព។
ក្រោយពីចប់កិច្ចប្រជុំ នាយឧត្ដមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គស្នងការរងនគរបាលជាតិ បានមានប្រសាសន៍ថា គ្រោះថ្នាក់ដែលបណ្តាលឲ្យមនុស្សស្លាប់ចំនួន១៨៧នាក់ និង របួស៧៣០នាក់ ភាគច្រើនកើតឡើងនៅរាជធានីភ្នំពេញចំនួន២៩លើក ខេត្តបាត់ដំបងចំនួន២៧លើក និងខេត្តព្រៃវែងចំនួន២៤លើក។
លោកបានបន្តថា មូលហេតុដែលបណ្តាលឲ្យមានគ្រោះថ្នាក់ដោយសារការបើកបរលើសល្បឿនកំណត់៤៥ភាគរយ, មិនប្រកាន់ស្តាំ១៣ភាគរយ, មិនគោរពសិទ្ធិអាទិភាព១២ភាគរយ វ៉ាជែង១០ភាគរយ, ស្រវឹង៩ភាគរយ, បត់៧ភាគរយ, កត្តាយានយន្ត១ភាគរយ, ងងុយ២ភាគរយ, កត្តាយានយន្ត២ភាគរយ និងកត្តាផ្សេងៗ១ភាគរយ។
នាយឧត្ដមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានបញ្ជាក់ថា ក្នុងចំណោមអ្នកស្លាប់សរុប១៨៧នាក់ ភាគច្រើនជាអ្នកជិះម៉ូតូមានចំនួន១៣៦នាក់ ស្មើ៧៣ភាគរយ (ប្រភេទ១២៥សេសេចុះក្រោម) ក្នុងនោះមិនពាក់មួកសុវត្ថិភាពមានចំនួន៦៨ភាគរយ។ ជាមួយនេះមានអ្នកថ្មើរជើងស្លាប់ចំនួន៩ភាគរយ។
នាយឧត្ដមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានឲ្យដឹងផងដែរថា ដោយឡែកក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៦កន្លងមកនេះ គ្រោះថ្នាក់បានកើតឡើងចំនួន១១៣លើក បណ្តាលឲ្យមនុស្សស្លាប់៥២នាក់។ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៥ គ្រោះថ្នាក់ថយចុះ៤៥លើក អ្នកស្លាប់ថយចុះ៣នាក់ និងអ្នករបួសថយចុះ១២៣នាក់៕
សហការី