កម្ពុជារំពឹងថានឹងមានកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៦,៦ភាគរយ​​នៅឆ្នាំ២០២៣

ចែករំលែក៖

ភ្នំពេញ ÷ សេដ្ឋកិច្ចកម្ពុជា នៅឆ្នាំ២០២៣ខាងមុខនេះត្រូវបានព្យាករណ៍ថា នឹងសម្រេចបានអត្រាកំណើនក្នុង រង្វង់៦,៦ភាគរយ ដោយសារការរំពឹងទុកនៃការបន្តនិន្នាការល្អប្រសើរនៃតម្រូវការសកល និងទំនុកចិត្តវិនិយោគស្របពេលវិបត្តិជំងឺកូវីដ ១៩ មានភាពស្រាក់ស្រាន្ត។ ស្ថានភាពសេដ្ឋកិច្ចនៅប្រទេសកម្ពុជាហាក់ ដូចជាកំពុងមានភាពប្រសើរជាងការរំពឹងទុក។

យោងតាមសារាចរណែនាំ ស្តីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ២០២៣-២០២៥របស់រាជរដ្ឋា ភិបាល​ដែលបានចេញ​ផ្សាយនៅថ្ងៃទី២១ខែមិថុនាឆ្នាំ ២០២២បានឱ្យដឹងថា តាមការព្យាករណ៍សេដ្ឋកិច្ចកម្ពុជា ត្រូវរំពឹងថា នឹងបន្តនិន្នាការ​កើនឡើងក្នុងអត្រា ៥,៤ ភាគរយក្នុងឆ្នាំ២០២២នេះដែលបន្តគាំទ្រដោយភាពល្អប្រសើរនៃតម្រូវការសកល បើទោះបីជារងប៉ះ ពាល់ដោយសារការផ្ទុះសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែនយ៉ាងណាក៏ដោយ។

បើតាមចរាចរណ៍របស់រាជរដ្ឋាភិបាល សង្រ្គាមនេះបានបង្កផលប៉ះពាល់ដល់ប្រយោជន៍ដល់សេដ្ឋកិច្ចកម្ពុជាតាមរយៈការកើនឡើងថ្លៃទំនិញគ្រប់ប្រភេទពិសេសប្រេងឥន្ទនៈ និងវត្ថុធាតុដើមកសិកម្ម រួមមានជី និងថ្នាំសម្លាប់សត្វល្អិតជាដើម។ ទន្ទឹមនេះ ការកើនឡើងថ្លៃជារួមបានបង្កផលប៉ះពាល់ដល់សកម្មភាពចាយវាយ និងប្រើប្រាស់ក្នុងស្រុកក៏ដូចជាជីវភាពរស់នៅរបស់ប្រជាជន។

ទោះជាយ៉ាងណាក្តី ផលប៉ះពាល់នៃសង្រ្គាមនេះមកលើសេដ្ឋកិច្ចកម្ពុជា គឺមានទំហំតូចដោយហេតុថា ទំនាក់ ទំនងសេដ្ឋកិច្ចផ្ទាល់រវាងកម្ពុជា ជាមួយនឹងប្រទេសជម្លោះទាំងពីរមានកម្រិតទាប។ ផលប៉ះពាល់នេះ ត្រូវបានប៉ះប៉ូវមួយផ្នែកធំតាមរយៈការសម្រេចបាននូវអត្រាខ្ពស់នៃការចាក់វ៉ាក់សាំងជំងឺកូវីដ១៩ ដែលបានធ្វើឱ្យកម្ពុជា មានភាពស៊ាំសហគមន៍ជាមូលដ្ឋានសំខាន់សម្រាប់ការបើកប្រទេសឡើងវិញនិងបានអនុញ្ញាតឱ្យសភាពសេដ្ឋកិច្ចក្រុងស្រុកចាប់ផ្ដើមវិលត្រឡប់ទៅរកប្រក្រតីភាពវិញ។

បន្ថែមលើនេះការបន្តដាក់ចេញនូវវិធានការអន្តរាគមន៍មុតស្រួចរបស់រាជរដ្ឋាភិបាលក្នុងការជួយរក្សាលំនឹងធុរកិច្ច និងជីវភាពរស់នៅរបស់ប្រជាជន ជាពិសេសកម្មករនិយោជិតនិងគ្រួសារក្រីក្រ និងជនងាយរងគ្រោះ ដែលទទួលផលប៉ះពាល់ពីវិបត្តិជំងឺកូវីដ ១៩ ក៏រំពឹងថានឹងបន្តបន្តចូលរួមចំណែកទ្រទ្រង់សេដ្ឋកិច្ចជារួមសម្រាប់ឆ្នាំ២០២២។

សម្រាប់ឆ្នាំ២០២៣ សេដ្ឋកិច្ចកម្ពុជាត្រូវព្យាករណ៍ថា នឹងសម្រេចបានអត្រាកំណើនក្នុងរង្វង់៦,៦ភាគរយ ដោយសារការរំពឹងទុកនៃតម្រូវការសកលនិងទំនុកចិត្តវិនិយោគស្របពេលវិបត្តិកូវីដ១៩មានភាពស្រាក់ស្រាន្ត និងអាចគ្រប់គ្រងបាន។ ក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្ដារ ជំរុញកំណើនសេដ្ឋកិច្ចក្នុងការរស់នៅជាមួយជំងឺកូវីដ ១៩ តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ឆ្នាំ២០២១‑២០២៣ នឹងបន្តរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញនិងការបង្កើតតម្លៃបន្ថែមទៀតដល់អនុវិស័យជំរុញកំណើនដែលមានស្រាប់ក៏ដូចជាលើកកម្ពស់អនុវិស័យសក្តានុពលដែលជាចន្ទុលកំណើនថ្មីរួមមានអនុវិស័យកម្មន្តសាលមិនមែនកាត់ដេរនិងអនុវិស័យគម នាគមន៍ព្រមទាំងការអភិវឌ្ឍវិស័យសហគ្រាសធុនតូចនិងមធ្យម។

រាជរដ្ឋាភិបាលកម្ពុជាបានគិតគូរបង្កើតកញ្ចប់អន្តរាគមន៍ផ្នែកសង្គម និងសេដ្ឋកិច្ចដើម្បីជួយកាត់បន្ថយផលប៉ះ ពាល់ពីការកើនឡើងអតិផរណា និងការបង្កើនការវិនិយោគក្នុងស្រុកដើម្បីលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច និងបង្កើតការងារជូនប្រជាជនផងដែរ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print