សម្តេចតេជោ ហ៊ុន សែន អនុញាតឱ្យប្រតិភូរដ្ឋមន្ត្រីក្រសួងការពារជាតិអាស៊ាន ចូលជួបសម្ដែងការគួរសម

ចែករំលែក៖

ភ្នំពេញ​៖​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រសៀលថ្ងៃពុធ ៨រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២នេះ​ បានអនុញាតឱ្យប្រតិភូរដ្ឋមន្ត្រីក្រសួងការពារជាតិអាស៊ាន ដឹកនាំដោយ លោក  ដាតូ ប៉ាឌូកា ស៊ឺរី ហាជី អេវ៉ាង ហាលប៊ី ប៊ីន ហាជី មហាម៉ាដ យូសូហ្វ (Dato Paduka Seri Haji Awang Halbi bin Haji Mohammad Yussof)  ចូលជួបសម្ដែងការគួរសម និងរាយការណ៍ពីកិច្ចប្រជុំរដ្ឋមន្ត្រីក្រសួងការពារជាតិអាស៊ាន​ នៅវិមានសន្តិភាព។

លោក យូសូហ្វ តាងនាមឱ្យប្រតិភូទាំងមូល បានគោរពថ្លែងអំណរគុណជូនចំពោះសម្ដេចតេជោសម្រាប់ការទទួលស្វាគមន៍យ៉ាងកក់ក្ដៅ និងសូមគោរពវាយតម្លៃខ្ពស់ ចំពោះភាពដឹកនាំរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ក្នុងនាមជាប្រធានអាស៊ាន ។ 

លោក​ យូសូហ្វ​ បានគោរពរាយការណ៍ជូនសម្ដេចតេជោអំពីលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន ដែលបានអនុម័តឯកសារចំនួន៤រួមមាន៖ 

១-ឯកសារទស្សនៈទាន ស្ដីពីការលើកកម្ពស់កិច្ចសហប្រតិបត្តិការកងទ័ពបណ្ដាប្រទេសអាស៊ាន ក្នុងការទប់ស្កាត់ជំងឺរាតត្បាតឆ្លងដែន, ២-លើកកម្ពស់យន្តការគាំទ្រសម្រាប់ស្ត្រីរក្សាសន្តិភាពអាស៊ាន, ៣-ឯកសារទស្សនៈទាន ស្ដីពីការបង្កើតកិច្ចសហប្រតិបត្តិការរវាងស្ថាប័នអប់រំយោធាអាស៊ាន និង ៤-ឯកសារចក្ខុវិស័យភ្នំពេញ ស្ដីពីតួនាទីស្ថាប័នការពារជាតិ ក្នុងការគាំទ្រការស្ដារឡើងវិញក្រោយវិបត្តិជំងឺកូវីដ-១៩ ។ 

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះលោក យូសូហ្វ  ដែលបានធ្វើរបាយការណ៍ឆ្លុះបញ្ចាំងអំពីលទ្ធផល នៃកិច្ចប្រជុំរវាងរដ្ឋមន្ត្រីការពារជាតិអាស៊ាន ។ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះការសម្របសម្រួល ឱ្យមានកិច្ចប្រជុំរដ្ឋមន្ត្រីក្រសួងការពារជាតិអាស៊ាន ជាមួយនឹងកិច្ចប្រឹងប្រែងរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិអាស៊ានទាំងអស់ ដែលញ៉ាំងឲ្យកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន ទទួលបានជោគជ័យ ។ 

ជាទីបញ្ចប់ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណជូនដល់រដ្ឋមន្ត្រីការពារជាតិអាស៊ានទាំងអស់ និងសូមឱ្យរដ្ឋមន្ត្រីក្រសួងការពារជាតិអាស៊ានទាំងអស់ ទទួលបាននូវសេចក្ដីរីករាយ ជាមួយការស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងនាំជាមួយនូវអនុស្សាវរីយ៍ល្អៗទៅកាន់ប្រទេសវិញ ៕ដោយ​៖ស​ តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print