សម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការពារជាតិឥណ្ឌូនេស៊ី

ចែករំលែក៖

ភ្នំពេញ ៖ នៅវិមានសន្តិភាព នារសៀលថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ  លោក ប្រាបូវ៉ូ  ស៊ូប៊ីអានតូ Prabowo Subianto រដ្ឋមន្ត្រីការពារជាតិឥណ្ឌូនេស៊ី។ 

នៅក្នុងជំនួបនេះ លោកបានគោរពពនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី លោកប្រធានាធិបតី ជូនចំពោះសម្ដេចតេជោ ហើយក៏បានសម្ដែងការអបអរសាទរជូនចំពោះសម្ដេចតេជោ ដែលបានដឹកនាំព្រះរាជាណាចក្រកម្ពុជា ឆ្ពោះមកកាន់ការអភិវឌ្ឍយ៉ាងឆាប់រហ័ស។ លោក ប្រាបូវ៉ូ បានមានប្រសាសន៍ថា លោក បានមកកាន់ព្រះរាជាណាចក្រកម្ពុជា កាលពី ៥ឆ្នាំមុនហើយពេលនេះ កម្ពុជា បានប្រែក្លាយទៅជាប្រទេសអភិវឌ្ឍន៍ដ៏ស្រស់បំព្រងមួយ។ 

លើសពីនោះទៀត លោក ប្រាបូវ៉ូ បានគោរពជម្រាបជូនសម្ដេចតេជោថា លោកបានជួបជាមួយឯកឧត្តមអគ្គមេបញ្ជាការកងទ័ពពិសេស ៩១១ និងបានពិភាក្សាលើកិច្ចសហប្រតិបត្តិការដែលក្នុងនោះ  លោក បានសម្រេចផ្ដល់អាហារូបករណ៍ដល់សិស្សទាហានកម្ពុជា ទៅសិក្សានៅសាលាការពារជាតិឥណ្ឌូនេស៊ី លើវិស័យពេទ្យ, វិស័យវិស្វកម្ម និងវិស័យគណិតសាស្ត្រ និងវិទ្យាសាស្ត្រ ។

លោក ប្រាបូវ៉ូ ក៏បានជួបពិភាក្សាជាមួយលោក ប្រធានគណៈកម្មការជាតិអូឡាំពិកកម្ពុជាផងដែរ ហើយក៏បានចុះអនុស្សរណៈយោគយល់គ្នា ក្នុងការបង្ហាត់កីឡាបញ្ចសីលាដល់កម្ពុជា និងកម្ពុជា បង្ហាត់កីឡាល្បុក្កតោដល់ឥណ្ឌូណេស៊ី ក្នុងន័យនេះ លោក ប្រាបូវ៉ូ សូមគោរពសុំការគាំទ្រពីសម្ដេចតេជោ នាយករដ្ឋមន្ត្រី ។ 

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះលោក ប្រាបូវ៉ូ ដែលបាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីឯកឧត្តមប្រធានាធិបតីជូនចំពោះសម្ដេច ។ សម្ដេចតេជោ នាយករដ្ឋមន្ត្រី ក៏បានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការរវាងកងទ័ពឥណ្ឌូនេស៊ី និងកម្ពុជា ហើយសម្ដេច បានថ្លែងអំណរគុណចំពោះលោក ប្រាបូវ៉ូ ដែលបានផ្ដល់អាហារូបករណ៍ដល់សិស្សទាហានកម្ពុជា ទៅសិក្សានៅឥណ្ឌូនេស៊ី និងបង្ហាត់ក្បាច់បញ្ចសីលាដល់កីឡាករកម្ពុជា ។ សម្តេចតេជោ ហ៊ុន សែន ក៏បានគាំទ្រចំពោះការបង្ហាត់ក្បាច់ល្បុក្កតោកម្ពុជា ជូនដល់កីឡាករឥណ្ឌូនេស៊ី ផងដែរ ។ សម្ដេចតេជោ បានមានប្រសាសន៍ទៀតថានេះជាវប្បធម៌នៃកិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរ កម្ពុជា-ឥណ្ឌូនេស៊ី ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print