សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃ កិច្ចប្រជុំលើកទី៣៥របស់គណៈកម្មការអន្តរ រដ្ឋាភិបាលអាស៊ានទទួល បន្ទុកសិទ្ធិមនុស្ស (អាយឆា)

ចែករំលែក៖

ភ្នំពេញ : សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃកិច្ចប្រជុំលើកទី៣៥របស់គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា)

គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា) បានរៀបចំកិច្ចប្រជុំ លើកទី៣៥ របស់ខ្លួនតាមប្រព័ន្ធវីដេអូ ពីថ្ងៃទី២១-២២ ខែមិថុនា ឆ្នាំ២០២២។ កិច្ចប្រជុំនេះ ដឹកនាំដោយ ឯកឧត្តម កវ រ៉េមី តំណាងកម្ពុជាប្រចាំអាយឆា និងជាប្រធានអាយឆាឆ្នាំ២០២២ និងមានការចូលរួម ពីតំណាង តំណាងរងអាយឆានៃប្រទេសសមាជិកអាស៊ានទាំងអស់ ព្រមទាំងលេខាធិការដ្ឋានអាស៊ាន។ នៅក្នុងកិច្ចប្រជុំនេះ តំណាងអាយឆាប្រទេសឥណ្ឌូនេស៊ី និងប្រទេសហ្វីលីពីន បានធ្វើបច្ចុប្បន្ន ភាពទៅលើការវិវឌ្ឍថ្មីៗ និងផ្ដល់គំនិតផ្តួចផ្តើមផ្សេងៗ ពាក់ព័ន្ធនឹងស្ថានភាពសិទ្ធិមនុស្សក្នុងប្រទេស សមាជិកអាស៊ានមួយចំនួន។

កិច្ចប្រជុំ ក៏បានពិភាក្សាទៅលើរបាយការណ៍ឆ្នាំ២០២២របស់អាយឆា សេចក្តីថ្លែងការណ៍របស់ អាយឆាទៅកាន់កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកម្មវិធី/សកម្មភាពអាទិភាពរបស់ អាយឆាឆ្នាំ២០២៣ ដើម្បីជាការត្រៀមលក្ខណៈសម្រាប់កិច្ចជំនួបប្រចាំឆ្នាំរវាងរដ្ឋមន្ត្រីការបរទេសអាស៊ាន និងអាយឆា ដែលនឹងប្រព្រឹត្តទៅនៅដើមខែសីហា ឆ្នាំ២០២២នេះ។ វឌ្ឍនភាពពាក់ព័ន្ធនឹងការត្រៀម អនុវត្តកម្មវិធីនិងសកម្មភាពរបស់អាយឆាក៏ត្រូវបានពិភាក្សា ដែលក្នុងនោះរួមមាន សិទ្ធិបរិស្ថាន សិទ្ធិ សុខភាព ធុរកិច្ចនិងសិទ្ធិមនុស្ស ការជួញដូរមនុស្ស សិទ្ធិកុមារ និងកិច្ចសន្ទនាសិទ្ធិមនុស្សអាស៊ានឆ្នាំ ២០២២។ បន្ថែមលើនេះ អាយឆា បានពិភាក្សាលើយុទ្ធសាស្ត្រក្នុងការអនុវត្តផែនការប្រាំឆ្នាំ២០២១ ២០២៥ របស់ខ្លួន និងអនុសាសន៍ទទួលបានពីកិច្ចពិគ្រោះយោបល់ថ្នាក់តំបន់ស្តីពីស្វ័យវាយតម្លៃរបស់ អាយឆាលើវឌ្ឍនភាពការងារ ក្រោយពីបង្កើតឡើងបានរយៈពេល១០ឆ្នាំ។

ជាមួយគ្នានេះ អាយឆាបានរៀបចំកិច្ចជំនួបប្រចាំឆ្នាំជាមួយគណៈកម្មាធិការតំណាងអចិន្ត្រៃយ៍ ប្រចាំអាស៊ាន (CPR) ដោយបានពិភាក្សាផ្ដោតទៅលើការពង្រឹងកិច្ចសហប្រតិបត្តិការរវាងអង្គភាព ទាំងពីរ។ អាយឆា ក៏មានកិច្ចជំនួបជាមួយវេទិកាស្ថាប័នសិទ្ធិមនុស្សជាតិអាស៊ាន (SEANF) ដើម្បី ស្វែងរកកិច្ចសហប្រតិបត្តិការបន្ថែមលើវិស័យផ្សេងៗនិងសកម្មភាពរួម ដែលជាប្រយោជន៍ទៅវិញទៅ មករវាងភាគីទាំងពីរលើវិស័យសិទ្ធិមនុស្ស។ ទន្ទឹមនឹងនេះ អាយឆាក៏បានពិភាក្សាអំពីគម្រោងក្នុងការ រៀបចំកិច្ចសន្ទនាលើកទី៤ រវាងអាយឆានិងសហគមន៍អឺរ៉ុប លើគោលនយោបាយស្ដីពីសិទ្ធិមនុស្ស ក្នុង ឆ្នាំ២០២២។

កិច្ចប្រជុំលើកទី៣៥ របស់អាយឆា បានប្រព្រឹត្តទៅនិងបញ្ចប់ដោយរលូន ព្រមទាំងទទួលបាន លទ្ធផលគួរជាទីពេញចិត្ត ហើយសមាជិក សមាជិកាទាំងអស់ នៃកិច្ចប្រជុំក៏បានសម្ដែងនូវការសាទរ និងការកោតសរសើរចំពោះតំណាងកម្ពុជាប្រចាំអាយឆា និងជាប្រធាននៃកិច្ចប្រជុំ ដែលបានដឹកនាំ កិច្ចប្រជុំនេះបានយ៉ាងល្អប្រសើរ ៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print