គណបក្សពលករកូរ៉េខាងជើងបានចាប់ផ្តើមបើកមហាសន្និបាតក្នុងទីក្រុងព្យុងយ៉ាង នៅវេលាម៉ោង៩ព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៦នេះ ។ នេះគឺជាមហាសន្និបាតលើកដំបូងបង្អស់របស់កូរ៉េខាងជើងមិនធ្លាប់មានក្នុងរយៈពេល៣៦ឆ្នាំកន្លងមក។
ពលរដ្ឋកូរ៉េខាងជើងបានត្រៀមលក្ខណៈសម្រាប់មហាសន្និបាតនេះតាំងពី២ខែមុនតាមការអំពាវនាវរបស់មេដឹកនាំ គីម ជុងអ៊ុន។
តាមសារព័ត៌មានCNN បាសផ្សាយថា តាមគម្រោងលោក គីម ជុងអ៊ុន នឹងប្រកាសនៅក្នុងមហាសន្និបាតនោះពីកម្មវិធីបរមាណូរបស់ខ្លួន ហើយនិងតែងតាំងជាអគ្គលេខាធិការបក្សកុម្មុយនិស្តកូរ៉េខាងជើង។
តាមសារព័ត៌មាន យ៉ុងហាប់ របស់កូរ៉េខាងត្បូងបានផ្សាយថា ប្អូនស្រីលោក គីម ជុងអ៊ុន គឺ គីម យ៉ូជុង អាយុ២៩ឆ្នាំនិងត្រូវបោះឆ្នោតតែងតាំងឲ្យកាន់ដំណែងជារដ្ឋមន្ត្រីនៅក្នុងជួររដ្ឋាភិបាល ។
សាស្ត្រាចារ Yang Moo Jin មកពីសកលវិទ្យាល័យស្រាវជ្រាវអំពីកូរ៉េខាងជើងមានទីតាំងនៅកូរ៉េខាងត្បូងបានឲ្យដឹងថា ប្អូនស្រី គីម ជុងអ៊ុន បានស្នាដៃជួយដល់បងប្រុសក្នុងការកាន់អំណាចរយៈពេលកន្លងមក។ ទាំងនោះហើយទើប គីម ជុងអ៊ុន និងតែងតាំងដំណែងណាមួយសម្រាប់ប្អូនស្រីក្នុងការកៀកស្មារជាមួយបងប្រុសដឹកនាំប្រទេសជាតិ។ នៅក្នុងអំឡុងពេលប្រជុំមេដឹងនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានចេញបញ្ជារហាមពលរដ្ឋរបស់ខ្លួនធ្វើពិធិបុណ្យសពនិងរៀបការក្នុងពេលដែលប្រទេសជាតិកំពុងតែបើកមហាសន្និបាតបក្ស នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៦នេះ។
តាមសារព័ត៌មាន Sundaytimes បានផ្សាយថា សមាជិករាប់ពាន់នាក់បានមកចូលរួមមហាសន្និបាតបក្សដូច្នេះមិនអនុញ្ញាត្តិឲ្យមានអ្នកណារៀបការឬធ្វើពិធីបុណ្យសពនៅពេលនោះឡើយដោយមូលហេតុសន្តិសុខ។ នេះជាមហាសន្និបាតលើកទីមួយក្រោយរយៈពេល៣៦ឆ្នាំដូច្នេះមិនត្រូវមានពិធីអ្វីដែលធ្វើឲ្យប៉ះពាល់នោះឡើយ។ កម្លាំងសន្តិសុខនៅតាមបណ្តាខេត្តរហូតដល់ទីក្រុងព្យុយ៉ាងត្រូវបានរិតបន្តឹងក្នុងពេលបើកមហាសន្និបាតរយៈពេល៤ទៅ៥ថ្ងៃ។ តាមគម្រោងមេដឹកនាំ គីម ជុងអ៊ុន និងពង្រឹងអំណាចរបស់ខ្លួននៅក្នុងមហាសន្និបាតលើកនេះនិងលើកកម្ពស់ការសាកល្បងគ្រាប់បែកបរមាណូនិងកាំជ្រួចមីស៊ីល ។
ក្នុងពេលជាមួយគ្នានេះ កូរ៉េខាងត្បូងបានប្រកាសស្នើរដល់ពលរដ្ឋរបស់ខ្លួនមានការប្រុងប្រយ័ត្នខ្ពស់ខ្លាចកូរ៉េខាងជើងចាប់ខ្លួនពលរដ្ឋនៅតំបន់ព្រំដែន ពិសេសគឺកសិករដើម្បីជាការដោះដូរជាមួយពលរដ្្ឋកូរ៉េខាងជើង១៣នាក់ ដែលបានរត់ទៅរស់នៅកូរ៉េខាងត្បូង។
ក្រសួងឯកភាពជាតិកូរ៉េខាងត្បូងបានប្រកាសឲ្យដឹងថា អង្គការក្រៅរដ្ឋាភិបាលក៏ដូចជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នខ្ពស់ជៀសវាងការចាប់ខ្លួនពីកូរ៉េខាងជើងដើម្បីដោះដូរពលរដ្ឋ។ ការប្រកាសខាងលើ ក្រោយពេលដែលសារព័ត៌មានកូរ៉េខាងត្បូងបានផ្សាយថា កូរ៉េខាងជើងមានបំណងចាប់ពលរដ្ឋកូរ៉េខាងត្បូងដើម្បីដោះដូរ៕
ប្រែសម្រួល៖ ម៉ែវ សាធី