ខេត្តពោធិ៍សាត់៖ រថយន្តមួយគ្រឿងចេញដំណើរទៅដឹកកម្មកររោងចក្រ បានបើកលឿនដូចហោះវះជាមួយម៉ូតូរេចង្កូតជ្រុលធ្លាក់ចូលទឹកស្ទឹងពោធិ៍សាត់បណ្តាលឲ្យតៃកុងឡានរងរបួសពកក្បាលកាលពីវេលាម៉ោង៤និង៤៥នាទីទៀបភ្លឺថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចភូមិព្រែកត្នោត សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។
ប្រភពព័ត៌មានពីកន្លែកកើតហេតុបានឲ្យដឹងថា រថយន្តបង្កការភ្ញាក់ផ្អើលម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ពោធិ៍សាត់ 3A-0909 បើកបរដោយឈ្មោះ ជិន ផល្លា ភេទប្រុស រស់នៅភូមិថ្នល់ជប៉ុន សង្កាត់រលាប ក្រុងពោធិ៍សាត់់(រងរបួសពកក្បាល) ។ លោកផល្លាបានរៀបរាប់ថា គាត់បានធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូងក្នុងគោលបំណងទៅយកកម្មករទៅបម្រើការងារនៅរោងចក្រកាត់ដេរ តៃអ៊ីហ្សី ក្នុងស្រុកក្រគរ ដូចសព្វមួយដង លុះមកដល់ចំណុចខាងលើក៏បានវះជាមួយម៉ូតូ១គ្រឿងដែលបើកបរក្នុងល្បឿនលឿន ទើបរេចង្កូតធ្លាក់ចូលទឹកស្ទឹងពោធិ៍សាត់តែម្តង។
ប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា គេឃើញកម្លាំងសមត្តកិច្ចមកជួយអន្តរាគមន៍ដើម្បីសម្រួលចរាចរណ៍ស្ទូចយករថយន្តចេញពីទឹកស្ទឹង៕
ដោយ៖ ប៉ឹម ពិន