ភ្នំពេញ : សារលិខិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសប្រារព្ធទិវាអន្ដរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២
– សូមក្រាបថ្វាយបង្គំសម្តេចព្រះអគ្គមហាសង្ឃរាជទាំងពីរគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ជាទីគោរពសក្ការៈ!
– សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី! – បងប្អូន កូនក្មួយ ចៅៗ ជនរួមជាតិទាំងអស់ជាទីស្រឡាញ់!
ក្នុងឱកាសដ៏មហោឡារិកនៃការប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ( ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២នេះ ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ ក្នុងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រ កម្ពុជា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសម្ដែងនូវមនោសញ្ចោតនារីករាយ និងគាំទ្រយ៉ាងពេញទំហឹង ចំពោះការរៀបចំទិវាដ៏មានសារៈសំខាន់នេះជាមួយបណ្តាប្រទេសនានា និងការិយាល័យអង្គការសហ ប្រជាជាតិសម្រាប់ត្រួតពិនិត្យគ្រឿងញៀននិងបទឧក្រិដ្ឋ ដែលជារៀងរាល់ឆ្នាំតែងតែបានដាក់ចេញនូវ ប្រធានបទផ្សេងៗ អាស្រ័យតាមស្ថានភាព បរិបទ និងភាពចំបាច់សម្រាប់ឆ្នាំនីមួយៗ។ សម្រាប់ឆ្នាំ ២០២២នេះ ដោយយល់ឃើញពីផលប៉ះពាល់និងបញ្ហានានាដែលពិភពលោកយើងទាំងមូលបាន និងកំពុងប្រឈមយ៉ាងធ្ងន់ស្ទើរលើគ្រប់វិស័យ ពិសេសសេដ្ឋកិច្ច សង្គមកិច្ច សុខុមាលភាព សង្គម និង មនុស្សធម៌ ដែលបាននឹងកំពុងបង្កឡើងដោយជំងឺឆ្លងរាតត្បាតកូវីដ-១៩ និងសង្គ្រាមនៅប្រទេស អ៊ុយក្រែននោះ ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ត្រួតពិនិត្យគ្រឿងញៀននិងបទឧក្រិដ្ឋ (UNODC) បានដាក់ចេញប្រធានបទ ។ដោះស្រាយបញ្ហាគ្រឿងញៀនក្នុងវិបត្តិសុខភាពនិងមនុស្សធម៌” (Addressing drug challenges in heath and humanitarian crises) ដើម្បីជំរុញនូវការលើកកម្ពស់ប្រសិទ្ធភាពនៃ ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅក្នុងកាលៈទេសៈដែលពិភពលោកបាននិងកំពុងជួបប្រទះទៅ នឹងបញ្ហាប្រឈមជាច្រើន ជាពិសេសក្នុងបរិបទនៃវិបត្តិសុខភាពនិងមនុស្សធម៌។
ក្នុងនាមសមាជិកនៃអនុសញ្ញា និងពិធីសារស្តីពីគ្រឿងញៀនរបស់អង្គការសហប្រជាជាតិ ព្រះរាជាណាចក្រកម្ពុជាបានយកចិត្តទុកដាក់អនុវត្តន៍និងបំពេញកាតព្វកិច្ចយ៉ាងសកម្មប្រកបដោយការ ទទួលខុសត្រូវខ្ពស់ទាំងក្នុងកម្រិតជាតិ អនុតំបន់ តំបន់ និងអន្តរជាតិក្នុងគ្រប់កាលៈទេសៈ។ ជាក់ស្ដែង ក្នុងឆ្នាំ២០២២នេះ បើទោះបីជាប្រទេសកម្ពុជា ក៏ដូចជាពិភពលោកទាំងមូលបាននិងកំពុងបន្តទទួលរង នូវបញ្ហាប្រឈមជាច្រើន ដែលបង្កឡើងដោយជំងឺកូវីដ-១៩ និងបញ្ហាសង្គ្រាមនៅប្រទេសអ៊ុយក្រែនក្ដី ក៏រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តផ្តោតការយកចិត្តទុកដាក់ ដោយចាត់ទុកការងារប្រយុទ្ធប្រឆាំង គ្រឿងញៀន នៅតែជាការងារអាទិភាពមួយក្នុងចំណោមការងារអាទិភាពនានារបស់រាជរដ្ឋាភិបាល។
ជនរួមជាតិទាំងអស់ជាទីស្នេហា!
ជំងឺឆ្លងរាតត្បាតកូវីដ-១៩ ដែលបាននិងកំពុងកើតមានឡើង រួមជាមួយនឹងការផ្ទុះឡើងនៃ សង្គ្រាមនៅប្រទេសអ៊ុយក្រែនក្នុងរយៈពេលជិត៤ខែកន្លងមកនេះ បាននិងកំពុងធ្វើឱ្យពិភពលោក និង មនុស្សជាតិយើងទាំងមូលទទួលរងនូវផលប៉ះពាល់ទាំងដោយផ្ទាល់ និងដោយប្រយោលយ៉ាងធ្ងន់ធ្ងរ បំផុត។ ក្នុងនោះប្រក្រតីភាពនៃដំណើរការសេដ្ឋកិច្ច វប្បធម៌ សង្គមធម៌ និងជីវភាពសង្គម ក៏ដូចជា សុខភាពសតិអារម្មណ៍ ផ្លូវកាយ ផ្លូវចិត្តរបស់បុគ្គល ត្រូវបានធ្លាក់ចុះ ប្រែប្រួល និងកែប្រែទម្លាប់គួរឱ្យ កត់សម្គាល់។ ជាមួយនេះការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏ដូចជាការដោះស្រាយនូវបញ្ហាផ្សេងៗ ដែលពាក់ព័ន្ធនឹងគ្រឿងញៀន ក៏បាននិងកំពុងប្រឈមជាមួយនឹងការលំបាកជាច្រើន ដូចវិស័យផ្សេងៗ ផងដែរ។ ក្នុងន័យនេះ ប្រធានបទរបស់អង្គការ យូ អ៊ុន អូ ឌី ស៊ី (UNODC) ក្នុងឆ្នាំនេះ គឺមាន គោលបំណងអំពាវនាវលើកទឹកចិត្តនិងជំរុញដល់បណ្តារដ្ឋជាសមាជិកទាំងអស់ ឱ្យបន្ដផ្ដោតការយក ចិត្តទុកដាក់បន្ថែមទៀត ក្នុងការដោះស្រាយបញ្ហាគ្រឿងញៀនឱ្យកាន់តែមានប្រសិទ្ធភាព ដោយផ្អែក លើគោលការណ៍សុខភាព និងមនុស្សធម៌ជាមូលដ្ឋានចម្បង។
ជាការពិតមកដល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជាពិតជាទទួលបានជោគជ័យនិងមានមោទនភាព ក្រៃលែងដែលបានបង្ការ ទប់ស្កាត់ គ្រប់គ្រង និងជួយសង្គ្រោះជីវិតប្រជាជនកម្ពុជាបានស្ទើរតែទាំងស្រុងពី គ្រោះមហន្តរាយដល់អាយុវជីវិតនៃការឆ្លងរាតត្បាតជំងឺកូវីដ-១៩ ក្រោមគោលនយោបាយចាក់ស្រោច វ៉ាក់សាំងដល់ប្រជាជនកម្ពុជា ១០០% និងបន្តចាក់ដូសជំរុញជាបន្តបន្ទាប់រហូតមកនេះ។ ភាពជោគជ័យ នេះ មិនត្រឹមតែអាចជួយសង្គ្រោះជីវិតប្រជាជនយើងពីការស្លាប់ប៉ុណ្ណោះទេ តែក៏ជាការផ្តល់ឱកាសដ៏ មានតម្លៃដល់រាជរដ្ឋាភិបាល ក៏ដូចជាប្រជាជនគ្រប់រូបក្នុងការវិលត្រឡប់មករកប្រក្រតីភាពនៃជីវភាព សង្គម សេដ្ឋកិច្ច និងបើកដំណើការប្រទេសតាមគន្លងប្រក្រតីភាពថ្មីឡើងវិញ ក្នុងនោះរួមទាំងការងារ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ទាំងលើផ្នែកព្យាបាល ស្តារនីតិសម្បទា ការងារផ្សព្វផ្សាយ អប់រំ និងការងារ អនុវត្តច្បាប់ដោយបានចាត់វិធានការតាមគ្រប់មធ្យោបាយនិងលទ្ធភាព ដើម្បីធ្វើការទប់ស្កាត់និងបង្ក្រាប បានទាន់ពេលវេលានូវរាល់ការប៉ុនប៉ង ផលិត កែច្នៃ រក្សាទុក ជួញដូរ និងចរាចរគ្រឿងញៀនខុសច្បាប់
ទាំងមកពីខាងក្រៅនិងនៅផ្ទៃក្នុងប្រទេស ហើយក្រុមឧក្រិដ្ឋជននិងជនល្មើសជាច្រើននាក់ដោយរួមទាំង មេក្លោងធំៗ និងបណ្តាញជួញដូរគ្រឿងញៀនទាំងក្នុងស្រុក និងឆ្លងដែនមួយចំនួនត្រូវបានចាប់ខ្លួន។
សូមកអានខ្លឹមសារទាំងស្រុងដូចខាងក្រោម ៕
ដោយ៖ សិលា